អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Duterte ថាសោកស្តាយ​ដែល​ប្រើពាក្យ​អសុរោះ​ខ្លាំងវាយប្រហារ​លោក អូ​បា​ម៉ា
06, Sep 2016 , 12:14 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី ហ្វីលីពីន Rodrigo Duterte សម្តែង​ការសោកស្តាយ​ដែល​បាន​ប្រើប្រាស់​ពា​ក្យ​សម្តី​អសុរោះ​ខ្លាំង​ដាក់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុងការវាយ​ប្រហារ​លក្ខណៈបុគ្គល​។ លោក​ពន្យល់ថា មូលហេតុ​ដែល​លោក​និយាយ​បែបនេះ គឺ​ដើម្បី​ប្រតិកម្ម​ទៅ​សារព័ត៌មាន​ដែល​អះអាងថា លោក អូ​បា​ម៉ា នឹង​បង្រៀន​លោក​ពាក់ព័ន្ធ​«​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​»​។​
 

​ចុងក្រោយ ប្រ​ធានា​ធីប​តី ហ្វីលីពីន ប្រកាសថា​លោក សោកស្តាយ​ដែល​បាន​ប្រើ​សម្តី​អសុរោះ​ដែលជាការវាយប្រហារ​ខ្លាំង​លក្ខណៈ​បុគ្គល​ប្រឆាំងលោក បា​រ៉ា​ក់ អូ​បា​ម៉ា​។ នេះ​បើ​យោងតាម សេចក្តីថ្លែងការណ៍​មួយ​របស់​ប្រធានាធិបតី​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Rappler នាថ្ងៃអង្គារ​ទី ៦ កញ្ញានេះ​។ 
 
​លោក​បាន​ពន្យល់ថា លោក​គ្រាន់តែ​ខឹង​នៅពេលដែល​សារព័ត៌មានលើក​ឡើង​ថា​លោក អូ​បា​ម៉ា នឹង​បង្រៀន​លោក​ពី​រឿង​«​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​»​។ ហើយ​លោក​ក៏​មិន​នឹកស្មានថា សម្តី​របស់លោក​ផ្តល់​ឲ្យ​អ្នកសារព័ត៌មាន​បានក្លាយ​ជា​រឿងចម្រូងចម្រាស​បែបនេះ​។   លោកបន្តថា៖«គោលដៅ​ចម្បង​របស់យើងគឺ​ធ្វើយ៉ាងណា​រក្សានយោបាយ​ការបរទេស​ឯករាជ្យ ​ហើយ​ស្របពេល​ជាមួយ​គ្នានោះហ្វីលីពីនក៏​ប្រឹងលើកកម្ពស់ចំណងមិត្តភាព​ជាមួយបណ្តា​ប្រទេសទាំងអស់​ជាពិសេសសហរដ្ឋអាមេរិកដែល​មានកិច្ចសហប្រតិបត្តិការនិង​ភាពជាដៃគូ​ជាមួយហ្វីលីពីន​យូរអង្វែងមកហើយ​នោះ»។ ​

កាលពី​ម្សិលមិញ​នេះ ​លោក Duterte ហ៊ាន​ជេរប្រមាថលើ​លោក បារ៉ាក់ អូបាម៉ា ក្នុងពេលជួប​ជាមួយ​អ្នកសារព័ត៌មានមុនចេញទៅចូលរួមកិច្ច​ប្រជុំ​អាស៊ាននៅ​ប្រទេសឡាវ។ ហើយក្រោយមក​​ ខាងសេតវិមាន​បាន​សម្រេច​លុប​ចោល​ជំនួប​ទ្វេភាគី​រវាង​​លោក អូបាម៉ា និងលោក Duterte ដែលគ្រោងទុក​មកយូរហើយនោះ។

ក្នុងសេចក្តី​ថ្លែងការណ៍ដដែល​បន្តថា ​ហ្វីលីពីន និងអាមេរិក​បានឯកភាព​គ្នាថា ​កាលបរិច្ឆេទ​នៃជំនួប​រវាងមេដឹកនាំទាំងពីរអាច​នឹង​ត្រូវលើកទៅពេលណាមួយខាងមុខ។ ប៉ុន្តែ​មិនមានការបញ្ជាក់​ច្បាស់​លាស់​ថា ពេលណាឡើយ។
 

© រក្សាសិទ្ធិដោយ thmeythmey.com