អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Biden ៖ លោក ដូ​ណា​ល់ ត្រាំ មិន​យល់​មាត្រា ៥ នៃ​សន្ធិសញ្ញា​ណា​តូ​ឡើយ​
25, Aug 2016 , 7:39 am        
រូបភាព
 
​អនុ​ប្រធានាធិបតី​អាមេរិក Joe Biden បានបញ្ជាក់​ប្រាប់​មេដឹកនាំ​អឺរ៉ុប​ជាពិសេស​បណ្តា​រដ្ឋ​នៅ​តំបន់​បាល់​ទិ​ក​កុំ​ឲ្យ​ភ័យ​បារម្ភ​ចំពោះ​ការលើកឡើង​របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​។ លោក​បាន​ពន្យល់ថា រាល់​ការលើកឡើង​របស់លោក​ដូ​ណា​ល់ ត្រាំ កន្លងមក​រួមមាន​ទាំង​គំរាម​ទាញ​អាមេរិក​ចេញពី​ណា​តូ និង​ឈប់​ការពារ​អឺរ៉ុប​នោះ​មកពី​លោក​មិន​យល់​ពី​គោលការណ៍​បក្សសម្ព័ន្ធ​យោធា​ណា​តូ ជាពិសេស​«​មាត្រា​៥» នៃ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង​។ លោក​បាន​សង្កត់ធ្ងន់​ជាថ្មី​ថា​ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ប្រព័ន្ធ​បក្ស​ពីរ នឹងមិន​អនុញ្ញាត​ឲ្យ​មានការ​សម្រេច​តាមចិត្ត​ឡើយ ហើយ​អាមេរិក​នៅតែ​ផ្តល់​ការគោរព​ចំពោះ​បក្សសម្ព័ន្ធ​យោធា​ណា​តូ ជាពិសេស​មាត្រា ៥ ។​


​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​រយៈពេល​កន្លងមកនេះ​បានក្លាយ​ជា​ក្តីបារម្ភ​សម្រាប់​មេដឹកនាំ​អឺរ៉ុប​មួយចំនួន ជាពិសេស​បណ្តា​ប្រទេស​នៅ​តំបន់​បាល់​ទិ​ក​ដែលជា​អតីត​រដ្ឋ​សហភាពសូវៀត​នោះ​។ នេះ​ក៏ដោយ​សារ បេក្ខជន​ប្រធានាធិបតី​បក្ស​សា​ធាណ​រដ្ឋ​លោក ដូ​ណា​ល់ ត្រាំ អះអាង​ម្តង​ជា​ពីរ​ដឹងថា នៅពេល​លោក​ជាប់ឆ្នោត លោក​អាច​នឹង​ទាញ​សហរដ្ឋអាមេរិក​ចេញពី​ណា​តូ ឬ​អាច​បោះបង់​អឺរ៉ុប​ខាងកើត​ឲ្យ​រុស្ស៊ី​ផងដែរ​។ 
 
​អ្នកនយោបាយ​ម្នាក់នេះ​ចំណាយពេល​យ៉ាងច្រើន​រិះគន់​បក្សសម្ព័ន្ធ​យោធា​ណា​តូ និង​សមាជិក​ឯទៀត ដោយ​លើក​ហេតុផល​ថា ណា​តូ​ចាស់គំរឹល មិនអាច​ដោះស្រាយ​បញ្ហា​ភេរវកម្ម​បាន ហើយ​សមាជិក​ជាច្រើន​ដែល​ពឹងពាក់​លើ​ការការពារ​របស់​អាមេរិក​ស្ទើរ​ទាំងស្រុង​ស្ទើ​មិន​ចំណាយលុយ​ដូច​«​ធ្វើ​នំ​អត់​ម្សៅ​»​។ សេដ្ឋី ដូ​ណា​ល់ ត្រាំ យល់ថា អាមេរិក​ត្រូវ​ខាតបង់​ច្រើន ដោយ​ត្រូវ​ចំណាយលុយ​ខ្លួនឯង​ទៅ​ការពារ​គេ​។ ដូច្នេះ បើ​លោក​ជាបឆ្នោត​ប្រទេស​ទាំងនោះ ក៏​ចាំបាច់​ត្រូវ​បង់លុយ​ថ្លៃ​ការពារ​បន្ថែម​តាម​ការកំណត់​ដូចគ្នា​ដែរ​។​
 
