ជាតិ
បទវិភាគ
សង្គមជាតិ
ពលរដ្ឋ​ខ្មែរ​កាត់បន្ថយ​ការធ្វើដំណើរ​ទៅ​ពេទ្យ​វៀតណាម តែ​សម្រុក​ទៅ​ពេទ្យ​ថៃ តើ​មូល​ហេតុអ្វី​?
12, Sep 2016 , 11:30 am        
រូបភាព
​ភ្នំពេញ​៖ បញ្ហា​វិស័យ​សុខាភិបាល នៅតែ​ជា​ក្តីកង្វល់​ទូទៅ​របស់​មហាជន​ខ្មែរ បើទោះបីជា​វិស័យ​មួយ​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង​កែទម្រង់​ជា​រៀងរាល់ថ្ងៃ ហើយ​វិស័យ​ឯកជន​ប្រឹងប្រែង​វិនិយោគ​ពង្រីក​បន្ថែម​យ៉ាងណាក្តី​។ កង្វល់​របស់​មហាជន គឺ​នៅត្រង់ថា ពួកគេ​នៅតែ​គិតថា សេវាកម្ម​សុខាភិបាល​ខ្មែរ​នៅមានកម្រិត​ទាប​ជាង​ប្រទេសជិតខាង​។ ដូច្នេះហើយ បានជា​ពលរដ្ឋ​ខ្មែរ​ដែលមាន​ជំងឺ ហើយ​មាន​ធនធាន​គួរសម តែងតែ​ធ្វើដំណើរ​ទៅ​ទទួល​ការព្យាបាល​នៅ​ប្រទេសជិតខាង​។ កាលពី​ពេលមុន ពលរដ្ឋ​ខ្មែរ​ចាក​ចេញទៅ​ប្រទេស​វៀតណាម​ច្រើន តែ​ក្រោយមក ជាពិសេស នៅពេល​បច្ចុប្បន្ននេះ​តែម្តង ពួកគេ​បាននាំគ្នា​សម្រុក​ទៅកាន់​ប្រទេស​ថៃ​វិញ​។ តើ​មូល​ហេតុអ្វី​បានជា​ពលរដ្ឋ​ខ្មែរ​ប្តូរ​ទិសដៅ​ពី​ប្រទេស​វៀតណាម ទៅកាន់​ប្រទេស​ថៃ​?



​ជាការ​មិនអាច​ប្រកែក​បាន សេវាកម្ម​សុខាភិបាល ទាំង​រដ្ឋ ទាំង​ឯកជន​នៅក្នុង​ប្រទេស​កម្ពុជា មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ សេវាកម្ម សមត្ថភាព សម្ភារ និង​ឱសថ​នៃ​មន្ទី​ពេទ្យ​រដ្ឋ​ត្រូវបាន​កែលម្អ​ប្រសើរ​ជាង​មុន​។ សេវាកម្ម សមត្ថភាព វេជ្ជបណ្ឌិត សម្ភារ និង​ថ្នាំសង្កូវ​នៃ​មន្ទី​ពេទ្យ​ឯកជន ក៏​ប្រសើរ​ជាង​មុន​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មន្ទី​ពេទ្យ​ឯកជន​ដែល​វិនិយោគ​ដោយ​ខ្មែរ​មាន​លក្ខណៈ​ស្តង់ដា​អន្តរជាតិ ក៏មាន​កាន់តែច្រើន ហើយ​មន្ទី​ពេទ្យ​ឯកជន​ដែល​វិនិយោគទុន​ដោយ​អ្នកជំនួញ​បរទេស ខ្នាត​អន្តរជាតិ ក៏មាន​វត្តមាន​កាន់តែ​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ​។ និយាយ​ជារួម  សេវាកម្ម​សុខាភិបាល​ខ្មែរ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន ដោយ​មិនអាច​ប្រកែក​បាន​។ ប៉ុន្តែ អ្វីដែល​មិនអាច​ប្រកែក​បានដែរ​នោះ គឺថា ទន្ទឹមនឹង​ការរីកចម្រើន​នៃ​សេវាកម្ម​សុខាភិបាល​នៅក្នុង​ប្រទេស ចលនា​ចាកចេញ​ទៅកាន់​បរទេស​ដើម្បី​ទទួលបាន​ការព្យាបាល ក៏​នៅ​មិនទាន់​ថយចុះ​ដែរ​។ 
 
