អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន​៖ ឪពុក​ចាក់​សម្លាក់​កូនប្រុស ដោយសារ​មិន​ព្រម​រៀន​
24, Aug 2016 , 8:19 am        
រូបភាព
 
 
​រឿងហេតុ​គួរ​ឲ្យ​តក់ស្លុត​មួយ​បាន​កើតឡើង​នៅឯ​ទឹកដី​ជប៉ុន ដោយ​ឪពុក​ម្នា​ក់បាន​ចាក់​សម្លាប់​កូនប្រុស​ខ្លួនឯង​។ សារព័ត៌មាន​ជប៉ុន បាន​ផ្សាយ​ថា បុរស​នោះ​ចាក់​សម្លាប់​កូនប្រុស ដោយសារតែ​កូនប្រុស​ខ្លួន​មិនបាន​រៀនសូត្រ សម្រាប់​ត្រៀមប្រលង​ចូល​អនុវិទ្យាល័យ​។

 
​សារព័ត៌មាន​ក្នុងស្រុក​ជប៉ុន ចុះផ្សាយ​នៅ​ថ្ងៃទី​២៣ ខែសីហា ថា បុរស​វ័យ​៤៨​ឆ្នាំ​ម្នាក់ បាន​ចាក់​សម្លាប់​កូនប្រុស​ដែលមាន​អាយុ​១២​ឆ្នាំ បន្ទាប់ពី​បុរស​ជា​ឪពុក​នោះ មិន​សប្បាយ​ចិត្តនឹង​កូនប្រុស ដែល​មិនបាន​រៀន​សម្រាប់​ត្រៀមប្រលង​ចូល​អនុវិទ្យាល័យ​ឯកជន​មួយកន្លែង​ក្នុង​ទីក្រុង Nagoya​។ សារព័ត៌មាន NHK ផ្សាយ​ថា Kengo Satake សារភាពថា រូបគេ​បាន​ឈ្លោះ​ជាមួយ​កូនប្រុស ដ្បិត​កូនប្រុស មិនបាន​រៀន​ត្រៀម​សម្រាប់​ប្រលង​។​
 
​ប៉ូលិស​ប្រចាំ​តំបន់ Aichi ក្នុង​ទីក្រុង Nagoya បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា បន្ទាប់ពី​កើតហេតុ កុមារ Ryota ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាលពី​ថ្ងៃទី​២១ ខែសីហា ប៉ុន្តែ​រូបគេ​បាន​បាត់​បង់ជីវិត ដោយសារ​ខ្សោះ​ឈាម​។ អ្នកនាំពាក្យ​ប៉ូលិស​ម្នាក់ ក៏​និយាយ​ដែរ​ថា បុរស​ជា​ឪពុក​បាន​ចាក់​កូនប្រុស​របស់ខ្លួន ត្រង់​ដើមទ្រូង​ដោយ​ប្រើ​កាំបិត ហើយក៏​ត្រូវ​ចាប់ខ្លួន​។​
 
​បុរស Kengo Satake បាន​ប្រាប់​ប៉ូលិស​ថា រូបគេ​ចាក់​កូនប្រុស​នឹង​កាំបិត គឺជា​រឿង​អ​ចេតនា​ប៉ុណ្ណោះ​។ មួយវិញទៀត សារព័ត៌មាន NHK បាន​ស្រង់​សំដី​អ្នក​ដែល​ស្គាល់​គ្រួសារ​ខាងលើ ថា កុមារ Ryota មានបំណង​ចូលរៀន​សាលា​ឯកជន​នាំមុខគេ​នៅ​តំបន់ Aichi ហើយ​ឪពុក​របស់គេ តែងតែ​បន្ទោស​រូបគេ​លើ​ការសិក្សា​រហូតមក​។ ចំណែក​សារព័ត៌មាន Asahi Shimbun ផ្សាយ​ដែរ​ថា ពេល​កើតហេតុ ម្ដាយ​កុមារ​នេះ ស្ថិតនៅ​កន្លែងធ្វើការ​ឯណោះ ទើប​មិនដឹងថា ប្ដី​របស់ខ្លួន ចាក់​សម្លាប់​កូនប្រុស​។​
  
​តាមពិតទៅ ការប្រលង​ចូលរៀន​សាលា​ល្បីឈ្មោះ គឺជា​ការ​ប្រជែង​ដ៏​តានតឹង​សម្រាប់​ពលរដ្ឋ​ជប៉ុន​។ ការចូល​រៀន​នៅ​សាលា​ល្បីឈ្មោះ ជា​កត្តា​ដ៏​សំខាន់​ដែលមាន​ឥទ្ធិពល​ដល់​អនាគតរ​បស់​ក្មេងៗ​ជប៉ុន ដែល​នេះ​តម្រូវ​ឲ្យ​ពួកគេ​ត្រូវ​ប្រឹងប្រែង​រៀន​ត្រៀម ដើម្បី​ប្រលង​ជាប់​សាលា​ល្អ​។ ជាមួយគ្នា​នោះ ឪពុកម្ដាយ​ភាគច្រើន ក៏បាន​បង្ខំ​កូន​របស់ខ្លួន ដែល​នោះ​ជាការ​ដាក់​សម្ពាធ​ខ្លាំង​លើ​កុមារ​ជប៉ុន​៕ 
 
       
    

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com