​ទុក​រឿង​ចាស់​មួយ​ឡែក​ចុះ​។ ថ្វីបើ​លោក ដូ​ណា​ល់ ត្រាំ ធ្វើ​ឲ្យ​អឺរ៉ុប​ភ័យព្រួយ​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ក៏ដោយចុះ រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា តែងតែ​ប្រឹង​និយាយ​លួងលោម​ឲ្យ​បណ្តា​មេដឹកនាំ​ប្រទេស​អឺរ៉ុប​ជាពិសេស​សមាជិក​ណា​តូ​ឲ្យ​ឈប់​ភ័យខ្លាច​។ អាមេរិក​មិន​ទៅណា​ឡើយ ហើយ​អាមេរិក​ក៏​មិន​បោះបង់​អឺរ៉ុប និង​ណា​តូ​ដែរ​។ 
 
​ដូច​ឃើញស្រាប់​ហើយ វត្តមាន​អនុ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden នៅ​អឺរ៉ុប​ដោយ​លោក​បាន​ជួប​ជជែក​ជាមួយ​បណ្តា​មេដឹកនាំ​សមាជិក​ណា​តូ ហើយ​ពន្យល់​ពួកគេ​ពី​បញ្ហានយោបាយ​អាមេរិក​ក្នុងពេល​បោះឆ្នោត​បច្ចុប្បន្ន​ជាពិសេស​ពាក់ព័ន្ធ​សម្តី​របស់លោក ដូ​ណា​ល់ ត្រាំ​។​
 
​ដូ​ណា​ល់​ត្រាំ មិន​យល់​ពី​មាត្រា ៥ នៃ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង​
​ក្នុងពេល​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​អង្គារ​ទី ២៣ សីហា នៅ​ទីក្រុង​រី​កាប្រទេស​ឡេ​តូ​នី ដោយ​ឈរ​នៅ​ជាមួយ​ប្រធានាធិបតី ឡេ​តូ​នី​, អេ​ស្តូ​នី និង លី​ទុយ​អា​នី លោក Joe Biden បាន​រិះគន់​លោក ដូ​ណា​ល់ ត្រាំ​ចាស់ដៃ ដោយ​លោក​អះអាងថា សេដ្ឋី​អចលនទ្រព្យ​នេះ​មិន​យល់​ពី​តម្លៃ​ណា​តូ និង​មាត្រា ៥​នៃ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង​ឡើយ​។ មូលហេតុ​នេះហើយ​ទើបបានជា លោក​និយាយ​ផ្តេសផ្តាស មិនដឹង​មុខក្រោយ ហើយ​ធ្វើ​ឲ្យ​គ្រប់គ្នា​ភ័យ​បារម្ភ​បែបនេះ​។ តែ​លោក​ប្រាប់​មេដឹកនាំ​អឺរ៉ុប​កុំ​បារម្ភ​ព្រោះ ទោះបី​ដូ​ណា​ល់ ត្រាំ​ក្លាយជា​ប្រធានាធិបតី​ក៏ដោយ ប្រព័ន្ធ​បក្ស​ពីរ​មិន​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​ធ្វើ​អ្វី​តាមចិត្ត​ឡើយ​។ អាមេរិក​នៅតែ​រក្សា​ការប្តេជ្ញាចិត្ត​ក្នុងការ​រួមរស់​ជាមួយ​ណា​តូ​និង​ការពារ​សមាជិក​ឯទៀត​ទៅ​ពេលអនាគត​ខាងមុខ​។​
 
