ជាតិ
បទវិភាគ
ក្រីក្រ​, វា​ជា​កំហុស​របស់​រដ្ឋាភិបាល​ទាំងស្រុង ឬ​ជា​កំហុស​របស់​ប្រជាពលរដ្ឋ​មួយផ្នែក​?
11, Sep 2016 , 7:30 pm        
រូបភាព
ភ្នំពេញ​៖ តួលេខ​អត្រា​នៃ​ភាពក្រីក្រ​ឆ្នាំ​១៩៩៤​បាន​បង្ហាញថា ប្រទេស​កម្ពុជា កាលណោះ មាន​ប្រជាពលរដ្ឋ​ចំនួន​៤៧%​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ​។ តែ​ជាង​២០​ឆ្នាំ​ក្រោយមក ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាជាង​២០%​ទៀត នៅ​បន្ត​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ​។ តើ​ស្រុក​ខ្មែរ​ក្រីក្រ​ជា​កំហុស​របស់ រាជរដ្ឋាភិបាល​ដឹកនាំ​មិន​ត្រឹមត្រូវ​ទាំងស្រុង ឬ​ជា​កំហុស​របស់​ប្រជាពលរដ្ឋ​ខ្លួនឯង​មួយផ្នែក​ណា​ដែរ​?

 
​ប្រទេស​អាមេរិក ប្រទេស​ជប៉ុន ប្រទេស​ចិន ឬ​ប្រទេស​បារាំង​ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រទេស​អភិវឌ្ឍន៍​មែន​ក៏ដោយ​ក្តី ក៏​ប្រទេស​ទាំងនោះ នៅតែមាន​អ្នកក្រីក្រ​ដែរ​។ 
 
​អ្នកសុំទាន អ្នក​គ្មាន​ផ្ទះសម្បែង អ្នកគ្មានការងារ​ធ្វើ​ក្រីក្រ នៅតែ​បន្ត​មាន​វត្តមាន​នៅក្នុង​ប្រទេស​អស្ចារ្យ​
​ទាំងនោះ​។ អ្វីដែល​អាច​ខុសគ្នា​ជាមួយ​ស្ថានភាព​នៅក្នុង​ប្រទេស​កម្ពុ​ជា​គឺ​នៅត្រង់ថា ចំនួន​អ្នកក្រីក្រ​នៅក្នុង​ប្រទេស​ជឿនលឿន​ទាំងនោះ មាន​ចំនួន​តិចជាង​ចំនួន​អ្នកក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា​។ ម្យ៉ាងទៀត អ្នកក្រីក្រ​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​អាច​រស់នៅ​សុខ​ស្រួល​ជាង អ្នក​ទីទាល់ក្រ​នៅក្នុង​ប្រទេស​ក្រីក្រ​
​កម្ពុជា​។ 
 
​ងា​កមក​និយាយ​ពី​ស្ថានភាព​នៅក្នុង​ប្រទេស​កម្ពុ​ជា​វិញ តួលេខ​អត្រា​នៃ​ភាពក្រីក្រ​ឆ្នាំ​១៩៩៤​បានបង្ហាញ​
​ថា ប្រទេស​កម្ពុជា កាលនោះ មាន​ប្រជាពលរដ្ឋ​ចំនួន​៤៧%​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ​។ រីឯ​ជាង​២០​ឆ្នាំ​ក្រោយមក ពោលគឺ​នៅ​ឆ្នាំ​២០១៦​នេះ តួលេខ​មួយចំនួន​បាន​បង្ហាញថា ប្រជាពលរដ្ឋ​ប្រមាណ​ជា​២០%​ទៀត​នៅ​បន្ត​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ​។ ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ គឺជា​ក្រុមមនុស្ស​ដែល​រកប្រាក់​ចំណូល​បាន​តិចជាង​មួយ​ដុល្លារ​ក្នុង​មួយថ្ងៃ​សម្រាប់​មនុស្ស​ម្នាក់​។ 
 
​តើ​ខ្មែរ​ក្រីក្រ ជា​កំហុស​របស់​រាជរដ្ឋាភិបាល​ទាំងស្រុង ឬ​ជា​កំហុស​របស់​ប្រជាពលរដ្ឋ​ខ្លួនឯង​ដែល​«​ខ្ជិលច្រអូស​»​មួយផ្នែក​ដែរ​? 
 
