កីឡាជាតិ
ជាតិ
ក្រុម​ម៉ៃ​ធី​ហ្គើ​ល​បាត់ដំបង​ក្លាយជា​ម្ចាស់​ជើងឯក​បាល់ទាត់​នារី​ប្រចាំឆ្នាំ​២០១៦
25, Sep 2016 , 3:01 pm        
រូបភាព
ដោយ:
ក្រុមបាល់ទាត់​នារី​ម៉ៃ​ធី​ហ្គើ​ល​របស់​ខេត្តបាត់ដំបង​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ជម្រើស​បាល់ទាត់​នារី​ប្រចាំឆ្នាំ​២០១៦ ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បន្ទាប់ពី​ក្រុម​នេះ​បាន​យកឈ្នះ​ក្រុមបាល់ទាត់​នារី​របស់ ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង ២-១ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ម្សិលមិញ​។ ចំណែក​ក្រុម​អង្គការ​សាន់​រ៉ា​យ​(​ខេត្តកំពង់ស្ពឺ​) ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​យកឈ្នះ​ក្រុម​អង្គរ​អែ​ហ្វ​ស៊ី​ខេត្តសៀមរាប ៣-១​។​


​ក្រោយ​យកឈ្នះ​ក្រុមបាល់ទាត់​នារី​របស់​មន្ទីរ ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង ២-១ នៅក្នុង​ទីលាន​សាលា​បាល់ទាត់​ជាតិ​បាទី​១​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ម្សិលមិញ​។ ក្រុមបាល់ទាត់​នារី​មកពី​ខេត្តបាត់ដំបង​ម៉ៃ​ធី​ហ្គើ​ល​ក្លាយជា​ម្ចាស់​ជើងឯក និង​ទឹកប្រាក់​៦​លាន​រៀល​ពី​កម្មវិធី​ប្រកួត​កីឡាបាល់ទាត់​ជ្រើសរើស​ជើងឯក​នារី​ប្រចាំឆ្នាំ​២០១៦ ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។



​ឬ​ឯ​ក្រុមបាល់ទាត់​របស់​មន្ទីរ ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង​បានក្លាយ​ជា​ជើងឯក​រង​ក្រោយ​ចាញ់​ក្រុម​ម៉ៃ​ធី​ហ្គើ​ល​(​ខេត្តបាត់ដំបង​)​។ តំណែង​ជើងឯក​រង​នេះ​ធ្វើ​ឲ្យ​ក្រុម​មកពី​ខេត្តស្វាយរៀង​នេះ​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​៥​លាន​រៀល​។​



​ជាមួយគ្នានេះ ក្រុមបាល់ទាត់​នារី​របស់​អង្គការ​សាន់​រ៉ា​យ​ខេត្តកំពង់ស្ពឺ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ និង​ប្រាក់រង្វាន់​លើកទឹកចិត្ត​៤​លាន​រៀល បន្ទាប់ពី​យកឈ្នះ​លើ​ក្រុម​អង្គរ​អែ​ហ្វ​ស៊ី​របស់​ខេត្តសៀមរាប ៣-១ នា​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​កាលពី​ម្សិលមិញ​។​



​ក្រៅពីនោះ​ក៏មាន​ការផ្តល់​រង្វាន់​ដល់​ក្រុម Fair Play និង​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ​ផងដែរ ក្នុងនោះ​ក្រុមបាល់ទាត់​នារី​អង្គរ​អែ​ហ្វ​របស់​ខេត្តសៀមរាប​បានក្លាយ​ជា​ក្រុម Fair Play ប្រចាំ​កម្មវិធី​ប្រកួត​នេះ ដោយ​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​២​លាន​រៀល​។ ចំណែក​កីឡាការិនី លឹម សុខ​ជា មកពី ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង​បានក្លាយ​ជា​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ​៣២​គ្រាប់ ដោយ​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​៥០​ម៉ឺន​រៀល​៕ 


Tag:
 បាល់ទាត់​នារី​
  ម៉ៃ​ធី​ហ្គើ​ល
© រក្សាសិទ្ធិដោយ thmeythmey.com