ជាតិ
EU រៀបចំ​ការប្រកួត​និពន្ធ​អត្ថបទ​លើក​ទី​៣ នៅ​កម្ពុជា​
24, Aug 2016 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្ថានទូត​អឺរ៉ុប​ប្រចាំ​កម្ពុជា (EU) សហការ​ជាមួយ​សមាគមយុវជន​ខ្មែរ (KYA) រៀបចំ​ការប្រកួត​និពន្ធ​អត្ថបទ​លើក​ទី​៣ ដើម្បី​លើកកម្ពស់​ទស្សនៈ​យុវជន​នៅ​កម្ពុជា​។ យុវជន​អាច​ជ្រើសរើស​ប្រធាន​មួយ​ក្នុងចំណោម ៣ និពន្ធ​ផ្ញើជូន​គណៈកម្មការ​វាយតម្លៃ យ៉ាង​សុក្រឹត ចាប់ពី​ថ្ងៃទី​ខែសីហា​នេះ រហូតដល់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៦​។​



​ស្ថានទូត​អឺរ៉ុប​ប្រចាំ​កម្ពុជា បានជ្រើសរើស​ប្រធានបទ​ចំនួន ៣ ឲ្យ​សិស្ស និស្សិត​ទាំងពីរ​មាន​អាយុ​ចន្លោះ​ពី ១៨​ឆ្នាំ ដល់ ២៦​ឆ្នាំ បញ្ចេញ​ទស្សនៈ​ប្រកួតប្រជែង​អត្ថបទ ក្នុង​ឆ្នាំ ២០១៦​នេះ​។ ប្រធានបទ​ទាំងបី​នោះ រួមមាន ១, តើ​សមាគម​អាស៊ាន​គួរ​មាន​លក្ខណៈ​ដូច​សហភាព​អឺរ៉ុប​ដែរ ឬទេ​? (Should ASEAN be like the EU?) ២, ហេតុអ្វី​បានជា​ធម្មជាតិ​គឺជា​បញ្ហា​ដែល​គួរ​យក ចិត្ត​ទុកដាក់​? (Why does nature matter?) និង​ទី​៣ តើ​យុវជន​គួរ​ធ្វើ អ្វីខ្លះ ដើម្បី​កែប្រែ អនាគត​ឲ្យ​មាន​ភាពល្អប្រសើរ​? (What can young people do to shape the future)?

​បេក្ខជន​និពន្ធ​អត្ថបទ​ខ្លី​ខ្លឹម ៩​រូប​នឹង​ទទួលបាន​រង្វាន់​ថវិកា​លើក​ចិត្ត​ពី EU ដូចជា ជ័យលាភី​លេខ​មួយ ៣​រូប រងា្វ​ន់​ស្មើនឹង​ថវិកា​ចំនួន ៣០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​នាក់ៗ រីឯ​បេក្ខជន​ទទួល​ចំណាត់​លេខ​ពីរ និង​លេខ​បី ទទួល​ថវិកា​លើកទឹកចិត្ត​ចំនួន ២០០​ដុល្លារ​ក្នុង​មួយ​នាក់ៗ លើ​ប្រធានបទ​នីមួយ​ផ្សេងៗ​គ្នា​។​

​ភារធារី​ស្តីទី​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក Alain Vandersmissen រំពឹងថា យុវជន​ខ្មែរ​នឹងចូលរួម​បញ្ចេញ​គំនិត​នានា​របស់​ពួកគេ​តាមរយៈ​អត្ថបទ ក្នុង​កម្មវិធី EU essay contest 2016​នេះ ដើម្បី​ជួយ​អភិវឌ្ឍ​គោលនយោបាយ​ក្នុងសង្គម កាន់តែ​ប្រសើរ​។​

«​វា​មិនមែន​ការប្រកួតប្រជែង​យកលុយ​ទេ តែ​យើង​ចង់​ឲ្យ​យុវជន​បញ្ចេញ​គំនិត​ខ្លី​ខ្លឹម​ជួយ​សង្គម​របស់គាត់​។ យើង​ជឿជាក់ថា យុវជន​នឹង​បញ្ចេញ​គំនិត តាមរយៈ​ប្រធាន​ទាំងអស់នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Alain Vandersmissen ដែល​នឹង​បញ្ចប់​បេសកកម្ម ៤​ឆ្នាំ​នៅ​កម្ពុជា សប្តាហ៍​ក្រោយ​។ បើតាម​ភារធារី​ស្តីទី​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​រូបនេះ បេក្ខជន​ត្រូវ​សរសេរ​អក្សរ​ជា ៣​ភាសា​គឺ អង់គ្លេស បារាំង និង​អាល្លឺម៉ង ព្រោះ EU ចង់ដឹង​សមត្ថ​ភា​ប្រើប្រាស់​ភាសាបរទេស របស់​យុវជន​ខ្មែរ ក្នុង​ឆាក​អន្តរជាតិ​។ ហើយ​ថា បេក្ខជន​មិនត្រូវ​ប្រើពាក្យ​លើសពី ១២០០​ពាក្យ ក្នុង​អត្ថបទ​ឡើយ​។ ករណី​បេក្ខជន​មិន​គោរព​តាម​លក្ខខណ្ឌ​នេះ លោក​បញ្ជាក់ថា​៖«​សាស្ត្រាចារ្យ​គណៈកម្មការ​វាយតម្លៃ នឹង​ទម្លាក់​បេក្ខជន​ដោយ​ស្វ័យប្រវត្តិ​»​។​

​មិន​ខុសគ្នា​ពី​លោក​ភារធារី​ដែរ លោកស្រី សិទ្ធិ ហុង​គៀង ប្រធាន​សមាគមយុវជន​ខ្មែរ (KYA) បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃទី​២៤ ខែសីហា​នេះ ក្នុង​ស្ថានទូត EU ថា យុវជន​ត្រូវ​ប្រើប្រាស់​ពាក្យ​ក្នុង​អត្ថបទ​ឲ្យ​ខ្លី​ខ្លឹម និង​ច្បាស់លាស់ ទើប​ពួកគេ​ទទួល​ការវាយតម្លៃ​ខ្ពស់​ពី​គណៈកម្មការ​។​

​សម្រាប់​ព័ត៌មាន​លម្អិត យុវជន​មាន​ចង់​ប្រកួតប្រជែង​អាចទាក់ទង​កញ្ញា គីម ហេង មន្ត្រី KYA តាមរយៈ​ទូរ​សព្ទ​លេខ ០១២ ២៩០ ៧៥០ និង​អ៊ី​ម៉ែ​ល [email protected]


Tag:
 អឺរ៉ុប​
  តែង​និពន្ធ​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com