ជាតិ
សុវត្តិភាព ចរាចរណ៍
ការពង្រីក​ផ្លូវ​នៅ​សៀមរាប​មានការ​លំបាក​ព្រោះ​ប៉ះ​ដើមឈើ​ប្រវត្តិសាស្ត្រ​ច្រើន​
19, Sep 2016 , 2:36 pm        
រូបភាព
​សៀមរាប​៖ ចរាចរណ៍​នៅក្នុង​ក្រុង​សៀមរាប​កាន់តែ​ចង្អៀត​ទៅៗ ដោយសារ​កំណើន​មនុស្ស និង​យានយន្ត​។ ដើម្បី​បញ្ចៀស​បញ្ហា​នេះ​បាន អាជ្ញាធរខេត្ត​បាននិងកំពុង​រៀបចំ​ព​ង្រី​ក​ផ្លូវថ្នល់​មួយចំនួន​ក្នុង​ក្រុង តែ​ការពង្រីក​នោះ​ត្រូវបាន​គេ​មើលឃើញថា មាន​តិចតួច និង​នៅតាម​ជាយៗ​ក្រុង​តែប៉ុណ្ណោះ​។ សម្រាប់​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ការពង្រីក​ប្រព័ន្ធ​ផ្លូវថ្នល់​នៅ​ខេត្តសៀមរាប មានការ​លំបាក​ច្រើន ព្រោះ​ប៉ះពាល់​ដល់​ដើមឈើ​ប្រវត្តិសាស្ត្រ ជាពិសេស​គឺ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ មុខ​ព្រះរាជដំណាក់​។​



​ជាមួយនឹង​ការលើកឡើង​ពី​ផល​លំបាក​ក្នុង​ការពង្រីក​ផ្លូវ​ដោយសារ​ប៉ះ​ដើមឈើ ដែលមាន​អាយុ​រយ​ឆ្នាំ​ហើយ​នោះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា ក្រសួង​ក៏​កំពុង​គិតគូរ​បន្ថែមទៀត លើ​ការរៀបចំ​ផ្លូវថ្នល់​ក្នុង​ក្រុង​សៀមរាប​។ លោក​ពន្យល់​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖«...​ដឹង​ស្រាប់​ហើយ បើ​ដើមឈើ​រាប់រយឆ្នាំ វា​ពិបាក​ចឹ​ង​ណា​។ ពិបាក​ណាស់ មិន​ហ៊ាន​កាប់​ទេ​លោក​អើយ ណា​មិន​ហ៊ាន​។ ប៉ុន្តែ​យើង​នឹង​រៀបចំ​នីតិវិធី និង​សណ្តាប់ធ្នាប់ ខ្ញុំ​ជឿជាក់ថា ឯកឧត្តម​អភិបាល​លោក​គិតគូរ​ច្រើនណាស់​...»​។​

​ជាមួយនេះ​ផងដែរ លោក ស៊ុន ចាន់ថុល រំពឹងថា វត្តមាន​ស្ពានថ្ម ដែល​រៀបចំ​ជា​ស្ពាន​ភ្លោះ​មុខ​ព្រះរាជដំណាក់ នឹង​អាច​កាត់បន្ថយ​ការកកស្ទះ​បាន​ចំនួន​ធំ​។ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានសម្រេច​សង់ស្ពាន​ចំនួន​២​កន្លែង​កាត់​ស្ទឹង​សៀមរាប ទីមួយ​សង់ស្ពាន​បន្ថែម​មួយទៀត​នៅមុខ​ព្រះរាជដំណាក់ និង​ទី​ពីរ ស្ពាន​វត្ត​ពោធិ៍​លង្កា ដែល​ស្ពាន​ចាស់​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​។ ក្នុង​គម្រោង ស្ពាន​នីមួយៗ​មាន​ប្រវែង ៤០​ម៉ែត្រ និង​ទទឹង ៨​ម៉ែត្រ​៕

​សូម​ស្តាប់​ការលើកឡើង​របស់លោក ស៊ុន ចាន់ថុល ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពានថ្ម នៅ​ក្រុង​សៀមរាប នៅ​ព្រឹក​ថ្ងៃទី​១៩ កញ្ញា ឆ្នាំ​២០១៦







Tag:
 ​ស្ពាន​
  ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com