អន្តរជាតិ
អូបាម៉ា៖«សម្តីអសុរោះរបស់លោក Duterte ជាទម្លាប់, ខ្ញុំមិនយកវាជារឿងផ្ទាល់ខ្លួនទេ»
× លោក បារ៉ាក់ អូបាម៉ា បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនចាត់ទុកពាក្យសម្តីអសុរោះរបស់លោក Rodrigo Duterte ជារឿងផ្ទាល់ខ្លួនខ្លួននិងប្រកាន់ខឹងឡើយព្រោះលោកចាត់ទុកវាជាទម្លាប់ ។ នេះក៏ដោយសារកន្លងមក លោក Duterte ធ្លាប់ជេរប្រទេចផ្តាសាសម្តេចប៉ាបទៀត។
ក្នុង សន្និសីទសារព័ត៌មាននៅឡាវ ឆ្លើយតបសំណួរអ្នកសារព័ត៌មានពាក់ព័ន្ធលោក Rodrigo Duterte លោក បារ៉ាក់ អូបាម៉ា បានបញ្ជាជាថ្មីថាលោកមិនយកសម្តីរបស់មេដឹកនាំហ្វីលីពីនជារឿងផ្ទាល់ខ្លួននាំហ្មងសៅឡើយ។ លោកយល់ថា វាជាទម្លាប់ព្រោះសូម្បីតែសម្តេចប៉ាបនិងអ្នកដទៃទៀតក៏ត្រូវលោក Duterte ជេរប្រទេចផ្តាសាដែរ។
លោកថ្លែងថា៖« ដូចខ្ញុំបាននិយាយនៅចិនអ៊ីចឹង។ ខ្ញុំមិនយកសម្តីរបស់លោក Duterte មកទុកជារឿងផ្ទាល់ខ្លួនឡើយ ព្រោះវាហាក់បីដូចជាពាក្យដែលគាត់ប្រើប្រាស់ដដែលៗ រួមទាំងប្រើសំដៅលើសម្តេចប៉ាប និងបណ្តាមេដឹកនាំផ្សេងទៀត។ ដូច្នេះ ខ្ញុំគិតថា វាហាក់បីដូចជាទម្លាប់នៃការនិយាយរបស់គាត់ប៉ុណ្ណោះ»។
តាមពិតទៅ កាលពីថ្ងៃ៧កញ្ញានៅពិធីលាងសាយភោជន៍ លោក បារ៉ាក់ អូបាម៉ា បានចាប់ដៃជាមួយលោក Duterte ហើយបានសន្ទនាគ្នាបន្តិចដែរ។ ហើយលោកបានប្រាប់លោក Duterte ថាក្រុមការងាររបស់លោកគួរតែជួបគ្នាជាមួយក្រុមការងារលោក Duterte ដើម្បីកំណត់ថាគួរដោះស្រាយបញ្ហារបៀបណា។
កាលពីអង្គារ លោក បារ៉ាក់ អូបាម៉ា បានសម្រេចលុបចោលជំនួបទ្វេភាគីជាមួយប្រធានាធិបតីហ្វីលីពីន ក្រោយពេលដែលប្រធានាធិបតីហ្វីលីពីនថ្មីនេះបានប្រើប្រាស់ពាក្យអសុរោះខ្លាំងជេរប្រទេចផ្តាសាលោកដែលចង់បង្រៀនលោករឿងសិទ្ធិមនុស្ស។ ក្រោយមក មន្ត្រីសេតវិមានអាមេរិកបានបកស្រាយថា ទោះបីជាជំនួបទ្វេភាគីរវាងមេដឹកនាំទាំងពីរក៏មិនមានប្រយោជន៍ដែរក្នុងបរិយាកាសអាប់អួរបែបនេះ។
ចំណែកលោក Duterte ឯណោះវិញ សុខចិត្តចេញសេចក្តីថ្លែងការណ៍មួយដោយទទួលស្គាល់ថា ភាសានិងសម្តីដែលលោកប្រើប្រាស់វាលើសលស់ខ្លាំង។ លោកប្រាប់លោក បារ៉ាក់ អូបាម៉ា ថា លោកពិតជាសោកស្តាយខ្លាំង។ ហើយលោកក៏បកស្រាយបន្ថែមដែរថា អ្វីដែលលោកនិយាយគឺជាការប្រតិកម្មចំពោះអ្នកសារព័ត៌មានដែលលើកឡើងថា លោកអូបាម៉ា ចង់បង្រៀនលោករឿងសិទ្ធិមនុស្សប៉ុណ្ណោះ៕
Tag:
Rodrigo Duterte
បារ៉ាក់ អូបាម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com