បទវិភាគ
ជំនួញ​ធ្វើតាម​គ្នា ងាយ​ជោគជ័យ តែ​ក៏​ងាយ​បរាជ័យ​ដែរ​!
24, Sep 2016 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកជំនួញ​នៅក្នុង​ប្រទេស​កម្ពុ​ជាមួយ​ចំនួន​ចូលចិត្ត​បោះទុន​វិនិយោគ​លើ​អាជីវកម្ម​ដូចៗ​តែ​គ្នា​។ ការធ្វើ​ជំនួញ​ដោយ​គ្មាន​ការសិក្សា និង​ដោយ​ចម្លង​តាមតែ​គ្នា​យ៉ាង​ដូច្នេះ​អាច​ទទួលជោគជ័យ​លឿន តែ​វា​ក៏​ជំ​រុញអោយ​មុខរបរ​មួយចំនួន​ឈានទៅរក​ការបរាជ័យ​យ៉ាង​ងាយ​ដែរ​។ តើ​មូល​ហេតុអ្វី​បានជា​អ្នកជំនួញ​ខ្មែរ​ចូលចិត្ត​រកស៊ី​ទទួលទាន​ក្នុង​មុខរបរ​ដូចគ្នា​ម្ល៉េះ​? តើ​ការធ្វើ​ជំនួញ​ក្នុង​របរ​ដូចគ្នា​ច្រើនពេក​ផ្តល់​ផល​ល្អ និង​អាក្រក់​ដូចម្តេចខ្លះ​?

 
​បន្ទាប់ពី​ប្រកាន់យក​របប​ទីផ្សារ​ផែនការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រួចមក ប្រទេស​កម្ពុជា​បាន​អនុវត្ត​សេដ្ឋកិច្ច​ទីផ្សារសេរី​ចាប់តាំងពី​ដើមឆ្នាំ​៩០​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​តែម្តង​។  
 
​ការសម្រេចចិត្ត​បើកចំហ​ទីផ្សារ​នេះ​បាន​ចាប់បង្ខំ​អោយ​អ្នកជំនួញ​ក្នុងប្រទេស​មិន​ត្រឹមតែ​ប្រកួតប្រជែង​ជាមួយ​អ្នកជំនួញ​ក្នុងប្រទេស​ដូចគ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ត្រូវ​បង្ខំចិត្ត​ប្រកួតប្រជែង​ជាមួយ​អ្នកជំនួញ​មកពី​ក្រៅប្រទេស​ទៀតផង ពោល គឺ​ទាំង​ក្របខ័ណ្ឌ​តំបន់ និង​ក្របខ័ណ្ឌ​អន្តរជាតិ​។ 
 
​រឿង​ប្រកួតប្រជែង​វា​ជា​រឿង​មួយ ប៉ុន្តែ​អ្វីដែល​ជាការ​កត់សម្គាល់​នៅក្នុង​ពិភព​ជំនួញ​របស់​ខ្មែរ​គឺថា ពាណិជ្ជករ​មួយចំនួនធំ​តែងតែ​រកស៊ី​តាម​គ្នា​ឬ​ចម្លង​របៀប​រកស៊ី​តាមតែ​គ្នា​។ ឧទាហរណ៍​ជាក់ស្តែង កាលពី​១០​ឆ្នាំមុន អាជីវករ​មួយចំនួន​តូច​បាន​បោះទុន​បើកហាង​លក់​ទូរ​សព្ទ​ដៃ​។ ប៉ុន្តែ​បន្តិចក្រោយមក ហាង​ទូរ​សព្ទ​តូចធំ​ត្រូវបាន​គេ​បើក​ស្ទើរតែ​ពេញទី​ក្រុងភ្នំពេញ​និង​នៅតាម​បណ្ដា​ខេត្ត​នានា​។ 
 