​មុននឹង​ឆ្លើយ​ទៅនឹង​សំណួរ​នេះ គេ​គួរ​ពិនិត្យ​ទៅលើ​ហេតុផល​ដែលនាំអោយ​មាន​ភាពក្រីក្រ​ជាមុនសិន​។ ការសិក្សា​មួយចំនួន​ធ្លាប់បាន​ពន្យល់ថា ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ​អាច​បណ្តាលមកពី​មូលហេតុ​ច្រើនយ៉ាង ក្នុងនោះ​មាន ៖ ទី​១ ជំងឺ​រួមរឹត​គ្រួសារ​។ ទី​២  ផ្ទៃដី​ធ្វើ​កសិកម្ម​មាន​ចំនួន​តិចតួច រីឯ​ចំនួន​សមាជិកគ្រួសារ​ច្រើន​។ ទី​៣ ជំពាក់​បំណុល​គេ​។ ទី​៤ គ្រោះមហន្តរាយ​គំរាមកំហែង​ជា​ញឹកញាប់​។ ទី​៥ ប្រជាពលរដ្ឋ​ខ្វះ​ចំណេះដឹង​។ ទី​៦ កង្វះខាត​ការងារ និង​ទី​៧ អំពើរ​ពុករលួយ​។ 
​ប្រសិនបើ​ផ្អែកលើ​ហេតុផល​ដែល​បានលើកឡើង​ខាងលើនេះ គេ​ត្រូវតែ​ស្តីបន្ទោស​ពេញទំហឹង​ទៅលើ​ការទទួលខុសត្រូវ​រប​ស់រាជ​រដ្ឋាភិបាល​ដែល ត្រូវបាន​គេ​ចាត់ទុក​ដូចជា​ឳ​ពុក​ម្តាយ​។ ដូច្នេះ ប្រសិនបើ​ប្រទេសជាតិ​ខ្វះ​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​ខ្លួនឯង វា​គឺជា​កំហុស​របស់​រដ្ឋាភិបាល​ដែល​ខកខាន​មិនបាន​ប​ង្កើ​ត​អោយ​គ្រប់គ្រាន់​។ ប្រសិនបើ​ប្រជាពលរដ្ឋ​មានកូន​ច្រើន តែ​ខ្វះ​ដី​ធ្វើស្រែ​ចម្ការ គឺជា​កំហុស​របស់​រដ្ឋាភិបាល ពីព្រោះ​រដ្ឋាភិបាល​គ្មាន​នយោបាយ​ច្បាស់លាស់​ជុំវិញ​បញ្ហា​នេះ​។ 
 
​នៅពេលដែល​ប្រជាពលរដ្ឋ​ខ្វះ​ចំណេះដឹង វា​គឺជា​កំហុស​របស់​រាជរដ្ឋាភិបាល ពីព្រោះ​រដ្ឋាភិបាល​មិនបាន​ជំរុញ​វិស័យនេះ​អោយ​ដើរ​លឿន​ទៅមុខ​ដោយ​រលូន​។ ត្រង់ចំណុច​នេះ សួ​ម​បញ្ជាក់ថា ប្រសិនបើ​គ្រួសារ​មួយ សហគមន៍​មួយ ឬ​ប្រទេសមួយ​ខ្វះ​មនុស្ស​ចេះដឹង​ខ្ពស់ គ្រួសារ​នោះ សហគមន៍​នោះ ប្រទេសជាតិ​នោះ ពិតជា​មិនអាច​អភិវឌ្ឍ​បាន​លឿន​ឡើយ​។ ការអប់រំ​គឺជា​កូនសោរ​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ ទាំង​នៅក្នុង​គ្រួសារ សហគមន៍ និង​សង្គមជាតិ​។​
 
