ជាតិ
វីរបុរស​របស់​កុមារ​នៅ​ស្ទឹងមានជ័យ បានទទួល​មរណភាពក្នុង​អាយុ​៨២ឆ្នាំ​​
24, Sep 2016 , 9:14 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ (Christian GAUQUELIN des PALLIERES) ជន​ជាតិបារាំង ហៅ Papi ដែលជា​ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) បានទទួល​មរណភាព​ដោយ​រោគាពាធ​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ នា​វេលា​ម៉ោង​៦ និង​៥៨​នាទី ក្នុង​ជន្មាយុ​៨២​ឆ្នាំ​។ នេះ​បើតាម​ការផ្សាយ​របស់​ទំ​ព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ PSE​។​



សព​លោក គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ នឹងត្រូវ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅក្នុង​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ដែលមាន​អ​សយ​ដ្ឋា​ន​ផ្ទះ​លេខ​៤០២ ភូមិ​ទ្រា សង្កាត់​ស្តឹង​មានជ័យ ខណ្ឌមានជ័យ ភ្នំពេញ (​ក្បែរ​ផ្សា​សឡា​) ហើយនឹង​ត្រូវ​ដង្ហែ​ទៅកាន់​វត្ត​ឫស្សី​សាញ់ នៅ​ថ្ងៃ​ច័ន្ទ ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង ១ រសៀល​។

​លោក គ្រី​ស្យ​ង់ និង​ភរិយា Marie-France បាន​បង្កើត​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) តាំងពី​ឆ្នាំ​១៩៩៥ មក ហើយ​បាន​ជួយ​ដល់​កុមារ​ដែល​រស់នៅ​ម្តុំ​ស្ទឹងមានជ័យ ជាយ​រាជធានី​ភ្នំពេញ ជាពិសេស​នៅ​គំនរ​សំរាម ជាច្រើន​ពាន់​នាក់ តាមរយៈ​ការផ្តល់​ឱកាស​សិក្សា ការ​ស្នាក់នៅ អាហារ និង​ការ​ទំនុកបម្រុង​ផ្សេងៗ​។​

​សប្បុរសជន​ទាំងពីរ​ត្រូវបាន​គេ​ហៅថា Papi Mami ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ឪពុកម្តាយ​ទី​ពីរ​របស់​កុមារ​កម្ពុជា​៕


Tag:
 PSE
© រក្សាសិទ្ធិដោយ thmeythmey.com