អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទាហាន និង​ប៉ូលិស នឹងត្រូវ​ចល័ត និង​ពង្រាយ​ទូទាំងប្រទេស​ហ្វីលីពីន​ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​
03, Sep 2016 , 12:00 pm        
រូបភាព
កម្លាំងហ្វីលីពីន (ប្រភពរូបភាព៖ www.philstar.com)
កម្លាំងហ្វីលីពីន (ប្រភពរូបភាព៖ www.philstar.com)
ដោយ: ថ្មីៗ
 
​ក្រោយ​ព្រឹត្តិការណ៍​នៃ​ការ​បំផ្ទុះ​នៅក្នុង​ក្រុង​ដា​វ៉ា​វ​ភាគខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន​ដែល​បានសម្លាប់​មនុស្ស​យ៉ាង​តិ​ត​១០​នាក់ និង​របួស​ជាង​៦០​នាក់​នោះ លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បានប្រកាស​ជា​លក្ខណៈ​ថ្នាក់ជាតិ​ដោយ​ដាក់​ប្រទេស​ក្នុងស្ថានភាព​នៃ​«​ការមិន​មានច្បាប់​ទម្លាប់ ឬ​ស្ថានភាព​អ​សណ្តាប់ធ្នាប់​»​។ ក្នុងស្ថានភាព​នេះ លោក​ប្រធានាធិបតី ត្រូវ​ក្លាយជា​អគ្គមេបញ្ជាការ​លើក​ងក​ម្លាំ​ង​ប្រដាប់អាវុធ​ទូទាំង​ប្រទេសផងដែរ​។  

 
​លោក​ប្រធានាធិបតី Rodrigo Duterte នៅ​ព្រលឹម​ស្រាងៗ​នៃ​ថ្ងៃ​សៅរ៍​ទី​០៣ ខែកញ្ញា​នេះ បានប្រកាស​ដាក់​ប្រទេស​ហ្វីលីពីន​ឲ្យ​ស្ថិតក្នុង​ស្ថានភាព​«​ហិង្សា​គ្មាន​ច្បាប់ទម្លាប់​» តែ​មិនមែន​សំដៅលើ​«​ការគ្រប់គ្រង​តាមច្បាប់​អាជ្ញាសឹក​ឡើយ​»​។ សេចក្តីប្រកាស​នេះ ក៏​តម្រូវ​ឲ្យ​មាន​ទាំង​ប៉ូលិស និង​ទាហាន​ត្រូវ​ពង្រាយ និង​ចល័ត​ទូទាំងប្រទេស​ដើម្បី​ធានា​ពី​សន្តិសុខ និង​សុវត្ថិភាព​ដែល​លោក​ប្រធានាធិបតី​អះអាងថា​នឹងត្រូវ​អនុវត្ត​រហូត​ទាល់តែ​លោក មាន​អារម្មណ៍​ថា​ប្រទេស​មាន​សុវត្ថិភាព​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Inquirer​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​ផ្សាយ​ជា​សាធារណៈ​តាមរយៈ​ទូរទស្សន៍​ផងដែរ​នោះ លោក​ប្រធានាធិបតី​ដែល​គេ​ស្គាល់​ថា​ជា​បុរស​ខ្លាំង​ហ្វីលីពីន​នោះ ក៏បាន​សង្កត់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ មាន​កាតព្វកិច្ច​នេះ​ដើម្បី​ការពារ​ប្រទេស​។ ខ្ញុំ មាន​កាតព្វកិច្ច​រក្សា​បូរណភាព​ដែនដី​របស់​ជាតិ​មិនឲ្យ​ខ្ទេចខ្ទាំ​»​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ដដែល​ដែល​បាន​បន្តទៀតថា ឧប្បទ្ទវហេតុ​នៃការ​បំផ្ទុះ​នៅ​យប់​ថ្ងៃ​សុក្រ​នោះ មិនមែនជា​សង្គ្រាម​នោះទេ តែ​ជា​បញ្ហា​នៃ​ការងារ​របស់​ប៉ូលិស​។ 
 