​អ្នកមាន​ជីវភាព​ទន់់ខ្សោយ ជាការ​ពិត ត្រូវ​ទទួល​ការព្យាបាល​នៅក្នុង​ប្រទេស​។ តែ​អ្នកមាន​ជីវភាព​មធ្យម​ឡើងទៅ​មួយចំនួន នៅតែ​សម្រេចចិត្ត​ទៅ​ទទួល​ការព្យាបាល​នៅ​បរទេស ក្នុងនោះ មាន​ប្រទេស​បារាំង អាមេរិក ម៉ាឡេស៊ី សឹង្ហ​បុរី ថៃ និង​ប្រទេស​វៀតណាម អាស្រ័យ​ទៅតាម​លទ្ធភាព និង​ការយល់់ឃើញ​របស់​ពួកគេ​រៀងៗ​ខ្លួន​។ ប្រទេស​ថៃ វៀតណាម និង​សឹង្ហ​បុរី គឺជា​ប្រទេស​ដែល​អាច​ទាក់ទាញ​អ្នកជំងឺ​ជនជាតិខ្មែរ​បាន​ច្រើនជាងគេ​។ 
 
​មូលហេតុ​ដែល​ជំរុញ​ឲ្យ​ពួកគេ​នៅតែ​សម្រេច​ចាក​ចេញទៅ​ទទួល​ការព្យាបាល​នៅ​បរទេស​នោះ គឺ​បណ្តាលមកពី​ការយល់ឃើញ​ផ្សេងៗ​ពីគ្នា​មួយចំនួន ក្នុងនោះ មាន​៖ ទី​១ គឺ​ពួកគេ​នៅតែ​គិតថា ប្រសិទ្ធិភាព​(​សម្ភារ សមត្ថភាព​វេជ្ជបណ្ឌិត​…) នៃ​ការព្យាបាល​នៅក្រៅ​ប្រទេស​ប្រសើរ​ជាង​នៅក្នុង​ប្រទេស បើទោះបីជា​ប្រសិទ្ធិ​ភាពជាក់ស្តែង​ដូចគ្នា​ក៏ដោយ​ក្តី​។ ទី​២ គឺ​ពួកគេ​នៅតែ​គិតថា សេវាកម្ម​នៅក្រៅ​ប្រទេស​ល្អ​ជាង និង​ទុកចិត្ត​ជាង​។ និយាយ​ឲ្យ​ចំ ពលរដ្ឋ​ខ្មែរ​មួយចំនួន​បាត់បង់​ជំនឿ​លើ​វេជ្ជបណ្ឌិត​ខ្មែរ​តែម្តង​។ ទី​៣ គឺ​ភាពអវិជ្ជមាន​បង្កឡើង​ដោយ​វេជ្ជបណ្ឌិត​មួយចំនួន​តូច​ដែល​បន្ត​បង្ខូច​អាជីព​វិស័យ​សុខាភិបាល​ទាំងមូល​ដោយសារតែ​ពួកគេ​មិន​គោរព​ក្រមសីលធម៌​-​វិជ្ជាជីវៈ​។ ចំណុច​នេះ ឆ្លើយតប​ទៅនឹង​សុភាសិត​ខ្មែរ​មួយ​ដែល​លើកឡើងថា​«​ត្រី​ស្អុយ​មួយ ស្អុយ​មួយ​កន្ត្រក​» និង​ទី​៤ គឺ​ដោយសារ​ជីវភាព​ធូរធារ​នៃ​ពលរដ្ឋ​ខ្មែរ​ខ្លះ​។ នៅពេលដែល​ជីវភាព​ប្រសើរ ពួកគេ​ត្រូវការ​សេវាកម្ម គុណភាព​សុខាភិបាល​កាន់តែ​ខ្ពស់ ហើយ​នេះ គឺជា​អ្វីដែល​កើតឡើង​ពាសពេញ​ពិភពលោក​។ អ្នកមាន​ត្រូវការ​អ្វីដែល​ប្រណិត​បំផុត និង​មាន​ប្រសិទ្ធិ​ភាពខ្លាំង​។ 
 
