អន្តរជាតិ
ហ្វីលីពីន​ប្រាប់ UN កុំ​ឲ្យ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​
25, Sep 2016 , 3:25 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន Perfecto Yasay ថ្លែងនាឱកាសមហាសន្និបាតលើកទី៧១ (រូបភាព UN)
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន Perfecto Yasay ថ្លែងនាឱកាសមហាសន្និបាតលើកទី៧១ (រូបភាព UN)
​ប្រមុខ​ការទូត​ហ្វីលីពីន លោក Perfecto Yasay បាន​និយាយ​ការពារ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ដ៏​ចម្រូងចម្រាស់ របស់​ប្រធានាធិបតី Rodrigo Duterte ដែល​រង​ការរិះគន់​ខ្លាំង​ពី​អង្គការសហប្រជាជាតិ​។ ហើយ​ប្រមុខ​ការទូត​រូបនេះ ក៏បាន​ប្រាប់​ឲ្យ​អង្គការសហប្រជាជាតិ មិនត្រូវ​ជ្រៀង​ជ្រែក​កិច្ច​របស់​ហ្វីលីពីន​ឡើយ​។​



ថ្លែង​ទៅកាន់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហ្វីលីពីន លោក Perfecto Yasay បាន​ច្រានចោល​ការរិះគន់​ទាំងឡាយ​លើ​ការបង្ក្រាប​គ្រឿងញៀន​នៅ​ហ្វីលីពីន​។ ហើយ​លោក​ក៏​និយាយ​ដែរ​ថា  យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់​ប្រធានាធិបតី Rodrigo Duterte កំពុង​ត្រូវបាន​យល់ច្រឡំ ដ្បិត​រឿងនេះ​កំពុង​ល្បី​សុះសាយ​យ៉ាងខ្លាំង​។​

​ថ្លែង​ក្នុង​អង្គប្រជុំ​នៅ​ថ្ងៃទី​២៤ ខែកញ្ញា លោក Perfecto Yasay ក៏​ទទូច​ឲ្យ​ប្រទេស​ទាំងអស់ ក៏ដូចជា​អង្គការសហប្រជាជាតិ​ដែរនោះ អនុញ្ញាត​ឲ្យ​ហ្វីលីពីន​ដោះស្រាយ​បញ្ហា​របស់ខ្លួន ដោយ​គ្មាន​ការ​លូកដៃ​អ្វី​ទាំងអស់​។ លើសពីនោះ រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​រូបនេះ ក៏​សង្កត់ធ្ងន់​ពី​គោលជំហរ​របស់​ប្រធានាធិបតី Duterte ដែល​ប្រកាស​គោរព​សិទ្ធិមនុស្ស និង​ដំណើការ​ស្វែងរក​យុត្តិធម៌ ជុំវិញ​ករណី​គ្រឿងញៀន​នេះ​។

​លោក Perfecto Yasay បន្តថា យុទ្ធនាការ​របស់​យើង​ក្នុងការ​បោសសម្អាត​ឧក្រិដ្ឋកម្ម គ្រឿងញៀន ភាព​គ្មាន​ច្បាប់ទម្លាប់ គឺធ្វើឡើង​ស្រប​រដ្ឋធម្មនុញ្ញ ក៏ដូចជា​ច្បាប់​អន្តរជាតិ សន្ធិសញ្ញា​នានា ដែល​ហ្វីលីពីន​ជា​ហត្ថលេខី​មួយ​ដែរនោះ​។ លោក​ពន្យល់ថា រដ្ឋាភិបាល​មិនដែល​ផ្ដល់​អំណាច​ដល់​ភ្នាក់ងារ​អនុវត្ត​ច្បាប់ ឲ្យ​បាញ់​ជនសង្ស័យ​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ឡើយ ហើយ​ប៉ូលិស​មាន​សិទ្ធិ​សម្រាប់តែ​ការបាញ់​ការពារ​ខ្លួន​ប៉ុណ្ណោះ​។​

​ឆ្លៀត​ពេលនោះ រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន ក៏​បញ្ជាក់ថា ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ គឺ​មិនមាន​នៅក្នុង​សង្គម​ហ្វីលីពីន និង​ប្រព័ន្ធ​ច្បាប់​ហ្វីលីពីន​ដែរ​។ នេះ​ក៏​ដោយសារតែ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​នេះហើយ ដែលជា​រឿង​នាំ​ឲ្យ​សហគមន៍​អន្តរជាតិ ជាពិសេស​អង្គការសហប្រជាជាតិ រិះគន់​ខ្លាំង​លើ​រដ្ឋាភិបាល​ហ្វីលីពីន ដ្បិត​មនុស្ស​ជាង​បី​ពាន់​នាក់​ហើយ ត្រូវបាន​សម្លាប់​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​នេះ​។​

​កាលពី​ខែ​មុន អ្នកជំនាញ​អង្គការសហប្រជាជាតិ​ពីរ​នាក់ បានបង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​របស់​រដ្ឋាភិបាល​ហ្វីលីពីន និង​លើ​សំណើសុំ​ស៊ើបអង្កេត​ទៀតផង​។ ការបង្ហាញ​ការព្រួយបារម្ភ​នេះ ធ្វើ​ឲ្យ​លោក Duterte ខឹង​យ៉ាងខ្លាំង និង​ចាត់ទុក​សំណើ​ខាងលើនេះ ជាការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន ហើយ​លោក​ក៏​ប្រើ​ពាក្យរិះគន់​ខ្លាំង​ផងដែរ​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com