​ទ្រព្យសម្បត្តិ មាសប្រាក់ ហូប​អាហារ សម្លៀកបំពាក់ គឺ​វា​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​។ ប៉ុន្តែ​ការងារ​ដែល​ធ្វើ​ដោយ​មនុស្ស​មានចំណេះដឹង​ខ្ពស់ ពិតជា​ផ្តល់​ផល​បាន​ច្រើនជាង​មនុស្ស​មិនសូវ​ចេះដឹង​។ ដូច្នេះ ចំណេះដឹង​គឺជា​កត្តា​លិ​ករ​រុញច្រាន​អោយ​សង្គម​មួយ​អាច​ងើប​ចេញពី​«​រណ្តៅ​»​នៃ​ភាព​
​ក្រីក្រ​បាន​ឆាប់រហ័ស​។​
 
​ការអប់រំ​ត្រូវបាន​គេ​ចាត់ទុកថា គឺជា​ការវិនិយោគ​រយៈ​ពេល​វែង ប៉ុន្តែ​វា​អាច​ផ្តល់​ផល​មកវិញ​ក៏​យូរ​ដែរ​។ ឳ​ពុក​ម្តាយ​អាច​វិនិយោគ​លើ​ការសិក្សា​របស់​កូន​ចំនួន​២២​ឆ្នាំ​ដើម្បី​ទទួលបាន​សញ្ញាប័ត្រ​បរិ​ញ្ញា​ប័ត្រ​។ រយៈពេល​នេះ​គឺ​យូរអង្វែង​មែន ប៉ុន្តែ​ផល​ដែល​ទទួលបាន​មកវិញ​តាមរយៈ​ការសិក្សា គឺ​មួយជីវិត​។ 
 
​បញ្ហា​ផ្សេងៗ​ទៀត​ដែល​គេ​ទម្លាក់កំហុស​ទៅលើ​រដ្ឋាភិបាល​ពេញទំហឹង​ដែរនោះ​គឺថា សេវាសាធារណៈ​
​របស់​រដ្ឋ​មិនសូវ​បាន​បម្រើ​ប្រជាពលរដ្ឋ​អោយ​ពេញលក្ខណៈ​ទេ​។ ផ្ទុយទៅវិញ មន្ត្រី​មួយចំនួន​ប្រព្រឹត្តិ​អំពើ​ផ្តេសផ្តាស​ដែល​ធ្វើអោយ​រាស្ត្រ​មួយចំនួន​រង​ទុក្ខ​។ លើសពីនេះទៅទៀត រដ្ឋាភិបាល​ខកខាន​មិនបាន​ផ្តល់​ឳ​កាស​ស្មើភាព មិនបាន​ផ្តល់​យុត្តិធម៌​ស្មើគ្នា​រវាង​អ្នកក្រីក្រ និង​អ្នកមាន​។ កូនអ្នកមាន មានឱកាស​រៀន​នៅ​សាលា​ឯកជន​ដែលមាន​គុណភាព រីឯ​កូនអ្នកក្រ​រៀន​នៅ​សាលា​រដ្ឋ​មិនសូវមាន​គុណភាព​។ ម្យ៉ាងវិញទៀត ប្រព័ន្ធតុលាការ​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ចោទប្រកាន់ថា បានដាក់​គំនៀប​លើ​អ្នកក្រីក្រ ច្រើនជាង​អ្នកមាន នៅពេល​មាន​ក្តីក្តាំ​កើតឡើង​។ 
 
​បើ​ផ្អែកលើ​អំណះអំណាង​ខាងលើនេះ គេ​ពិតជា​អាច​ទម្លាក់កំហុស​ទៅលើ​រាជរដ្ឋាភិបាល​ក្នុង​បរិបទ​ភាពក្រីក្រ​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។ 
 
​ប្រទេសមួយ​ក្រីក្រ​គេ​ត្រូវតែ​ស្តីបន្ទោស​ទៅលើ​រាជរដ្ឋាភិបាល​អ៊ីចឹង​ហើយ ពីព្រោះ​រដ្ឋាភិបាល​គឺជា​អាណាព្យាបាល ជា​អ្នក​កាត់​ចង្កូត​ប្រទេសជាតិ​។ ប៉ុន្តែ​ទន្ទឹមនឹង​ទម្លាក់កំហុស​ទាំងស្រុង​ទៅលើ​រាជរដ្ឋាភិបាល​នោះ តើ​ប្រជាពលរដ្ឋ​ខ្លួនឯង​មាន​កំហុស​ដែរឬទេ​? 
 
