ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នឹង​ទាក់ទាញ​ការវិនិយោគ និង​បង្ហាញ​សក្ដានុពល​ខ្លួន ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ភ្នំពេញ​ឆ្នាំ​២០១៧
22, Sep 2016 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្ដីពី​អាស៊ាន​(World Economic Forum on ASEAN) លោក​ទី​២៦ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែឧសភា​ឆ្នាំ​២០១៧  ។ តាមរយៈ​វេទិកា​នេះ រដ្ឋាភិបាល​នឹង​ព្យាយាម​ទាក់ទាញ​ក្រុមហ៊ុន​ធំៗ មក​បណ្ដាក់ទុន​នៅ​កម្ពុជា និង​បង្ហាញ​ពី​សក្ដានុពល​សេដ្ឋកិច្ច និង​វិស័យ​ទេសចរណ៍​។  នេះ​បើតាម លោក ស៊ុន ចាន់ថុល ប្រធាន​គណៈកម្មការ​អន្តរក្រសួង​រៀបចំ​កិច្ចប្រជុំ​វេទិកា​នេះ​។​



​លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ការទទួល​រៀបចំ​វេទិកា​សេដ្ឋកិច្ចពិភពលោក ដែលមាន​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ពី​បណ្ដា​ប្រទេស​នានា និង​ក្រុមហ៊ុន​ធំៗ​ចូលរួម ប្រមាណ​ជាង ៧០០​នាក់​នេះ គឺជា​ឱកាស​ដ៏​កម្រ​មួយ ខណៈដែល​ប្រទេស​ផ្សេងៗ​ព្យាយាម​ស្នើសុំ​រៀបចំ​វេទិកា​នេះ​នៅ​ប្រទេស​ខ្លួន​។ លោក​ថ្លែងថា ការទទួលបាន​ឱកាស​នេះ ក៏​ព្រោះតែ​កម្ពុ​ជាមាន​សុខសន្តិភាព ស្ថិរភាព ដែល​ផ្ដល់​ទំនុកចិត្ត​ដល់​បណ្ដា​ថ្នាក់ដឹកនាំ​បរទេស និង​ក្រុមហ៊ុន​ទាំងនោះ​។​

​សូម​ស្ដាប់​ប្រសាសន៍ លោក ស៊ុន ចាន់ថុល ខាងក្រោម​នេះ​៖



​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំ​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​មួយ​នេះ ដែលមាន​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ជា​ប្រធាន និង លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ជា​អនុប្រធាន​។ គណៈកម្មការ​នេះ មាន​ភារកិច្ច​ដឹកនាំ ចាត់ចែង និង​ត្រួតពិនិត្យ​ដំណើរការ​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្ដីពី​អាស៊ាន ឲ្យ​មាន​ប្រសិទ្ធភាព​។​
​ឆ្នាំ​២០១៦​នេះ វេទិកា​នេះ ត្រូវបាន​រៀបចំ​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ខែមិថុនា ដែលមាន​ប្រទេស​សមាជិក​អាស៊ាន និង​បណ្ដា​ប្រទេសក្រៅ​តំបន់​ផ្សេងទៀត ជាង​៥០​ប្រទេស​៕


Tag:
 វេទិកា​សេដ្ឋកិច្ចពិភពលោក​
  វិនិយោគ​
  ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com