​យោងតាម​សារព័ត៌មាន Politico អនុ​ប្រធានាធិបតី​អាមេរិក​រូបនេះ​បាន​លើកឡើងថា​៖« ខ្ញុំ​មិន​គិតថា លោក ដូ​ណា​ល់ ត្រាំ យល់ថា មាត្រា​៥​នៃ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង​វា​យ៉ាងម៉េច​ឡើយ​។ ហើយ​ការបន្ត​ទំនាក់ទំនង​និង​កិច្ចព្រមព្រៀង​រវាង​បក្ស​ទាំងពីរ​នៅ​អាមេរិក នឹង​រក្សាបាន​នូវ​ការប្តេជ្ញាចិត្ត​ក្នុងការ​គាំទ្រ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​»​។​
 
​តាមពិតទៅ​មាត្រា ៥ ជា​បទបញ្ញត្តិ​ដែល​សំខាន់​ជាងគេ​មួយ​ក្នុង​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងលើ​ជើង​។ មាត្រា​នេះ​ចែងថា «​កាលណា​មាន​ប្រទេស​ណាមួយ​ជា​សមាជិក​ណា​តូ​រង​ការវាយប្រហារ​ពីស​ត្រូវ សមាជិក​ទាំងអស់​ពោលគឺ​ទាំង ២៨ នាពេល​បច្ចុប្បន្ន​នឹង​ព្រួត​គ្នា​ការពារ​សមាជិក​ដែល​រង​ការវាយប្រហារ​។ ប៉ុ​ន្ត​សម្រាប់​លោក ដូ​ណា​ល់ ត្រាំ មាត្រា​នេះ​មិន​សំខាន់​ឡើយ​។ តែ​អ្វីដែល​សំខាន់​នោះ​ណា​តូ ហួស​សម័យ​ក្នុងការ​ប្រើប្រាស់​ដើម្បី​ប្រឆាំង​ភេរវកម្ម ហើយ​គ្មាន​ការការពារ​សមា​ជិ​កឡើ​យ បើ​ពួកគេ​មិន​បំពេញ​កាតព្វកិច្ច​បង់​វិភាគទាន​គ្រប់គ្រាន់​តាម​កំណត់​។ តាម​ការកំណត់​សមាជិក​នីមួយៗ​ត្រូវ​បង់លុយ​ប្រហែល​២​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ឲ្យ​បក្សសម្ព័ន្ធ​យោធា​ណា​តូ ប៉ុន្តែ​សមាជិក​ភាគតិច​បំផុត​ដែល​បំពេញ​តាម​ការកំណត់​នេះ​។​ដូច្នេះហើយ​វា​ជា​បន្ទុក​ធំ​បំផុត​មួយ​សម្រាប់​សហរដ្ឋអាមេរិក​ត្រូវ​ទូល​រែក ដ្បិតថា​អាមេរិក​ត្រូវការពារ​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ច្រើន​ទូទាំង​ពិភពលោក​ទាំងមូល​។ 
 
​យ៉ាងណា​ក​ដ៏​ដោយ​ចុះ សម្តី​របស់​អ្នកនយោបាយ​ក្នុងពេល​បោះឆ្នោត​វា​អាច​ខុស​ឆ្ងាយ ពីអ្វី​ដែល​ពួកគេ​នឹង​ត្រូវធ្វើ​នៅពេលដែល​ខ្លួន​កាន់កាប់​តំណែង​នោះ​ព្រោះ​វា​ជា​វោហា​ស័ព្ទ​នយោបាយ​ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​ប៉ុណ្ណោះ​។ ដូច្នេះ អ្វីដែល ដូ​ណា​ល់ ត្រាំ ក៏ដូចជា ហ៊ី​ឡា​រី គ្លី​ន​តុ​ន លើកឡើង​ក្នុងការ​ឃោសនា សុទ្ធតែ​នឹង​អាច​ប្រែប្រួល​ក្នុងពេលដែល​ពួកគេ​ចូល​បំពេញការងារ​មែនទែន​។ 
 

Tag:
 Joe Biden
  ដូ​ណា​ល់ ត្រាំ​
  ណា​តូ
© រក្សាសិទ្ធិដោយ thmeythmey.com