អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
របប​សឹក​ថៃ​៖ ព្រឹ​ត្តិការណ៍​បង្ហូរឈាម «​ខែឧសភា​ពណ៌​ខ្មៅ​» មិនអាច​កើតឡើង​ជាថ្មី​ឡើយ
24, Aug 2016 , 8:39 am        
រូបភាព
ដោយ:
 
​បើទោះជា​ប្រជាមតិ​ថ្ងៃទី​០៧ ខែសីហា បានបង្ហាញ​ឲ្យ​ឃើញច្បាស់​ហើយ​ថា​ប្រជាពលរដ្ឋ​ថៃ​ភាគច្រើន​ទទួលយក​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​ធ្វើឡើង​ក្នុង​របប​ដឹកនាំ​ដោយ​រដ្ឋាភិបាលយោធា​ក៏ដោយ ក្តីកង្វល់​លើ​បញ្ហា​រដ្ឋធម្មនុញ្ញ​មិនទាន់​បញ្ចប់​នៅឡើយ​នោះទេ​។ នោះ ក៏​ព្រោះ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នោះ ទុក​លទ្ធភាព​ឲ្យ​យោធា​សម្រាប់​កាន់អំណាច​ដដែល ហើយ អ្វីដែល​គេ​ព្រួយបារម្ភ​ខ្លាំង​នោះ គឺ​ប្រជាជន​អាច​នឹង​ងើប​ចេញមក​តវ៉ា​ដូច​ព្រឹ​ត្ត​ការណ៍​«​ខែឧសភា​ពណ៌​ខ្មៅ​» ឬ «Black May»​។

​លោក Prawit Wongsuwon ឧបនាយករដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃទី​២២ ខែ​សីហា បាន​ច្រានចោល​ពី​ការព្រួយបារម្ភ​ថា ព្រឹត្តិការណ៍​ខែឧសភា​ពណ៌​ខ្មៅ ឆ្នាំ​១៩៩២ (Black May) អាច​ផ្ទុះឡើង​ជាថ្មីទៀត ដ្បិត សភាជាតិ បាននិងកំពុង​តែ​ជួយ​ពន្យារពេល​នៃ​ការ​កាន់អំណាច​របស់រ​បប​សឹក​ថៃ​តាមរយៈ​សំណួរ​បន្ថែម​នៅក្នុង​ការធ្វើប្រជាមតិ​។ សំណួរ​បន្ថែម​នោះ​គឺ ថា​តើ «​ព្រឹទ្ធសភា​នឹងចូលរួម​ជាមួយ​រដ្ឋសភា​ក្នុងការ​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​» តែ​មិនបាន​បញ្ជាក់ថា ព្រឹទ្ធសភា អាច​ចូល​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​នាយករដ្ឋមន្ត្រី​ដែលជា​អ្នក​ខាងក្រៅ​នោះទេ ដែល​នេះហើយ​ជា​ចន្លោះប្រហោង​មួយ​ដែល​បញ្ហា​បន្ទាប់ពី​ការធ្វើប្រជាមតិ​លើ​សេចក្តីព្រាង​ជារួម​។​
 
​ជុំវិញ​បញ្ហា​នេះដែរ នៅ​សប្តាហ៍​មុន អ្នកនាំពាក្យ​គណៈកម្មាធិការ​ព្រាង​រដ្ឋ​ធម្មនុញ្ញ​ថៃ ក៏បាន​បញ្ជាក់ថា គណៈកម្មាធិការ​ព្រាងរ​ដ្ឋ​ធម្មនុញ្ញ ត្រូវការ​ពេលវេលា​បន្ថែម​ច្រើន​ទៀត​ដើម្បី​សិក្សា​ពី​បញ្ហា​នេះ ហើយ​គណៈកម្មាធិការ អាច​នឹង​អញ្ជើញ​រដ្ឋសភាជាតិ និង​សមាជិក​រដ្ឋសភា​ទទួល​បន្ទុក​កែទម្រង់​ជាតិ​ដើម្បី​មក​ពិភាក្សា និង​បកស្រាយ ដ្បិត​សំណួរ​បន្ថែម​នោះ គឺជា​គំនិត​ផ្តួចផ្តើម​របស់​ស្ថាប័ន​ទាំងពីរ​។ បើ​ព្រឹទ្ធសភា​ដែល​កើតចេញពី​ការតែងតាំង​សរុប​២៥០​នោះ អាច​ត្រូវ​បានផ្តល់​សិទ្ធិ​មែន​នោះ វា នឹង​ក្លាយជា​បញ្ហា​ថ្មី​មួយទៀត​។​
 
​បញ្ហា​នេះហើយ ដែល​ធ្វើ​ឲ្យ​មានការ​លើកឡើង​ពី​ការជាន់​ដាន​ប្រវត្តិសាស្ត្រ «Black May» ។ Black May គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​ប្រជាជន​ថៃ​រាប់ពាន់នាក់ នៅ​ថ្ងៃ​១៧-២០ ខែឧសភា ឆ្នាំ​១៩៩២ បាន​ផ្ទុះ​បាតុកម្ម​នៅក្នុង​រាជធានី​បាងកក​ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាលយោធារ​បស់​លោក​ឧ​ត្ត​ម​សេនីយ៍ Suchinda Kraprayoon ដែល​បានធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​នាយករដ្ឋមន្ត្រី​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ​១៩៩១​។ រដ្ឋាភិបាល​រដ្ឋប្រហារ​យោធា​នោះ បានចាត់ទុក​ខ្លួន​ថា​ជា ក្រុមប្រឹក្សា​ជាតិ​ដើម្បី​រក្សា​សន្តិភាព​(NPKC)​។ អ្វី​គួរកត់សម្គាល់​នោះ ឆ្លើយតប​នឹង​ការតវ៉ា​នៅពេលនោះ យោធា​បាន​បង្ក្រាប​បាតុករ​យ៉ាង​សាហាវ ដែល​បាន​ឲ្យ​បាតុករ​រាប់សិប​នាក់​បាន​ស្លាប់​ទៀតផង​។ 
 
​យ៉ាងណាក៏ដោយ លោក​ឧ​ត្ត​ម​សេនីយ៍ Prawit Wongsuwon ដែលជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​ផងដែរ​នោះ បាន​អះអាងថា ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់ (NCPO) ដែលមាន​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ អូ​ចា​ជា​ប្រមុខ​បច្ចុប្បន្ន គឺ​ខុសគ្នា​ទៅនឹង​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​រក្សា​សន្តិភាព​(NPKC)​របស់លោក​ឧ​ត្ត​ម​សេនីយ៍ Suchinda Kraprayoon​។ ហើយ​លោក បានចាត់ទុក​ការព្រួយបារម្ភ​នោះ ផ្អែក​តាម​ការ​ស្រមើ​ស្រ​ម៉ៃ​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Bangkok Post ។​
 
​សូម​ជម្រាប​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា បាន​ឡើងអំណាច​ជា​នាយករដ្ឋមន្ត្រី​ថៃ បន្ទាប់ពី​លោក បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​ថ្ងៃទី​២២​ខែឧសភា ឆ្នាំ​២០១៤ ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា​។ លោក អាច​បន្ត​តំណែង​មកដល់​បច្ចុប្បន្ន​ក្នុងនាម​ជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់ (NCPO) ដែលមាន​តួនាទី​ក្នុងការ​ដឹកនាំ​ប្រទេស​រយៈពេល​បណ្តោះអាសន្ន​៕
 

Tag:
 ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com