​ជាធម្មតា ដើម្បី​កសាង​ប្រទេសមួយ គេ​ចាំបាច់​ត្រូវការ​ការចូលរួម​ពី​គ្រប់ភាគី​ទាំងអស់​ក្នុងនោះ​មាន​៖ ដៃគូរ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល រាជ​រដ្ឋ​ភិ​បាល វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ខ្លួនឯង​។ ជាថ្មី​ម្តង​
​ទៀត ការស្តីបន្ទោស ឬ​ទម្លាក់កំហុស​ទៅលើ​រាជរដ្ឋាភិបាល​អាចជា​រឿង​ត្រឹមត្រូវ​ម្យ៉ាង ប៉ុន្តែ​កំហុស​មួយចំនួន​ក៏​អាច​បណ្តាលមកពី​ប្រជាពលរដ្ឋ​ខ្លួនឯង​ដែរ​។ 
 
​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវបាន​អ្នកខ្លះ​រិះគន់ថា ជា​ជនជាតិ​ខ្វះ​គំនិត​, មិនសូវ​ស្វាហាប់​, មិនសូវ​អត់ធន់​នឹង​ការងារ​, ចូលចិត្ត​សប្បាយ​ជាង​ធ្វើ​ការងារ​។ ដើម្បី​បញ្ជាក់​ពី​ភាព​មិនសូវ​ស្វាហាប់​របស់​ជនជាតិខ្មែ​រ​នោះ កាលពី​ជំនាន់​អាណានិគម​បារាំង​ដែល​គ្រប់គ្រង​ឥណ្ឌូចិន ជនជាតិ​បារាំង​ខ្លះ​បាន​និយាយថា​៖«​ជនជាតិ​វៀតណាម ចុះទៅ​ដាំ​ស្រូវ​ផ្ទាល់​នៅក្នុង​ស្រែរ​។ ជនជាតិខ្មែរ​ដើរទៅ​មើល​ស្រូវ​ដែល​កំពុង​ដុះ​លូតលាស់​ធំធាត់​។ ជនជាតិ​ឡាវ​គ្រាន់តែ​សម្រាន្ត​ស្តាប់​ស្រូវ​ដែល​កំពុង​ដុះ​នៅក្នុង​ស្រែរ​ប៉ុណ្ណោះ រីឯ​ជនជាតិ​ចិន​វិញ ពួកគេ​គឺជា​អ្នកប្រមូល​ផល​ស្រូវ និង​លក់​ទិន្នផល​យកលុយ​»​។ 
 
​តាមរយៈ​ចំណាប់អារម្មណ៍​របស់​ជ​ន​ជាតិ​បារាំង​ខាងលើនេះ គេ​អាច​ទាញ​សេចក្តី​សន្និដ្ឋានបានថា ប្រជាជន​វៀតណាម​ជា​អ្នក​ឧស្សាហ៍​ការងារ ជនជាតិខ្មែរ​មិនសូវ​ចូលចិត្ត​ធ្វើការ​ទេ ជនជាតិ​ឡាវ ខ្ជិល​បន្តិច រីឯ ចិន គឺជា​ជនជាតិ​ដែល​ឆ្លាត​ពូកែ​ធ្វើ​ជំនួញ​យកប្រាក់​ចំណេញ​។​
 
​សូមបញ្ជាក់ថា ទ្រព្យសម្បត្តិ ឬ​ផលិតផល​ផ្សេងទៀត ដូចជា ស្រូវ ក្រណាត់ កុំព្យូទ័រ តុ កៅអី ទាំងអស់នេះ វា​កើតចេញពី​ការផលិត​។ ចុះបើ​ប្រជាពលរដ្ឋ​ខ្ជិល​ផលិត ហើយ​ចាំតែ​បរិភោគ​នោះ​។ ជា​សត្យានុម័ត​ប្រ​ឡប់​មកវិញ ទ្រព្យ​ទាំងនោះ​មិនអាច​ធ្លាក់​ពីលើ​មេឃ​បានឡើយ​។ ប្រឹង​ធ្វើការ​បង្កើត​ផលិតផល ផលិតផល​លក់​ចេញ​ជា​ប្រាក់ ប្រាក់​បង្កើត​ទ្រព្យ​។ 
 
​ឯា​កមក​មើល​ប្រជាពលរដ្ឋ​ខ្មែរ​វិញ តើ​ពួកគេ​បាន​ខិតខំ​ផលិត​អស់ពី​សមត្ថភាព​ហើយ​ឬ​នៅ​?
 