​អស់ពី​មុខរបរ​លក់​ទូរ​សព្ទ អ្នកជំនួញ​ខ្មែរ​បាន​បែរ​ទៅរក​ជំនួញ​ថ្មី​មួយទៀត​គឺ​មុខរបរ​ទិញ​លក់​ដីធ្លី​។ មនុស្ស​ស្ទើរ​គ្រប់គ្នា​ជា​អ្នកជំនួញ​ដីធ្លី ប៉ុន្តែ​ជា​អកុសល វិស័យ​អចលនទ្រព្យ​ក៏បាន​ដួល​បះជើង​ទៅវិញ រីឯ​អ្នករក​ស៊ីក្នុង​វិស័យនេះ​មួយចំនួន​ក៏​ដួលរលំ​ផងដែរ​។​
 
​ក្រោយពី​វិស័យ​ដីធ្លី​ដួលរលំ​ទៅ អ្នកជំនួញ​ចាប់ផ្តើម​បែរ​ទិសដៅ​របស់ខ្លួន​មក​បើកហាង​ម្ហូបអាហារ​វិញ​ម្តង​។ អ្នកខ្លះ​បើកហាង​ម្ហូបអាហារ​ដោយ​បំពាក់​ប្រព័ន្ធ​អ៊ីនធឺណិត អ្នក​ខ្លះទៀត​បើកហាង​សាមញ្ញ​ធម្មតា​។ នៅពេលដែល​ហាង​ម្ហូបអាហារ​ទំនងជា​ចាល់​បន្តិច​នោះ គេ​សង្កេតឃើញ​អ្នកជំនួញ​នាំគ្នា​បើកហាង​លាង​រថយន្ត និង​ផ្សារ​ទំនើប​តូចធំ​យ៉ាងច្រើន​អនេក​។ បន្ទាប់មកទៀត គេ​សង្កេតឃើញ​អ្នកជំនួញ​នាំគ្នា បោះទុន​វិនិយោគ​លើ​ការសាងសង់​លំនៅដ្ឋាន​គ្រប់គ្នា​(​សង់​បុរី​)​។ 
 
​ក្រោយមកទៀត អ្នកជំនួញ​នាំគ្នា​បើក​ស្ថានីយ​លក់​ប្រេងសាំង​នៅ​គ្រប់​ទីកន្លែង​។ នៅតាម​ដងផ្លូវ​ខ្លះ ស្ថិតក្នុង​ចំណាយ​មិន​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន គេ​សង្កេតឃើញ​មាន​វត្តមាន​ស្ថានីយ៍​ប្រេងសាំង​បើក​បន្តកន្ទុយ​គ្នា​។ ហើយ​នៅ​ចុងក្រោយបង្អស់​នេះ អ្នកជំនួញ​ធំៗ​នាំគ្នា​ប្រកួតប្រជែង​សាងសង់​ខុន​ដូ និង​ជំនួញ​ផ្នែក​វិស័យ​អប់រំ​(​សាលារៀន​)​។ 
 
​អ្នកជំនាញ​ផ្នែក​សង្គម​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​បាន​និយាយថា ចរន្ត​នៃ​ការធ្វើ​អាជីវកម្ម​តាម​គ្នា​នេះ​មិនមែន​មានតែ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ឬ​សេវាកម្ម​នោះទេ តាមពិត ក្នុង​វិស័យ​កសិកម្ម អ្នកជំនួញ ក៏​ធ្វើតាម​គ្នា​ដែរ​។ កាលពី​ពេលមុន អ្នកជំនួញ​ឬ​កសិករ​នាំគ្នា​ដាំ​កាហ្វេ ប៉ុន្តែ​ក្រោយមក ពួកគេ​នាំគ្នា​ដាំ​ដើម​ស្វាយចន្ទី​ដោយ​កាប់​ដើម​កាហ្វេ​ចោល ហើយ​នៅ​ចុងក្រោយ​នេះ ពួកគេ​នាំគ្នា​ដាំ​ដើម​កៅស៊ូ​វិញ​។ នៅពេលដែល​កៅស៊ូ​ធ្លាក់​ថ្លៃ អ្នកខ្លះ​ចាប់ផ្តើម​កាប់​ដើម​កៅស៊ូ​ចោល ហើយ​ងាក​មក​ដាំ​ស្វាយចន្ទី​វិញ​។ 
 