​យោងតាម​មាត្រា​៧​នៃ​រដ្ឋធម្មនុញ្ញ​ហ្វីលីពីន​ឆ្នាំ​១៩៨៧ «​ប្រធានាធិបតី គឺជា​អគ្គមេបញ្ជាការ​នៃ​កងកម្លាំង​ទាំងអស់ ហើយ ប្រធានាធិបតី មាន​សិទ្ធិ​ក្នុង​ការបញ្ជា​កងកម្លាំង​ក្នុងស្ថានភាព​ចាំបាច់​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ទៅលើ​«​អំពើហិង្សា​ដែល​គ្មាន​ច្បាប់ទម្លាប់​, ការឈ្លានពាន ឬ​ការបះបោរ​»​។ នេះ ក៏មាន​ន័យ​ដែរ​ថា ក្នុងស្ថានភាព​នេះ លោក​ប្រធានាធិបតី Rodrigo Duterte គឺជា​មេបញ្ជាការ​លើ​កងកម្លាំង​ប្រដាប់អាវុធ​ទូទាំងប្រទេស​ផងដែរ​។ 
 
​ជា​រឿង​ដែល​មិនអាច​ប្រកែក​បាន​នោះ ឧប្បទ្ទវ​ហេតុដែល​ប៉ូលិស​ហ្វីលីពីន​កំពុងតែ​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង​ពី​ឬ​សគល់ ប្រាកដ​ណាស់​ថា​បានធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​ទើប​កាន់តំណែង Rodrigo Duterte ប្រតិកម្ម​មិនតិច​នោះទេ​។ ហើយនោះ ក៏​ព្រោះតែ ក្រុង​ដា​វ៉ា​វ គឺជា​ទីកន្លែង​ដែល​លោក​ធ្លាប់​បម្រើការ​មុនពេល​លោក​ក្លាយជា​ប្រធានាធិបតី ពោលគឺ លោក​ធ្លាប់​ធ្វើជា​អភិបាលក្រុង​នៅ​ទីនោះ​អស់​រយៈពេល​ជាង​ពីរ​ទសវត្ស​រ៍ហើយ ដែល​ពេលនោះ លោក បានប្រែក្លាយ​ក្រុង​នោះ ឲ្យ​ក្លាយជា​ក្រុង​ដែល​សុវត្ថិភាព​បំផុត​របស់​ហ្វីលីពីន​។ បច្ចុប្បន្ន កូនស្រី​ច្បង​របស់លោក​ប្រធានាធិបតី គឺជា​អភិបាលក្រុង ហើយ​អភិបាលរងក្រុង​នោះ ក៏​ជា​កូនប្រុស​របស់​កូនលោក​ផងដែរ​។ 
 
​ជុំវិញ​បញ្ហា​នេះ ប៉ូលិស​ហ្វីលីពីន មិនទាន់​អាច​សន្និដ្ឋានថា​ការ​បំផ្ទុះ​នៅក្នុង​ក្រុង​ដា​វ៉ា​វ​ដែលជា​កន្លែង​ដែល​លោក​ប្រធានាធិបតី Duterte រស់នៅ​ផងដែរ​នោះ ថា​ជា​ការសង​សឹង ឬ​ហេតុផល​អ្វី​ផ្សេងទៀត​បានឡើយ​។ តែ​អ្វី​គួរកត់សម្គាល់​នោះ ឧប្បទ្ទវ​ហេតុនេះ បានកើត​ឡើង​ស្រប​ពេលដែល ជនសង្ស័យ និង​ឈ្មួញ​គ្រឿងញៀន​ប្រមាណ​ជិត​ពីរពាន់​នាក់​ត្រូវបាន​សម្លាប់​ក្រោម​យុទ្ធនាការ​បោស​ស​ម្អា​ស​បទល្មើស​គ្រឿងញៀន ឬ​សង្គ្រាម​គ្រឿងញៀន​របស់លោក​ប្រធានាធិបតី​ផងដែរ​៕ 
 
 

Tag:
 ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com