អន្តរជាតិ
ជំហរ​លោក Duterte នឹងមិន​ធ្វើ​ឲ្យ​កិច្ចប្រជុំ​ក្រុង​វៀងចន្ទន៍​ក្លាយជា​«​សមរភូមិ​ការទូត​»?
24, Aug 2016 , 9:19 pm        
រូបភាព
ដោយ:
​ដោយសារ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង សមាជិក​អាស៊ាន ដែលមាន​ពាក់ព័ន្ធ​ជម្លោះ និង​មិនមាន​ពាក់ព័ន្ធ​ជម្លោះ មិនសូវ​មើលមុខ​គ្នា​ចំ​ប៉ុន្មាន​នោះទេ​។ ហើយ វា តែងតែ​បង្ក​ឲ្យ​មានការ​ចោទ​គ្នា​ថា រដ្ឋ​មួយចំនួន មាន​ជំហរ​លម្អៀង​ទៅរក​ចិន​ដែលជា​ភាគី​ដ៏​ធំ​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយនឹង​រដ្ឋ​អាស៊ាន​។ តែ​ចុង​ក្រោយនេះ ប្រធានាធិបតី​ហ្វីលីពីន​ថ្មី បានបង្ហាញ​គោលជំហរ​ថ្មី ដោយ លោក នឹង​ចរចា​ជាមួយនឹង​ចិន ហើយ មិន​និយាយ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ឡើយ​។ តើ​វៀតណាម​ដែល​តែងតែ​ប្រកៀក​ស្មា​ជាមួយ​ហ្វីលីពីន​អុកឡុក​កិច្ចប្រជុំ​អាស៊ាន​ត្រូវបាន​បាត់បង់​ដៃគូ​?



​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ (Rodrigo Duterte) នាពេល​ថ្មីៗ​នេះ បាន​ថ្លែង​ជា​បន្តបន្ទាប់​ទៅកាន់​អ្នកសារព័ត៌មាន ថា លោក នឹងមិន​នាំយក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ជាពិសេស​នោះ សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ដែល​តុលាការអន្តរជាតិ​កាត់​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន​នៅក្នុង​កិច្ចប្រជុំ​កំពូល​ក្នុង​តំបន់ ឬ​កិច្ចប្រជុំ​អាស៊ាន​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​០៦-០៨ ខែកញ្ញា​នេះឡើយ​។ លោក​ប្រធានាធិបតី អះអាងថា លោក មិន​ចង់​ធ្វើ​ឲ្យ​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ក្នុង​តំបន់​នេះ ត្រូវ​អាប់អួរ​ដោយសារតែ​បញ្ហា​របស់​ហ្វីលីពីន និង​ចិន​នោះទេ​។

​ជំហរ​ថ្មី​ហ្វីលីពីន បន្ធូរបន្ថយ​សម្ពាធ​ប្រធាន​អាស៊ាន​ឡាវ​
​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​១២ ខែកក្កដា កន្លងទៅ តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍ ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់ បានប្រកាស​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​តាម​បណ្តឹង​របស់​រដ្ឋបាល​អ​តី​ត​ប្រធានាធិបតី​ហ្វីលីពីន លោក ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ដោយ​បកស្រាយ ថា ការទាមទារ និង​សកម្មភាព​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មិនមាន​មូលដ្ឋាន​ផ្នែក​ច្បាប់​ឡើយ​។ ទោះ​ក្រោយ​ភ្លាមៗ​នៃ​ការប្រកាស​នោះ ចិន បានប្រកាស​មិន​ទទួលស្គាល់​យុត្តាធិការ និង​សាលក្រម ហ្វីលីពីន នៅតែមាន​សំណុំ​គតិយុត្ត​ដ៏​សា​វន្ត​នេះ​ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ការចរចា​។​

​យ៉ាងណាក៏ដោយ លោក​ប្រធានាធិបតី Rodrigo Duterte នៅ​ថ្ងៃទី​១៧ ខែសីហា​កន្លងទៅ បាន​បញ្ជាក់ថា លោក នឹងមិន​នាំយក​បញ្ហា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ក្រុង​វៀងចន្ទន៍ នៃ​ប្រទេស​ឡាវ​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​០៦-០៨ ខែកញ្ញា​ខាងមុខនេះ​។ លោក ថា លោក មិន​ចង់​បង្កើត​បរិយាកាស​នៅ​ទីនោះ​ត្រូវ​អាប់អួរ​នោះទេ​។​