​ចរន្ត​ចាក​ចេញទៅ​ក្រៅប្រទេស​នៅមាន​ដដែល ជាពិសេស ទៅ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​។ តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​នៅត្រង់ថា នៅពេលនេះ អ្នកជំងឺ​ខ្មែរ​នាំគ្នា​ប្តូរ​ទិសដៅ​ពី​ទៅ​ប្រទេស​វៀតណាម ទៅកាន់​ប្រទេស​ថៃ​វិញ​។ 
 
​តើ​ហេតុអ្វី​បាន​ជាមាន​ចរន្ត​នេះ​? គ្មាន​នរណា​អាច​ផ្តល់​ចម្លើយ​ពិត​ប្រាក​សុក្រឹត​១០០%​នោះទេ​។ តែ​ការសន្និដ្ឋាន​មួយចំនួន​បានលើកឡើង​ថា វា​អាចទាក់ទង​ទៅនឹង​ជីវភាព​ប្រសើរឡើង​រប​ស់​អ្នកជំងឺ​ខ្មែរ ព្រោះ​ការព្យាបាល​នៅ​ថៃ ថ្លៃ​ជាង​នៅ​វៀតណាម តែ​ប្រសិទ្ធិភាព និង​សេវាកម្ម​ប្រសើរ​ជាង​។ មូលហេតុ​ទី ២ គឺ​អ្នកជំងឺ​នាំគ្នា​គិតថា វេជ្ជបណ្ឌិត​វៀតណាម​ចេញ​វេជ្ជបញ្ជា​ផ្តល់​ថ្នាំ​ច្រើនពេក​(​វ៉ៃ​ថ្នាំខ្លាំងៗ​)​។ ទី​៣ គឺ​ដោយសារ​អ្នកជំងឺ​យល់ឃើញថា សេវាកម្ម​ទូទៅ​នៅក្នុង​ប្រទេស​វៀតណាម អន់​ជាង​នៅក្នុង​ប្រទេស​ថៃ​។ ទី​៤ ក៏​អាច​ថា វា​បណ្តាលមកពី​ភាព​ដដែលៗ​ដែរ មានន័យថា អ្នកជំងឺ​ខ្មែរ គឺជា​អ្នកជំងឺ​បែប​ទេសចរ​ដែរ​។ នៅពេលដែល​ពួកគេ​ស្គាល់​ប្រទេស​វៀតណាម​ច្រើនដង​ហើយ ដូច្នេះ ពួកគេ​ចង់​សាកល្បង​ពេទ្យ​ថៃ​ម្តង ហើយ​ឆ្លៀតពេល​ជាមួយគ្នា ពួកគេ​អាច​ដើរ​កម្សាន្ត​ប្រទេស​ថៃ​តែម្តងទៅ​។ ទី​៥ អ្នកជំងឺ គិតថា ម្ហូបអាហារ​នៅ​ប្រទេស​ថៃ​ឆ្ងាញ់​ជាង និ​ថោក​ជាង​ម្ហូបអាហារ​នៅក្នុង​ប្រទេស​វៀតណាម និង​ទី​៦ អាច​ថា 
​វា​បណ្តាលមកពី​នយោបាយ​ការបរទេស​រវាង​កម្ពុ​ជា និង​វៀតណាម មិនសូវ​ល្អ​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ តែ​នេះ គ្រាន់តែ​ជាការ​សន្និដ្ឋាន​ប៉ុណ្ណោះ ពោល គឺ​ពុំទាន់​មានការ​ស្រាវជ្រាវ​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ​។ 
 