​ការបោះ​ទុនវិនិយោគ​ដូចគ្នា​លើ​សកម្មភាព​តែមួយ​ត្រូវបាន​គេ​អត្ថាធិប្បាយ​ថា ដោយសារ​អ្នកជំនួញ​ខ្មែរ​មួយចំនួន​នៅ​ខ្វះ​គំនិត​បង្កើត​ថ្មី និង​គំនិត​ឆ្នៃប្រឌិត​។ គ្មាន​ច្បាប់ពាណិជ្ជកម្ម​ណាមួយ​ហាមឃាត់​ការរកស៊ី​មុខរបរ​ដូចគ្នា​នោះទេ ប៉ុន្តែ​ទង្វើ​នេះ​ជួនកាល​ផ្តល់​ផល​ល្អ ជួនកាល ផ្តល់​ផល​អាក្រក់​។​
 
​តើ​អ្វី​ទៅជា​ចំណុច​វិជ្ជមាន និង​អ្វី​ទៅ​ចំណុច​អវិជ្ជមាន​?​
 
​ចំនុច​វិជ្ជមាន​គឺ​នៅត្រង់ថា នៅពេលដែល​ការផ្គត់ផ្គង់​មាន​ចំនួន​កាន់តែច្រើន​ពេលនោះ​តម្លៃ​វា​ថយចុះ​បន្តិច ហើយ​អ្នកទទួលបាន​ផលប្រយោជន៍​គឺ​អតិថិជន​។ ឧទាហរណ៍​ថា ប្រសិនបើ​ហាង​លក់​ទូរ​សព្ទ​មាន​ចំនួន​តិចតួច​ពេលនោះ អ្នកលក់​អាច​រក្សា​តម្លៃ​ខ្ពស់​បាន ប៉ុន្តែ​នៅពេលដែល​អ្នកលក់​មាន​ចំនួន​ច្រើន ពេលនោះ​ពួកគេ​មិនអាច​ក្រឡុក​ហាងឆេង​បានឡើយ​។ ដូចគ្នា​អ៊ីចឹង​ដែរ​សម្រាប់​មុខរបរ​ផ្សេងៗ​ទៀត​។ 
 
​ជាការ​ពិត ចំណុច​វិជ្ជមាន​អាច​កើតមាន​មែន​សម្រាប់​អតិថិជន​។ ប៉ុន្តែ​ផលប៉ះពាល់​អវិជ្ជមាន​ក៏​កើតមានឡើង​ដែរ​ចំពោះ​អ្នកជំនួញ និង​សង្គម​។ លទ្ធផល​នាពេល​កន្លងមក​បានបង្ហាញ​ខ្លះៗ​ហើយ​ថា នៅពេលដែល​អ្នកជំនួញ​នាំគ្នា​រកស៊ី​មុខរបរ​ដូចគ្នា​ច្រើនពេក ពេលនោះ អ្នកជំនួញ​ខ្លះ​ត្រូវតែ​បង្ខំចិត្ត​បិទទ្វារ​ទៅវិញ​ដោយសារតែ​កង្វះ​ចំនួន​អតិថិជន​។ ការបិទទ្វារ​ហាង​ទៅវិញ​ដោយសារតែ​ខ្វះ​ភ្ញៀវ អាច​ជំរុញ​អោយ​តម្លៃ​កើនឡើង​វិញ​។ ហើយ​បញ្ហា​នេះ​វា​ជះ​ឥ​ទិ្ធ​ពល​អាក្រក់​ត្រឡប់​ទៅ​អតិថិជន​វិញ និង​ម្យ៉ាងទៀត នៅពេលដែល​ហាង​នានា​ក្ស័យ​ធន់ ពេលនោះ បុគ្គលិក​នឹង​គ្មាន​ការងារ​ធ្វើ​។ នៅ​ទីបញ្ចប់ សង្គម​ជា​អ្នកទទួលបន្ទុក​។ 
 