​លោក Duterte ដែលមាន​ឈ្មោះ​ក្រៅ​ថា​«​អ្នក​ដាក់ទណ្ឌកម្ម​» ក៏បាន​បញ្ជាក់​ក្នុង​សន្និសីទកាសែត​យ៉ាង​ដូច្នេះ​ថា «​ទេ​, ខ្ញុំ នឹង​ដោះស្រាយ​បញ្ហា​តែ​តាមរយៈ​មួយ​ទល់​មួយ​(​ជាមួយ​ចិន​) តែប៉ុណ្ណោះ​...​ហើយ យើង​អាចបង្កើត​បរិយាកាស​មួយ​ដែលជា​កន្លែង​ដែល​យើង​អាច​អង្គុយ និង​និយាយ​គ្នា​ដោយផ្ទាល់​បាន​។​» នេះ​បើ​យោងតាម​សារព័ត៌មាន GMA News Online ដែល​ចុះផ្សាយ​ដែរ​ថា លោក​ប្រធានាធិបតី​រូបនោះ ក៏​មិន​ចង់​ធ្វើសង្គ្រាម​ប្រឆាំងនឹង​ចិន​លើ​បញ្ហា​អធិបតេយ្យ​នោះទេ​។​

​ជាងនេះទៅទៀត​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២៣ ខែសីហា ថា​តើ​ពេលណា​ដែល​លោក​ជជែក​ជាមួយនឹង​ចិន លោក​ប្រធានាធិបតី ប្រាប់ថា នឹង​ធ្វើឡើង​ក្នុងអំឡុងពេល​មួយឆ្នាំ​។ គួរកត់សម្គាល់​នោះ លោក​ប្រធានាធិបតី Duterte ទើបតែ​បញ្ជូន​បេសកជន​ពិសេស​របស់លោក គឺ​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Fidel Ramos ទៅ​ហុងកុង​នៃ​ប្រទេស​ចិន​ដែលជា​ជំហាន​ដំបូង​នៃ​ដំណើរ​ការចរចា​មិន​ផ្លូវការ​រវាង​ហ្វីលីពីន​-​ចិន​។

​ជំហរ​នេះ បានបង្ហាញ​ឲ្យ​ឃើញ​ពីរ​បត់​មួយ​នៃ​រដ្ឋបាល​រដ្ឋាភិបាល​ចាស់​ហ្វីលីពីន​ដែល​តែងតែបាន​បដិសេធ​ដាច់ខាត​មិន​ចរចា​ជាមួយនឹង​ចិន ខណៈ​ទៅ​ពឹង​អាមេរិក និង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ដូចជា​ជប៉ុន ដើម្បី​ពង្រឹងសមត្ថភាព​យោធា​ដើម្បី​តទល់​ជាមួយនឹង​ចិន​។ លើសពីនេះទៅទៀត ក្នុង​រដ្ឋបាល​ចាស់​ដដែល​នោះដែរ ហ្វីលីពីន ដែល​ប្រកៀក​ស្មា​ជាមួយនឹង​វៀតណាម តែងតែ​លើក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជា​របៀបវារៈ និង​ទាមទារ​ឲ្យ​ដាក់​ជា​បញ្ហា​នៅក្នុង​សេចក្តីថ្លែងការណ៍ ដោយ​ទទូច​ឲ្យ​មិត្ត​អាស៊ាន​ផ្សេងទៀត ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ចិន​ស្ទើរ​រាល់​កិច្ចប្រជុំ​កំពូល​អាស៊ាន​។ ព្រឹត្តិការណ៍​មួយ​ដែល​ជាក់ច្បាស់​នោះ​គឺ នៅក្នុង​ឆ្នាំ​២០១២ នៅពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន ហ្វីលីពីន និង​វៀតណាម បានទាមទារ​ឲ្យ​ដាក់​បញ្ញត្តិ​ដ៏​ចម្រូងចម្រាស​បំផុត​នៃ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​តំបន់​មិនទាន់​ដោះស្រាយ​គ្នា​ចប់​នៅឡើយ នៅក្នុង​សេចក្តីថ្លែងការណ៍​ដើម្បី​បំពេញ​បំណង​ភាគី​ទាំងពីរ​ក្នុងការ​ប្រឆាំង​ជាមួយ​ចិន​។

​យ៉ាងណាក៏ដោយ សមរភូមិ​ការទូត​ក្នុង​វេទិកា​អាស៊ាន ជាពិសេស​កិច្ចប្រជុំ​កំពូល​ក្នុង​ក្រុង​វៀងចន្ទន៍​នាពេលខាងមុខ​ដ៏​ខ្លី​នេះ នឹង​ត្រូវបាន​ធូរស្រាល​ជាថ្មី បើ​ប្រមុខរដ្ឋ​ហ្វីលីពីន​រូបនោះ អនុវត្តតាម​ការសន្យា​របស់ខ្លួន​មែន​នោះ​។ គួរ​រម្លឹក​ផងដែរ​ថា ការ​ងាក​ចេញពី​ជំហរ​រឹង​រុះ​របស់​ហ្វីលីពីន ត្រូវបាន​មើលឃើញថា ចាប់ផ្តើម​តាំងពី​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៤៩ ដែល​បាន​ប្រព្រឹត្តឡើង​នៅ​ខែកក្កដា​មកម្ល៉េះ​។ ការបន្ទន់​ឥរិយាបថ​នោះ​គឺ ហ្វីលីពីន មិន​ទាមទារ​ឲ្យ​រដ្ឋមន្ត្រីការបរទេស​អា​ស៊ាន​ទាំង​ដប់​ដាក់​បទបញ្ញត្តិ​«​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​»​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម ដែល​នេះ ហើយ​គឺជា​ការកែប្រែ​ជំហរ​ពី​រដ្ឋបាល​ចាស់ និង​ថ្មី​ហ្វីលីពីន​។