​តើ​ចរន្ត​នៃ​ការហូរ​ចេញ​អ្នកជំងឺ​ខ្មែរ​ទៅ​ក្រៅប្រទេស​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់់​អ្វីខ្លះ​? ហើយ​អ្វី​ទៅជា​ដំណោះស្រាយ​រយៈពេល​វែង​? 
​គេ​ពិបាក​នឹង​សន្និដ្ឋានថា តើ​កម្ពុជា​ត្រូវ​ខាត​ប៉ុន្មាន​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ព្រោះ គេ​ពុំមាន​តួលេខ​ពិ​ប្រាកដថា តើ​មាន​ខ្មែរ​ប៉ុន្មាន​នាក់​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ដើម្បី​ទទួល​ការពិនិត្យ​សុខភាព​ក្នុង​មួយឆ្នាំ​។ ឧទាហរណ៍​ថា ប្រសិនបើ​ជនជាតិខ្មែរ​៥០​ម៉ឺន​នាក់​បាន​ចេញទៅ​ក្រៅប្រទេស​ដើម្បី​ទទួល​សេវា​សុខភាព​ក្នុង​មួយឆ្នាំ ហើយ​ម្នាក់​ចំណាយ​ជា​មធ្យម​៥០០​ដុល្លារ នោះគេ​អាច​សន្និដ្ឋានបានថា កម្ពុជា​ត្រូវ​ចំណាយ​អស់​២៥០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ នេះ គឺជា​ការខាតបង់​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​ក្រៅប្រទេស​។ ការខាតបង់​ថវិកា គឺជា​រឿង​មួយ​។ តែ​ការខាតបង់​មួយទៀត គឺ​ការខាតបង់​កិត្តិយស​។ ជា​រូបភាព​ទូទៅ នៅពេលដែល​គេ​ឃើញ​ខ្មែរ​នាំគ្នា​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ដើម្បី​ទទួល​សេវា​សុខភាព គេ​វិនិច្ឆ័យ​ភ្លាម​ថា សេវា​សុខាភិបាល​ខ្មែរ​«​អន់​»​។ 
 
​តើ​គេ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ទាញ​ទំនុកចិត្ត​ខ្មែរ​ឲ្យ​មក​ជឿ​លើ​សេវា​ខ្មែរ​វិញ​នោះ​? នេះ គឺជា​សំណួរ​ដែល​មើលទៅ​ស្រួល​ឆ្លើយ តែ​ពិបាកធ្វើ​។ ការបាត់បង់​ជំនឿ ហើយ​ចង់​ស្តារ​ជំនឿ​មកវិញ គឺជា​រឿង​លំបាក ហើយ​គេ​ត្រូវការ​ពេលវេលា​ពន្យល់ ផ្សព្វផ្សាយ និង​ស្របពេល​ជាមួយគ្នា វិស័យ​សុខាភិបាល​ខ្មែរ​ទាំងមូល​ត្រូវ​ប្រកាស​កែទម្រង់​ឲ្យ​ស៊ីជម្រៅ​ធ្វើយ៉ាងណា​ឲ្យ​ពលរដ្ឋ​ខ្មែរ​មើលឃើញ​ជាក់ស្តែង​ថា ពិត​ជាមាន​កំណែទម្រង់​ពិតប្រាកដ ទាំង​វិស័យ​រដ្ឋ និង​ឯកជន​។ ហើយ​អ្វីដែល​ត្រូវធ្វើ​ឲ្យ​ខាងតែបាន​នោះ គឺ​ការអភិវឌ្ឍ​សម្ភារ​វេជ្ជសាស្ត្រ ពង្រីក​សមត្ថភាព​វេជ្ជបណ្ឌិត កែលម្អរ​សេវាកម្ម និង​ក្រមសីលធម៌​-​វិជ្ជាជីវៈ​វេជ្ជបណ្ឌិត​។ ប្រសិនបើ​ស្ថាប័ន​ពាក់ព័ន្ធ​អាចធ្វើ​យ៉ាងនេះ​បាន​ក្នុងពេល​ណាមួយ​នោះ នោះ​ជំនឿ​របស់​ពលរដ្ឋ​លើ​វិស័យ​សុខាភិបាល​ខ្មែរ​នឹង​អាច​ស្តារឡើងវិញ​បាន​៕ 

Tag:
 សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com