អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Sarkozy នឹង​ប្រឡូក​ចូល​ប្រជែង​តំណែង​ប្រធានាធិបតី​បារាំង​ជាថ្មី​
24, Aug 2016 , 9:19 am        
រូបភាព
 ​អតីត​ប្រធានាធិបតី​បារាំង លោក Nicolas Sarkozy បានបង្ហាញ​មហិច្ឆតា​របស់លោក ក្នុងការ​ត្រលប់​ទៅកាន់​វិមាន Elysee ដោយបាន​ប្រកាសថា លោក​នឹងចូលរួម​ប្រជែង​ការបោះឆ្នោត​ប្រធានាធិបតី ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០១៧​។ លោក Sarkozy  នឹង​ស្វែងរក​ការតែងតាំង​ជា​បេក្ខជន​ពី​សំណាក់​គណបក្ស​របស់លោក មុននឹង​ចាប់ផ្ដើម​យុទ្ធនាការ​ស្វែង​សំឡេងឆ្នោត​។

 
«​ខ្ញុំ​បានសម្រេច​ចិត្ត​ធ្វើជា​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៧​។​» នេះ​ជាការ​ប្រកាស​របស់លោក Nicolas Sarkozy អតីត​ប្រធានាធិបតី​បារាំង ដែល​កំពុង​ស្វែងរក​កាន់តំណែង​ខ្ពស់បំផុត​នេះ​ជា​លើក​ទី​ពីរ​។ លោក Sarkozy បាន​សរសេរ​ដូចនេះ​លើ​បុព្វកថា​នៃ​សៀវភៅ​ថ្មី​របស់លោក ដែលមាន​ចំណងជើង​ថា Tout pour la France (All for France)​។ ជំហាន​បន្ទាប់​នោះ គឺ​លោក​ត្រូវការ​ការឯកភាព​ពី​គណបក្ស​សម្រាប់​ក្លាយជា​បេក្ខជន​មួយរូប​។​
 
​លោក Sarkozy ដែល​បាន​ចាញ់​ប្រធានាធិបតី​បច្ចុប្បន្ន​លោក Francois Hollande គឺជា​អ្នក​រិះគន់​លោក Hollande យ៉ាង​ចាស់ដៃ បន្ទាប់ពី​ការ​វោ​ល​ចូល​ឆាកនយោបាយ​វិញ​ក្នុង​ឆ្នាំ​២០១៤​។ បុរស​វ័យ​៦១​ឆ្នាំ​រូប បាន​វាយប្រហារ​ខ្លាំង​លើ​ការដឹកនាំ​របស់លោក Hollande ជាពិសេស​លើ​បញ្ហា​សន្តិសុខ ខណៈដែល​បារាំង​រង​ការវាយប្រហារ​ភេរវកម្ម​យ៉ាង​ញឹកញាប់​។ លោក​ទទូច​ឲ្យ​មានការ​ពង្រឹង​បញ្ហា​អន្តោប្រវេសន៍ រឹតបន្តឹង​ការ​បោសសម្អាត​ជនសង្ស័យ​រដ្ឋ​ឥស្លាម ក៏ដូចជា​បញ្ឈប់​ការធ្លាក់ចុះ​នៃ​អត្តសញ្ញាណ​បារាំង​ដែរ​។​
 
​ទីប្រឹក្សា​របស់លោក Sarkozy បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា លោក Sarkozy លាលែង​តំណែង​ជា​ប្រធាន​បក្ស​សាធារណរដ្ឋ នៅ​ថ្ងៃទី​២២ ខែសីហា​ដើម្បី​ផ្ដោតលើ​យុទ្ធនា​ការបោះឆ្នោត​។ ចំណែក​លោក Sarkozy ផ្ទាល់​ក៏បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter ថា សៀវភៅ​ដែល​នឹង​ចេញផ្សាយ​ពេលខាងមុខ គឺជា​ចំណុច​ចាប់ផ្ដើម​ហើយ​។ លោក​បន្តថា ប្រាំ​ឆ្នាំ​បន្ទាប់ នឹង​ពោរពេញ​ទៅដោយ​គ្រោះថ្នាក់ ប៉ុន្តែ​ក្ដីសង្ឃឹម​ក៏មានដែរ​។ 
 
​ក្នុង​ដំណើ​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ឆ្នាំ​២០១៧ លោក Sarkozy ត្រូវ​ប្រជែង​នឹង​បេក្ខជន​ផ្ទៃក្នុង​បក្ស​ជាមុនសិន ដោយ​លោក​ត្រូវ​ប្រជែង​ជាមួយនឹង​អតីត​នាយករដ្ឋមន្ត្រី លោក Alain Juppe ដែល​ត្រូវគេ​មើលឃើញថា ជា​មនុស្សនិយម​កណ្ដាល ស្របពេល​លោក Sarkozy ជា​អ្នក​អភិរក្សនិយម​។ ប៉ុន្តែ​ប្រជាប្រិយភាព​របស់លោក Sarkozy ហាក់​កើនឡើង​មួយកម្រិត ដោយសារតែ​គោលនយោបាយ​ប្រឆាំងនឹង​ចលនា​ឥស្លាម​ជ្រុលនិយម និង​អន្តោប្រវេសន៍​។ 
 
​ប្រសិនបើ​លោក Sarkozy ទទួលជោគជ័យ​ក្នុង​បក្ស លោក​ទំនងជា​ត្រូវ​ប្រជែង​ជា​លើក​ទី​ពីរ ទល់នឹង​លោក Hollande ដ្បិត​លោក Hollande ក៏បាន​បង្ហាញ​បំណង​ប្រជែង​កៅអី​ប្រធានាធិបតី​បារាំង​សម្រាប់​អាណត្តិ​ទី​ពីរ​ដែរ​។ ក្រៅពី​លោក Hollande លោក Sarkozy ក៏ត្រូវ​ប្រជែង​ជាមួយ​បេក្ខជន​ស្ដាំនិយម​លោកស្រី Marine Le Pen ដែល​ត្រូវ​កត់សម្គាល់ថា ជា​បេក្ខជន​មាន​សក្ដានុពល​ម្នាក់​ដែរនោះ​៕   
 
   

Tag:
 បារាំង​
  Nicolas Sarkozy
© រក្សាសិទ្ធិដោយ thmeythmey.com