អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ពូទីន នាំការ៉េមពីរុស្ស៊ីទៅផ្ញើ លោក ស៊ី ជិនពីង នៅកិច្ចប្រជុំ G-20
× លោក វ្ល៉ាឌីមៀ ពូទីន បាននាំយកការ៉េម រុស្ស៊ីដើម្បីជាអំណោយសម្រាប់លោក ប្រធានាធីបតីចិន ស៊ី ជិនពីង ពេលលោកចូលរួមកិច្ចប្រជុំប្រទេស ២០ នៅហាងចូវ ។ លោក បានថ្លែងអំណរគុណលោក ពូទីន ដែលនាំអំណោយនេះមកជូនលោក ហើយបញ្ជាក់ថា លោកពិតជាចូលចិត្តការ៉េមរុស្ស៊ីណាស់។ នេះសុទ្ធតែបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងមេដឹកនាំនៃប្រទេសទាំងពីរ។
រឿងគួរឲ្យចាប់អារម្មណ៍មួយកើតឡើង ដោយលោក វ្ល៉ាឌីមៀ ពូទីន បាននាំយកការ៉េមមួយប្រអប់ដើម្បីជូនប្រមុខរដ្ឋចិនលោក ស៊ី ជិនពីង ពេលដែលលោកជួបពិភាក្សាទ្វេភាគីជាមួយគ្នាក្រៅកិច្ចប្រជុំប្រទេស G-20 នៅហាងចូវ។ វាបង្ហាញឲ្យឃើញកាន់តែច្បាស់ពីភាពស្និទ្ធស្នាលនៃទំនាក់ទំនងផ្ទាល់រវាងមេដឹកនាំទាំងពីរផងដែរ។
យោងតាមសារព័ត៌មានរុស្ស៊ី RT លោកវ្ល៉ាឌីមៀ ពូទីន នាំយកការ៉េមនោះពីរុស្ស៊ីផ្ទាល់តាមយន្តហោះ ហើយលោកបានជូនទៅលោក ស៊ី ជិនពីង ក្នុងជំនួបទ្វេភាគីនៅហាងចូវតែម្តង។ លោកក៏បានប្រាប់លោក ស៊ី ជិនពីង ថា៖« ខ្ញុំបានសន្យាហើយថា ខ្ញុំនឹងយកការ៉េមមួយចំនួនមកជូនពេលមកចិន។ ហើយខ្ញុំបាននាំការ៉េមមួយប្រអប់មកជាមួយជាអំណោយថ្ងៃនេះ»។
តាមពិតទៅ កាលពីថ្ងៃសុក្រទី ២ កញ្ញា អ្នកជំនួញចិនម្នាក់ដែលបានបានបណ្តាក់ទុនរកស៊ីនៅទីក្រុង Vladivostok បានត្អូញត្អែរប្រាប់ លោក ពូទីន ថា ភ្នាក់ងារគយព្រំដែនមិនអនុញ្ញាតឲ្យមានការនាំការ៉េមពីរុស្ស៊ីទៅចិនឡើយ។
លឺបែបនេះលោក ពូទីន បានថ្លែងថា៖« វាជាលើកដំបូងហើយ ដែលខ្ញុំលឺរឿងបែបនេះ។ ចាប់ពីពេលនេះទៅ ពេលណាខ្ញុំទៅចិន ខ្ញុំនឹងយកការ៉េមទៅផ្ញើលោក ស៊ី ជិនពីងតែម្តង»។
ចំណែកលោក ស៊ី ជិនពីង ឯណោះវិញបានថ្លែងអំណរគុណលោក វ្ល៉ាឌីមៀ ពូទីន ដែលមានសណ្តានចិត្តនាំយកការ៉េមពីរុស្ស៊ីមកផ្ញើលោកដល់ចិន។ លោកបានបញ្ជាក់ផងដែរថា លោកពិតជាចូលចិត្តការ៉េមរុស្ស៊ី ព្រោះវាឆ្ងាញ់។
លោកថ្លែងថា៖ «អរគុណលោកច្រើនណាស់ចំពោះអំណោយការ៉េមដ៏ឆ្ងាញ់និងការគួរសមនេះ។ រាល់ពេលខ្ញុំទៅរុស្ស៊ី ខ្ញុំតែងឲ្យគេទិញការ៉េមឲ្យរហូត។ ហើយពេលនេះ ខ្ញុំអាចញាំការ៉េមនេះនៅចិនបានទៀត។ រុស្ស៊ីមានការ៉េមដែលល្អផុតគេ ហើយវាមានរសជាតិប្លែកខុសគេ។ ខ្ញុំពិតជាចូលចិត្តវាណាស់»៕
Tag:
ពូទីន
ស៊ី ជិនពីង
G-20
© រក្សាសិទ្ធិដោយ thmeythmey.com