​តើ​ជំហរ​កម្ពុជា គឺជា​ចំំ​ណែ​កមួយ​នៃ​ជំហរ​ថ្មី​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន​?
​តាមពិតទៅ បើទោះបីជា​លោក​ប្រធានាធិបតី​ហ្វីលីពីន ចង់​លើក​បញ្ហា​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ទាញ​ការគាំទ្រ​ពី​មិត្ត​អាស៊ាន​ក៏ដោយ ការប៉ុនប៉ង​បែបនេះ មិន​ប្រាកដថា ទទួលបាន​លទ្ធផល​ផ្លែផ្កា​ដែរ​។ ផ្ទុយទៅវិញ បើ​លើក​បញ្ហា​នេះហើយ ធ្វើ​ឲ្យ​កិច្ចប្រជុំ​អាស៊ាន​ត្រូវ​អាប់អួរ និង​ប្រឈមមុខគ្នា​ខ្លាំង នោះ វា នឹង​ផ្តល់​រូបភាព​អាក្រក់​សម្រាប់​រូបលោក​ជាមួយនឹង​បណ្តា​មេដឹកនាំ​កំពូល​អាស៊ាន ដ្បិត ការចូលរួម​កិច្ចប្រជុំ​ក្នុង​ក្រុង​វៀងចន្ទន៍​របស់លោក គឺជា​ការបំពេញ​ទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង​ហើយ​របស់លោក ហើយ វា នឹង​ក្លាយជា​លើកដំបូង​ដែល​រូបលោក នឹង​ជួប​ជាមួយនឹង​មេដឹកនាំ​កំពូល​អាស៊ាន និង​មេដឹកនាំ​នៅក្នុង​តំបន់​ផងដែរ​។​

​អ្វី​គួរកត់សម្គាល់​ដែរនោះ ការប៉ុនប៉ង​លើកឡើង​ពី​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង ក៏មាន​សង្ឃឹម​តិចតួច​ដែរ​។ កម្ពុជា បានប្រកាស​ជាង​មួយខែ​មុន​ការប្រកាស​សាលក្រម​របស់​ម​ជ្ឈ​ត្ត​កម្ម​អន្តរជាតិ​ក្រុងឡាអេ ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងថា កម្ពុជា​មិន​ចូលរួម​ចេញ​សេចក្តីថ្លែងការណ៍​ពាក់ព័ន្ធ​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ឡើយ បើទោះបី​លទ្ធផល​នោះ​សម្រេច​ឲ្យ​ចិន​ឬ​ហ្វីលីពីន ឈ្នះ​ក៏ដោយ​។ នេះ ក៏​អាចនិយាយបាន​ដែរ​ថា បើ​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ចង់​លើក​ពី​បញ្ហា​នេះ នោះ​លោក ក៏ត្រូវ​ដឹង​ច្បាស់​ថា លោក នឹងត្រូវ​ប្រឈម​ជាមួយនឹង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​។

​បន្ថែម​ពីនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​បញ្ជាក់​ផងដែរ​ថា កម្ពុជា មាន​ជំហរ​បី​ចំណុច​លើ​បញ្ហា​នេះ​។ សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន នៅ​ថ្ងៃទី​២០​ខែមិថុនា​កន្លងទៅ បាន​ថ្លែង​បញ្ជាក់​ពី​គោលជំហរ​របស់​កម្ពុជា​បី​ចំណុច​ដែល​សម្តេច អះអាងថា​ជា​គោលជំហរ​អ​ព្យា​ក្រឹត្យ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ ជំហរ​ទាំងនោះ គឺ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ជម្លោះ (១) ដោយ​ប្រើ​យន្តការ​អាស៊ាន​-​ចិន ដើម្បី​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​(DoC) (២) ខិតខំ​តាក់តែង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​(CoC)​រវាង​អាស៊ាន​-​ចិន និង (៣) ប្រទេស​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ ដោយ​ជជែក​ពិភាក្សាគ្នា​ដោយផ្ទាល់​៕


Tag:
 អាស៊ាន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com