ពីនេះ ពីនោះ
កូន​ខ្មែរ តាម​ទីក្រុង​មួយចំនួន​មិន​ស្គាល់​ពាក្យ​ថា​«​កញ្ជើ និង កន្តាំង​» ឡើយ​
02, Nov 2017 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យពេចន៍​មួយចំនួន របស់​ចាស់​បុរាណ​ខ្មែរ និង​ពាក្យពេចន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន ដែល​រស់​នៅតាម​និគម ជនបទ  គឺ​មិន​ត្រូវបាន​គេ​ស្គាល់ ជាទូទៅ​ឡើយ​។ ដោយឡែក ពាក្យ​ថា​«​កញ្ជើ និង កន្តាំង​»​នេះ ប្រហែលជា​មានកូន​ខ្មែរ​មិន​ច្រើន​ទេ ដែល​ស្គាល់​ពាក្យ​នេះ ហើយ​ដឹង​ពី​អត្ថន័យ និង​ការប្រើប្រាស់​។​



​សទ្ទានុក្រម​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​បានអនុម័ត​ដោយ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ បាន​ពន្យល់ និង​ឲ្យ​ន័យរ​បស់ពាក្យ​ទាំងនេះ​ថា​៖

​ពាក្យ​«​កញ្ជើ​»  គឺជា​ខ្នាត​រង្វាល់​ខ្មែរ​ពី​បុរាណ សម្រាប់​វាល​គ្រាប់​ធញ្ញជាតិ វត្ថុ​ល្អិតៗ ជាដើម ដែល​ត្បាញ​ដោយ​បន្ទះ​ឫស្សី ខាងលើ​មាន​រាង​មូល ហៅថា​មាត់​ក្ដាប់​នឹង​បន្ទោះ​ផ្ដៅ​, ខាងក្រោម​រាប ហៅថា បាត​។ ឧទាហរណ៍ អង្ករ​មួយ​កញ្ជើ​។​

​ពាក្យ​«​កន្តាំង​» គឺជា​ខ្នាត​រង្វាល់​ខ្មែរ​ពី​បុរាណ (​មាន​រាង​ដូច​ល្អី​) សម្រាប់​វាល​គ្រាប់​ធញ្ញជាតិ មាន​ស្រូវ អង្ករ ជាដើម​, ជា​រង្វាល់​អនុភាគ ដែលមាន​ចំណុះ​ពីរ​ភាគ​ឬ​បី​ភាគ ឬក៏​បួន​ភាគ​នៃ​តៅ​។ អ្នកខ្លះ​ហៅថា ខ្ញឹង​។ ឧទាហរណ៍ ស្រូវ​បី​កន្តាំង​៕

​ដកស្រង់​ពី​៖ សទ្ទានុក្រម​វប្បធម៌ និង​វិចិត្រសិល្បៈ​, ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​,២០១៥


© រក្សាសិទ្ធិដោយ thmeythmey.com