អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​ហ្វីលីពីន បញ្ជា​ឲ្យ​រដ្ឋាភិបាល​ផ្អាក​គម្រោង​តម្កល់សព​មេដឹកនាំ​ផ្តាច់ការ​Marcos នៅ​កន្លែង​វីរបុរស
23, Aug 2016 , 5:24 pm        
រូបភាព
ដោយ:
តុលាការ​កំពូល​ហ្វីលីពីន នៅ​ថ្ងៃ​អង្គារ​ទី​២៣ ខែសីហា​នេះ បានចេញ​ដីកា​បង្គាប់បញ្ជា​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន​ពន្យារពេល​ក្នុងការ​ដំណើរការ​បញ្ចុះសព​រប​ស់​អតីត​ប្រធានាធិបតី​ហ្វីលីពីន ដែល​ស្គាល់​ថា​ជា​មេដឹកនាំ​មេ​ផ្តាច់ការ  Ferdinand Marcos នៅ​កន្លែង​សម្រាប់​បញ្ចុះ​សាកសព​វីរៈបុរស​ហ្វីលីពីន​សិន​។ ដីកា​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​ប្រជាជន​ហ្វីលីពីន​រាប់រយ​បានចេញ​មុខ​តវ៉ា​លើ​គម្រោង​រដ្ឋាភិបាល​មួយ​នេះ​។ 



​អ្នកនាំពាក្យ​តុលាការ​កំពូល Theodore Te បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​ហ្វីលីពីណ​ទាំង​១៥​រូប បាន​បង្គាប់​ឲ្យ​រដ្ឋាភិបាល​កុំ​ទាន់​មាន​ចំណាត់ការ​ផ្សេងៗ​លើ​ដំណើរការ​នៃ​ការបញ្ចុះ​សាកសព​អតីត​ប្រ​ធានា​ធិ​ប​ហ្វីលីពីន​ក្នុង​រយៈពេល​២០​ថ្ងៃ​សិន​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Reuters​។

សូម​ជម្រាប​ផងដែរ​ថា អតីត​ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos ដែល​ស្លាប់​នៅ​ឆ្នាំ​១៩៨៩ ហើយ​សាកសព​នៅ​មិនទាន់​បញ្ចុះ​នៅឡើយ​នោះ បាន​ដឹកនាំ​ប្រទេស​ចាប់ពី​ឆ្នាំ​១៩៦៩​ដល់​ឆ្នាំ​១៩៨៦​។ របប​ដឹកនាំ​ហ្វីលីពីន​របស់លោក ត្រូវបាន​មើលឃើញថា​ជា​របប​ដឹកនាំ​ផ្តាច់ការ និង​អាក្រក់​បំផុត​ក្នុង​ប្រវត្តិ​នយោបាយ​ហ្វីលីពីន ដ្បិត​គោលនយោបាយ​រឹតត្បិត និង​ការធ្វើ​ទុក​បុក​ម្នេញ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​របស់លោក​។ បន្ថែម​ពីនេះ របប​ដឹកនាំ​របស់លោក ក៏ត្រូវ​បាន​រីក​សុះសាយ​នៃ​អំពើពុករលួយ និង​បន្សល់​បំណុល​ជាតិ​ជាច្រើន​លាន​ទៀតផង​។​

នៅ​ថ្ងៃទី​១៤ ខែសីហា​កន្លងទៅ ប្រជាជន​ហ្វីលីពីន​រាប់រយ​នាក់ បាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​បាតុកម្ម​ប្រឆាំងនឹង​សេចក្តីអនុម័ត​របស់លោក​ប្រធានាធិបតី Rodrigo Duterte ដែល​បានអនុញ្ញាត​ឲ្យ​បញ្ចុះ​សាកសព​មេដឹកនាំ​ផ្តាច់ការ​ហ្វីលីពីន​គឺ​អតីត​ប្រធានាធិបតី Ferdinand Marcos នៅ​កន្លែង​បញ្ចុះសព​របស់​វីរៈបុរស​នៃ​ប្រទេស​ហ្វីលីពីន​។ ពួកគេ លើកឡើងថា លោក Marcos មិនមែនជា​វីរៈបុរស​នោះទេ និង​ជា​រឿង​«​អយុត្តិធម៌​»​សម្រាប់​ជនរងគ្រោះ​សិទ្ធិមនុស្ស​រាប់ពាន់នាក់​ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​របប​ផ្តាច់ការ​របស់​អតីត​ប្រធានាធិបតី Ferdinand Marcos​។​

កិច្ចការ​នៃ​ការបញ្ចុះ​សាកសព​នេះ គឺជា​បន្ទុក​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​ហ្វីលីពីន ដែល​ត្រូវបាន​បញ្ជា​ដោយ​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ​។ បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​០៨ ខែសីហា​កន្លងទៅ លោក Delfin Lorenzana រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន បាន​អះអាងថា​លោក បាន​បញ្ជា​ឲ្យ​កងកម្លាំង​របស់លោក​រៀ​ប​ចំ​បញ្ចុះ​សាកសព​នោះ​តាម​បញ្ជា​របស់លោក​ប្រ​ធានា​ធីប​តី​នៅ​ខែក្រោយ​នេះហើយ​។​

តាមពិត​ពាក់ព័ន្ធ​នឹង​ការបញ្ចុះ​សាកសព​មេដឹកនាំ​ផ្តាច់ការ Ferdinand Marcos ត្រូវបាន​លើកឡើង​ដោយ​លោក Rodrigo Duterte តាំងពី​អំឡុងពេល​នៃ​ការឃោសនាបោះឆ្នោត​មកម្ល៉េះ​។ ក្នុងពេលនោះ លោក Duterte សន្យាថា លោក នឹង​បញ្ចុះ​សាកសព​របស់​អតីត​ប្រធានាធិបតី Ferdinand Marcos នៅ​កន្លែង​សម្រាប់​បញ្ចុះ​សាកសព​របស់​វីរៈបុរស​នៃ​ប្រទេស​ហ្វីលីពីន ពេល​លោក​ក្លាយជា​ប្រធានាធិបតី​។ ពេលនោះ​ដែរ លោក Duterte បាន​បញ្ជាក់ថា លោក Ferdinand Marcos សាក​សម​នឹង​បញ្ចុះ​នៅ​ទីនោះ ដ្បិត មេដឹកនាំ​ផ្តាច់ការ​រូបនោះ ក៏​ធា្ល​ប់​ធ្វើជា​ប្រធានាធិបតី​ហ្វីលីពីន​ដែរ​។ បន្ថែម​ពីនេះ លោក Dutete ក៏បាន​ច្រានចោល​ការជំទាស់​ផ្សេងៗ ដោយ​លោក លើកឡើងថា «​គ្មាន​នរណាម្នាក់ មិនមាន​កំហុស​នោះទេ ក្នុងនាម​ជា​មនុស្សលោក​នោះ​»៕





© រក្សាសិទ្ធិដោយ thmeythmey.com