​ដូច្នេះ ដើម្បីអោយ​អាជីវករ និង​អតិថិជន​អាច​ទទួលបាន​ផល​ដូចគ្នា​ដោយ​មិនមាន​ហានិភ័យ​ខ្ពស់​នោះ​។ កិច្ចការ​ពីរ​យ៉ាង​ចាំបាច់​ត្រូវតែ​អនុវត្ត​។ ទី​១ គេ​គួរតែ​កំណត់​ចំងាយ​ទីតាំង​ហាង​ដែលមាន​ខ្នាត​ធំៗ​អោយនៅ​ឆ្ងាយ​ពីគ្នា​បន្តិច ពោលគឺ​ចៀសវាង​ហាង​ដែលមាន​មុខរបរ​ដូច​គ្នា​ពី​៤​ទៅ​៥​ស្ថិតនៅក្នុង​ផ្លូវ​តែមួយ​កៀក​គ្នា​ឬ​ទល់មុខ​គ្នា​។ ទី​២ ពាណិជ្ជករ មុននឹង​ចាប់ផ្ដើម​មុខរបរ​អ្វីមួយៗ​ពួកគេ​គួរតែ​សួរ​ខ្លួនឯង​ថា តើ​តម្រូវការ​ក្នុង​មុខរបរ​នេះ​វាចា​ល់ហើយ​ឬ​នៅ​? ដើម្បី​អាច​ដឹង​បញ្ហា​នេះ​បាន ការសិក្សា​ទីផ្សារ​ត្រូវតែ​ធ្វើ​ឡើងជា​ចាំបាច់​។ អ្នកជំនួញ​មិនគួរ​ស្តាយ​ថវិកា​តិចតួច​ដើម្បី​ជួល​អ្នកជំនាញ​អោយធ្វើ​ការសិក្សា​ទីផ្សារ​នោះទេ មុននឹង​ចាប់ផ្តើម​អាជីវកម្ម​អ្វីមួយ​។ 
 
​ការសិក្សា​ទីផ្សារ បើទោះបីជា​វា​មិន​ត្រឹមត្រូវ​១០០%​ក៏ដោយ​ក្តី ក៏​វា​ជា​ប្រទីប​បង្ហាញផ្លូវ​ដល់​អ្នកវិនិយោគ​អោយ​វិភាគ និង​ធ្វើការ​សម្រេចចិត្តថា តើ​គេ​ត្រូវ​បោះទុន​វិនិយោគ​លើ​មុខរបរ​នេះ​ឬ​នោះ​ឬទេ​? តើ​នេះ​ជា​ពេលវេលា​ត្រឹមត្រូវ​សម្រាប់​ការវិនិយោគ​ហើយ​ឬ​នៅ​?​។ 
 
​សរុបសេចក្តី​មកវិញ ការបោះ​ទុនវិនិយោគ​លើ​ជំនួញ​អ្វីមួយ​ដែល​មិនបាន​ធ្វើការ​សិក្សា ឬ​មិនបាន​ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​សេដ្ឋកិច្ច គឺជា​កំហុស​វិជ្ជាជីវៈ​ក្នុង​ជំនួញ​។ តាម​ការសង្កេត ការធ្វើ​ជំនួញ​តាម​គ្នា អាច​ថា ងាយ​ជោគជ័យ​ក្នុង​រយៈពេល​ខ្លី ព្រោះ​ឃើញ​គេ​ធ្វើ​ជោគជ័យ ចម្លង​តាម​គេ​ភ្លាម​ដែរ​ដោយ​មិនបាច់​ចំណាយពេល​គិត​ច្រើន​។ ប៉ុន្តែ ជារឿយៗ វា​ក៏​ងាយ​នឹង​បរាជ័យ​ដែរ ព្រោះ​ចំនួន​នៃ​ជំនួញ​ចម្លង​តាម​គ្នា​នេះ​អាច​កើនឡើង​លឿន​ពេក ហើយ​ពេលខ្លះ​លឿន​រហូត​រុញច្រាន​ឲ្យ​ការផ្គត់ផ្គង់​កើន​លើស​តម្រូវ​ការដែល​បច្ច័យ​របស់​វា​អាច​រុញច្រាន​ឲ្យ​ជំនួញ​ក្ស័យធន​៕ 
 

Tag:
 សេដ្ឋកិច្ច ជំនួញ
© រក្សាសិទ្ធិដោយ thmeythmey.com