អន្តរជាតិ
យន្តហោះ B-52 ត្រលប់ទៅកម្ទេចភេរវជននៅអាហ្វហ្កានីស្ថានវិញ
× សហរដ្ឋអាមេរិកបានសម្រេចបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់ប្រទេសអាហ្វហ្កានីស្ថានឡើយវិញ ដើម្បីគាំទ្រកងទ័ព និងវាយប្រហារលើក្រុមភេរវជននៅទីនោះ។ នេះជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ហើយដែលយន្តហោះទម្លាក់គ្រាប់ B-52 នេះចេញប្រតិបត្តិការនៅអាហ្វហ្កានីស្ថាន។
យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 បានត្រឡប់ទៅបំពេញប្រតិបត្តិការកម្ចាត់ភេរវកម្មនៅអាហ្វហ្កានីស្ថានឡើងវិញហើយ។ យន្តហោះនេះចាប់ផ្តើមបំពេញប្រតិបត្តិការលើកដំបូងបំផុតនៅទឹកដីអាហ្វហ្កានីស្ថានក្នុងរយៈពេល ១០ ឆ្នាំនេះ។
យោងតាមសារព័ត៌មាន Sputnik នាយសេនាធិការកងទ័ពអាកាស David L. Goldfein បានលើកឡើងថា៖« យើងបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ត្រឡប់ទៅច្បាំងនៅអាហ្វហ្កានីស្ថាននិងអ៊ីរ៉ាក់វិញហើយ។ B-52 បានចូលរួមចំណែកក្នុងការប្រយុទ្ធនៅលើដី និងសម្រួលដល់គាំទ្រកងទ័ពដែលស្ថិតនៅក្រោមការវាយប្រហារ»។
បើតាមមន្ត្រីយោធាជាន់ខ្ពស់ខាងលើ យន្តហោះទម្លាក់គ្រាប់ B-52 ទាំងនោះត្រូវបញ្ជូនទៅទម្លាក់គ្រាប់បែក២៧ គ្រាប់ដើម្បីប្រឆាំងភេរវកម្មនៅក្នុងប្រទេស។ ប៉ុន្តែទ័ពអាកាសមិនបានប្រកាសឲ្យដឹងថា យន្តហោះចាស់វស្សានេះចាប់ផ្តើមប្រតិបត្តិការនៅអាហ្វហ្កានីស្ថានពីពេលណាទេ។ ប៉ុន្តែការបញ្ជូនយន្តហោះយុទ្ធសាស្ត្រនេះទៅច្បាំងវិញនៅអាហ្វហ្កានីស្ថានបង្ហាញពីយុទ្ធសាស្ត្ររបស់ក្រុងវ៉ាស៊ីនតោនក្នុងការពង្រីកតួនាទីខ្លួននៅអាហ្វហ្កានីស្ថាននិងដោះស្រាយការកើនឡើងនៃបញ្ហាអស្ថិរភាពនោះ។
ក្រៅពីអាហ្វហ្កានីស្ថាន លោក David L. Goldfein បានបង្ហាញថាយន្តហោះ B-52 នៅមូលដ្ឋានទ័ព Al Udeid នៅកាតា បានចូលរួមក្នុងប្រតិបត្តិការទម្លាក់គ្រាប់បែកប្រហែល ១៣០០គ្រាប់ប្រឆាំងក្រុមភេរវជនដែស្ហឬក្រុមរដ្ឋឥស្លាមនៅស៊ីរី និងអ៊ីរ៉ាក់កន្លងមក។
យន្តហោះទម្លាក់គ្រាប់បែក B-52 នេះល្បីល្បាញតាំងពីសម័យសង្គ្រាមត្រជាក់មកម្ល៉េះ ហើយវាបានចូលបម្រើវិស័យោធាដំបូងបំផុតចាប់តាំងពីលោក ប្រធានាធិបតី Eisenhower ស្ថិតនៅក្នុងតំណែង។ យន្តហោះនេះកាន់តែល្បីល្បាញនៅពេលដែលវាចេញទម្លាក់គ្រាប់ប្រឆាំងទ័ពកុម្មុយនីស្តនៅឥណ្ឌូចិនផងដែរ។ ប្រតិបត្តិការចុងក្រោយរបស់យន្តហោះទម្លាក់គ្រាប់ B-52 គឺប្រតិបត្តិការព្យុះសមុទ្រខ្សាច់ដែលធ្វើឡើងដើម្បីប្រឆាំងអ៊ីរ៉ាក់នៅទស្សវត្សរ៍ឆ្នាំ ១៩៩០នោះ។ ហើយបន្តមកយន្តហោះនេះក៏មានចំណែកកម្ទេចក្រុមភេរវជនតាលីបង់ និងក្រុមអាល់កៃដានៅអាហ្វហ្កានីស្ថានផងដែរ៕
Tag:
B-52
អាហ្វហ្កានីស្ថាន
David L. Goldfein
© រក្សាសិទ្ធិដោយ thmeythmey.com