អន្តរជាតិ
លោក Duterte ថាលោកចង់ជួបលោក Putin ជាងមេដឹកនាំពិភពលោកផ្សេងៗទៀត
× «យើងមានលក្ខណៈស្រដៀងគ្នា»។ នេះគឺជាការអះអាងរបស់លោកប្រធានាធិបតី Rodrigo Duterte នៅពេលដែលអ្នកសារព័ត៌មានសួរថាហេតុអ្វីបានជាលោក រំភើបនៅពេលក្នុងពេលដែលលោកជួបជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី Vladímir Putin នាកិច្ចប្រជុំកំពូលក្នុងតំបន់លើកទី២៨ និង២៩នាពេលខាងមុខដ៏ខ្លីនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានហ្វីលីពីន Rappler នៅថ្ងៃទី៣១ ខែសីហា។
ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៅក្នុងតំបន់ នឹងជួបជុំគ្នានាឱកាសកិច្ចប្រជុំកំពូលក្នុងតំបន់ដើម្បីជជែកពីបញ្ហារួម ដំណោះស្រាយ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងផ្សេងៗនៅថ្ងៃទី០៦-០៨ ខែកញ្ញាខាងមុខដ៏ខ្លីនេះនៅក្នុងក្រុងវៀងចន្ទន៍ នៃប្រទេសឡាវ។ លោកប្រធានាធិបតីហ្វីលីពីនដែលទើបតែកាន់តំណែងថ្មីថ្មោង Rodrigo Duterte ក៏នឹងចូលរួមក្នុងកិច្ចប្រជុំនេះ ដែលវា ក៏នឹងក្លាយការចូលរួមក្នុងវេទិកាអន្តរជាតិលើកដំបូងសម្រាប់លោកក្នុងនាមជាប្រមុខរដ្ឋហ្វីលីពីនផងដែរ។
ឆ្លៀតឱកាសនេះ លោក Duterte ដែលគេហៅក្រៅថា «អ្នកដាក់ទណ្ឌកម្ម» ក៏ត្រូវបានរំពឹងថា នឹងមានជំនួបទ្វេភាគីជាមួយនឹងប្រធានាធិបតីអាមេរិក លោក Barack Obama នាយករដ្ឋមមន្ត្រីឥណ្ឌា លោក Narendra Modi នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe, នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Tubull និងប្រធានាធិបតីរុស្ស៊ី លោក Vladímir Putin។
អ្វីគួរកត់សម្គាល់នោះ លោកប្រធានាធិបតី បានអះអាងថា ក្នុងចំណោមជំនួបជាមួយនឹងមេដឹកនាំកំពូលនាពេលខាងមុខនេះ លោក ចង់ជួបលោកប្រធានាធិបតីរុស្ស៊ី ជាងគេ ដោយលោក បញ្ជាក់ថា «លោក ចូលចិត្ត លោក Putin ព្រោះ លោក និងលោក Putin មានលក្ខណៈសម្បត្តិស្រដៀងគ្នា»។
សូមជម្រាបផងដែរថា លោក Rodrigo Duterte បានឡើងកាន់តំណែងជាប្រធានាធីបតីទី១៦របស់ហ្វីលីពីនជាផ្លូវការនៅថ្ងៃទី៣០ ខែមិថុនាកន្លងទៅ បន្ទាប់ពីរូបលោក ទទួលបានសំឡេងគាំទ្រយ៉ាងលើសលប់នៅក្នុងការបោះឆ្នោតសកលហ្វីលីពីននៅថ្ងៃទី០៩ ខែឧសភា។ លោកប្រធានាធិបតីរូបនេះ ត្រូវបានប្រជាជនហ្វីលីពីនគាំទ្រខ្លាំង និងចាត់ទុកថាជា«បុរសខ្លាំង» ដោយហៅឈ្មោះក្រៅថា «អ្នកដាក់ទណ្ឌកម្ម» ដ្បិតគោលនយោបាយកណ្តាប់ដៃដែករបស់រូបលោក ក្នុងការលុបបំបាត់បញ្ហាក្នុងស្រុក។ ជាក់ស្តែងនោះ គឺជាបទល្មើស និងបញ្ហាគ្រឿងញៀន។
ដោយឡែកសម្រាប់កិច្ចការក្រៅស្រុក ឬកិច្ចការបរទេស គេមិនទាន់អាចកំណត់អត្តសញ្ញាណលោក បាននៅឡើយនោះទេ ដ្បិតគិតចាប់តាំងពីឡើងកាន់អំណាចជាប្រធានាធិបតីហ្វីលីពីនរយៈពេលជិតពីរខែមកនេះ លោក Rodrigo Duterte មិនទាន់បានចេញដំណើរទស្សនកិច្ចក្រៅប្រទេសដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលផ្សេងៗនៅឡើយ។ ប្រមុខរដ្ឋហ្វីលីពីនរូបនេះ បានអវត្តមានក្នុងកិច្ចប្រជុំកំពូលក្នុងតំបន់ម្តងរួចទៅហើយ ដោយលោក បានប្រតិភូកម្មអំណាចឲ្យលោករដ្ឋមន្ត្រីការបរទេសចូលរួមជំនួស។ កិច្ចប្រជុំនោះ គឺជាកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបដែលបានប្រព្រឹត្តឡើងនៅក្នុងរដ្ឋធានីអ៊ូឡង់ បាទ័រ នៃប្រទេសម៉ុងហ្គោលីកាលពីខែកក្កដាកន្លងទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com