​និយាយ​ជារួម ពលរដ្ឋ​ខ្មែរ​មួយចំនួនធំ​ឧស្សាហ៍​ព្យាយាម​រហូត​ទទួលបាន​ផលប្រយោជន៍​ច្រើន​ហើយ ។ ប៉ុន្តែ នៅតាម​ទីជនបទ​ខ្លះ គេ​នៅ​បន្ត​សង្កេតឃើញថា ស្ត្រី​មួយចំនួន​អង្គុយ​និយាយ​គ្នា ឬ​រក​ចៃ​អោយ​គ្នា​ទៅវិញទៅមក​អស់​មួយ​ព្រឹក​ដោយ​គ្មាន​ផលិត​អ្វី​ទាំងអស់​។ តើ​គេ​អាច​រកប្រាក់​បាន​ឬទេ​? បុរស​ខ្លះ​អង្គុយ​ពិសារ​ស្រា​តាំងពីព្រឹក​រហូតដល់​ល្ងាច​។ តើ​គេ​បាន​ផលិត​អ្វីខ្លះ​? ប្រជាពលរដ្ឋ​ខ្លះ​ចំណាយពេល​សម្រាន្ត​ពេល​ថ្ងៃ​អស់​មួយ​កំណាត់​ថ្ងៃ​ទៅហើយ​។ តើ​នេះ​ជាការ​ខាត​ពេលវេលា​ផលិត​ឬទេ​? 
 
​គ្រួសារ​ខ្លះទៀត មាន​ដី​នៅ​ទំនេរ​ជុំវិញ​គេហដ្ឋាន​។ ប៉ុន្តែ​ពួកគេ​មិន​ដាំ​ដំណាំ​អ្វី​ទាំងអស់ ពួកគេ​សុខចិត្ត​ទិញ​បន្លែ​ពី​អ្នកដទៃ​វិញ​។ ពួកគេ​មិន​ចិញ្ចឹមសត្វ​ដើម្បី​បរិភោគ​ខ្លួនឯង​ទេ​។ ប្រសិនបើ​គ្រួសារ​មួយ ចិញ្ចឹម​មាន់តែ​១០​ក្បាល សត្វ​ទា​៥​ក្បាល សត្វ​ជ្រូក​២​ក្បាល គោរ​មួយ​នឹម គ្រួសារ​នោះ​ក៏​អាច​ធូរធារ​គ្រាន់បើ​ដែរ​។ 
 
​សរុបសេចក្តី​មកវិញ ប្រសិនបើ​ប្រជាពលរដ្ឋ​ខ្លួនឯង​នៅតែ​បន្ត​ចំណាយពេល​គ្មាន​ប្រយោជន៍ និង​នៅមាន​អារម្មណ៍​«​ខ្ជិលច្រអូស​»​ក្នុង​កិច្ចការ​យ៉ាង​ដូច្នេះ ពួកគេ​មិន​ងាយ​នឹង​ចាក​ចេញពី​«​រណ្តៅ​»​នៃ​ភាពក្រីក្រ​បានឡើយ​។ 
 
​រដ្ឋាភិបាល​ជា​អ្នក​ជួយ​មួយផ្នែក​មែន ប៉ុន្តែ​ពលរដ្ឋ​ខ្លួនឯង​ត្រូវ​ពង្រឹង​ខ្លួនឯង​។ «​ជួយ​ខ្លួនឯង​ជាមុនសិន មុននឹង​អោយ​ព្រះ​ជួយ​អ្នក​»​។ «​ភាព​ខ្ជិលច្រអូស​ជំរុញអោយមាន​ភាពក្រីក្រ​»៕ 
 
