ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហេង សំរិន ប្រាប់​សម្ដេច ស ខេង ឲ្យ​បង្ហាញ​បញ្ជីរាយឈ្មោះ​ជនបរទេស​ស្របច្បាប់​នៅ​កម្ពុជា
24, Aug 2016 , 8:07 pm        
រូបភាព
ប្រធានរដ្ឋសភា​សម្ដេច ហេង សំរិន បាន​ចំណារ​លើ​លិខិត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជូនទៅ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សម្ដេច ស ខេង ដើម្បី​ស្នើសុំ​បញ្ជីរាយឈ្មោះ​ជនបរទេស​ទាំងអស់ ដែល​បានទទួល​សញ្ជាតិ​ខ្មែរ​ស្របច្បាប់ ដោយមាន​ព្រះរាជក្រឹត្យ​បញ្ជាក់​ត្រឹមត្រូវ។



ក្នុង​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ តាមរយៈ​សម្ដេច ហេង សំរិន នៅ​ថ្ងៃទី២៤ សីហា​នេះ​បានបញ្ជាក់​ដូច្នេះ​ថា៖« ដើម្បី​កុំ​ឲ្យ​មានការ​សង្ស័យ​ខុស ពី​ចំនួន​ជនអន្តោប្រវេសន៍​ខុសច្បាប់ ដែល​ទទួលបាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ តាមរយៈ​អំពើពុករលួយ ឬ ការធ្វេសប្រហែស​របស់​ក្រសួងមហាផ្ទៃ​នោះ យើងខ្ញុំ​ស្នើសុំ សម្ដេច​ក្រឡាហោម មេត្តា​ផ្ញើ​នូវ​បញ្ជី​ជនបរទេស ដែល​ទទួលបាន​សញ្ជាតិ​ខ្មែរ​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ ដោយមាន​ព្រះរាជក្រឹត្យ​បញ្ជាក់ ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន»។

ក្រៅពី​គម្រោង​នៃ​ការសុំ​អន្តរាគមន៍​ពី​ក្រសួងមហាផ្ទៃ គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹង​ស្នើ​ទៅ​ក្រសួងយុត្តិធម៌​ផងដែរ ដើម្បី​សុំ​ឲ្យ​ផ្តល់​បញ្ជី​ឈ្មោះ​ជនបរទេស​ខុសច្បាប់ ដែល​ទទួលបាន​អត្ត​សញ្ជាតិ​ខ្មែរ តាមរយៈ​សញ្ជាតូបនីយកម្ម ដោយ​មិន​ត្រឹមត្រូវ​ទៅតាម​ច្បាប់។ លើសពីនេះ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឲ្យ​មេធាវី ប្តឹងទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គជប) និង​តុលាការ ចំពោះ​ជនបរទេស​ទាំងឡាយណា ដែល​ប្រើប្រាស់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ដោយ​ខុសច្បាប់ ហើយ​យកទៅ​ចុះឈ្មោះ​បោះឆ្នោត។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី១៩ សីហា។

គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ភ្នាក់ងារ​សង្កេតការណ៍​តាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ឃ្លាំមើល​ដំណើរ​ចុះឈ្មោះ​បោះឆ្នោត ព្រមទាំង​ប្តឹង​ជំទាស់​និង​ប្តឹងតវ៉ា នូវ​ភាពមិនប្រក្រតី​ទាំងឡាយ ដែល​កើតឡើង ដោយ​បក្សប្រឆាំង ចាត់ទុកថា វិធានការ​ទាំងនេះ នឹង​អាច​ជំរុញ ឲ្យ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោត​នាពេលខាងមុខ ប្រព្រឹត្ត​ទៅដោយ​រលូន៕



Tag:
 ហេង សំរិន
 ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com