ជាតិ
រដ្ឋមន្ត្រីក្រសួងកសិកម្ម ចង់ឲ្យវិស័យឯកជន រកទីផ្សារជូនកសិករ 
លោក វេង សាខុន កំពុងឆ្លើយសំណួរអ្នកសារព័ត៌មាននៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម
×![]()
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងថា ក្រសួងនឹងបង្កើតគោលនយោបាយមួយស្តីពី៖«ផលិតកម្មតាមកិច្ចសន្យា»។ គោលដៅនៃគោលនយោបាយនេះ គឺធ្វើឲ្យវិស័យឯកជន និងកសិករ មានឯកភាពគ្នា។ លើសពីនេះ លោករដ្ឋមន្ត្រី ចង់ឲ្យវិស័យឯកជន មានភាពឈ្លាសវៃក្នុងការស្វែងរកទីផ្សារជូនប្រជាជន ដើម្បីដោះស្រាយបញ្ហាទីផ្សារកសិកម្មនៅកម្ពុជា។
សូមអញ្ជើញស្តាប់ប្រសាសន៍របស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខាងក្រោមនេះ៖
ឆ្លើយតបនិងបញ្ហាធ្លាក់ថ្លៃកសិផលខ្មែរ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ សហការណ៍ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំគោលនយោបាយមួយស្តីពី៖«ផលិតកម្មតាមកិច្ចសន្យា» ដែលមានន័យថា មុននឹងដាំណាំ កសិករ និងវិស័យឯកជន ត្រូវធ្វើកិច្ចសន្យា ដោយមានក្រសួងកសិកម្មធ្វើជាសាក្សី។ គោលដៅនៃគោលនយោបាយនេះ គឺក្រសួងចង់ឲ្យភាគីទាំងពីរ មិនក្បត់គ្នា។
ជាងនេះទៅទៀត លោករដ្ឋមន្ត្រី ចង់ឲ្យវិស័យឯកជន ដើរតួនាទីខ្លាំងក្លា ទាំងធុរកិច្ច បច្ចេកទេស និងមានភាពវៃឆ្លាតក្នុងស្វែងរកទីផ្សារជូនប្រជាកសិករខ្មែរ។ ការថ្លែងរបស់លោករដ្ឋមន្ត្រីបែបនេះ គឺធ្វើឡើងក្នុងជំនួបជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីលោកបញ្ចប់ពិធីចុះហត្ថលេខាលើ MOU រវាង ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID) និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ស្តីពី៖ ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។
សូមបញ្ជាក់ថា កាលថ្ងៃទី១៨ ខែកញ្ញាកន្លងទៅ កសិករនៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ប្រមាណ៥០០នាក់ បានធ្វើការតវ៉ា ដោយទម្លាក់ស្រូវពីគោយន្តបិទផ្លូវជាតិលេខ៥ ចំណុចសាលាឃុំកំពង់ព្រៀង ដោយសារពួកគេខឹងនឹងភាគីធនាគារស្រូវ ដែលបានផ្អាកទិញស្រូវធ្វើឲ្យកសិផលរបស់ពួកគេគ្មានទីផ្សារលក់ចេញ៕
Tag:
លោក វេង សាខុន
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com