​នេះ គឺជា​អត្ថបទ​ខ្លី​ផ្សេង​មួយទៀត​ដែល​បង្ហាញ​ពី​ផលិតភាព​របស់​ពលរ​ដ្ឋ​ខ្មែរ​ប្រៀបធៀប​ជាមួយ​បរទេស​
 
 ក្នុង​មួយឆ្នាំ ខ្មែរ​ម្នាក់​ផលិត​បាន ៤ ៦០០​ដុល្លារ​, សឹង្ហ​បុរី ១១៤ ៤០០​ដុល្លារ និង​ថៃ ២២ ៩០០​ដុល្លារ​
 
​ភ្នំពេញ​៖ កម្ពុ​ជាមាន​ផលិតភាព​ការងារ គិត​ជា​ដុល្លារ​ស្មើនឹង ៤៦០០​ដុល្លារ​ក្នុង​មួយឆ្នាំ​។  បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​មួយចំនួន តើ​កម្ពុជា​ស្ថិតនៅ​ចំណុច​ណា​? ខាងក្រោម​នេះ ជា​តួលេខ​នៃ​ប្រជាជន​ម្នាក់​ផលិត​បាន​ក្នុង​មួយឆ្នាំ​គិត​ជា​ប្រាក់​ដុល្លារ​។ 
 
១) ជនជាតិខ្មែរ​ផលិតភាព​ការងារ​ប្រចាំឆ្នាំ​៖ ៤ ៦០០​ដុល្លារ​អាមេរិក​
២) ជនជាតិ​ថៃ​៖ ២២,៩០០​ដុល្លារ 
៣) វៀតណាម​៖ ៧,៩០០​ដុល្លារ 
៤) ឡាវ​៖ ៧,៩០០​ដុល្លារ​
៥) មី​យ៉ាន់​ម៉ា​៖ ៦,៧០០​ដុល្លារ​។​
៦) ណេ​ប៉ាល់​៖ ៤៦០០​ដុល្លារ​
៧) ក្រុង​ហុងកុង​៖ ៩០,៦០០​ដុល្លារ​
៨) សហរដ្ឋអាមេរិក​៖ ១០២,៦០០​ដុល្លារ​
៩) សិង្ហ​បុរី មាន​ផលិតភាព​ការងារ​រហូតដល់​៖ ១១៤,៤០០​ដុល្លារ​
 
​តួលេខ​ខាងលើនេះ​បង្ហាញ​ដោយ​លោក ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៦ កន្លងមក ដោយ​លោក​បាន​ដកស្រង់​ចេញពី​របាយការណ៍​រប​ស់​អង្គការ​
​ជប៉ុន​មួយ​។ របាយការន៍​នេះ បានធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១២​កន្លងមក ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​បន្ត​ដោយ​លោក សោភ័ន កាលពីដើមឆ្នាំ​២០១៦ ។  
 
​បើ​ពិនិត្យ​លើ​តួលេខ​នេះ លោក ពេ​ជ សោភ័ណ បាន​និយាយថា បើ​និយាយ​ពី​ធ្វើស្រែរ ខ្មែរ​ធ្វើ​មួយ​ហិកតា​បាន​២​តោន អាមេរិក​ធ្វើបាន​១០​តោន​ក្នុង​មួយ​ហិកតា​ដូចគ្នា​។ លោក សោភ័ណ បាន​បន្តទៀតថា កត្តា​សម្ភារ​ជា​រឿង​ម្យ៉ាង តែ​រឿង​សំខាន់ គឺ​កត្តា​ធនធានមនុស្ស​។ ដើម្បី​ឲ្យ​កត្តា​មនុស្ស​ល្អ គេ​ត្រូវធ្វើ​ការបណ្តុះបណ្តាល​ជំនាញ​។ អ្វីដែល​លោក ពេ​ជ សោភ័ណ ចង់​អត្ថាធិប្បាយ​នៅទីនេះ គឺថា ដោយសារ​កត្តា​ផលិតភាព​ទាំងនេះហើយ​ទើប​«​ខ្មែរ​ក្រ​»៕ 

Tag:
 សេដ្ឋកិច្ច​-​ក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com