អន្តរជាតិ
រុស្ស៊ី​៖ ភាព​ក្រអឺតក្រទម​លោកខាងលិច បង្ក​ការ​បង្ហូរឈាម​គ្នា​នៅ​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង​
25, Sep 2016 , 8:19 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov ថ្លែងនាមហាសន្និបាតអង្គការសហប្រជាជាតិ​លើកទី៧១។រូបភាព៖ UN News Center
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov ថ្លែងនាមហាសន្និបាតអង្គការសហប្រជាជាតិ​លើកទី៧១។រូបភាព៖ UN News Center
រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​ថ្លែង​រិះគន់​លោកខាងលិច​នៅក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) ដោយ​លោក​អះអាងថា សកម្មភាព​ឯកតោភាគី​និង​ក្រអឺតក្រទម​របស់លោក​ខាងលិច​បង្ក​ឲ្យ​មានការ​បង្ហូរឈាម​គ្នា​ឥត​ឈប់​នៅ​មជ្ឈិមបូព៌ា​និង​អាហ្វ្រិក​ខាងជើង​។ លោក​ក៏​យក​វេទិកា​នេះ​ស្នើ​ឲ្យ​សមាជិក​អង្គការសហប្រជាជាតិ​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​រុស្ស៊ី​ក្នុងការ​ប្រឆាំង​ភេរវកម្ម​ផងដែរ​។​



ថ្លែង​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​នា​ថ្ងៃ​សុក្រ​ទី ២៣ កញ្ញា រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​អះអាងថា សកម្មភាព​ឯកតោភាគី​និង​ភាព​ក្រអឺត​ក្រ​ទោម​របស់លោក​ខាងលិច​មួយចំនួន​បានធ្វើ​ឲ្យ​មាន​បញ្ហា​ប្រឈម​ច្រើន​លើ​ពិភពលោក​។ លោក Lavrov ក៏បាន​អំពាវនាវ​ឲ​បណ្ត​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ​ទាំងអស់​គាំទ្រ​និង​ចូលរួម​ជាមួយ​រុស្ស៊ី​ដើម្បី​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ​ថែមទៀត​ផង​។​

លោក Lavrov ថ្លែងថា​៖« តាំងខ្លួន​ជា​អ្នក​ប្រៀនប្រដៅ​, តាំងខ្លួន​ខ្ពង់ខ្ពស់​ជាងគេ​, ធ្វើ​អ្វី​ផ្តាច់មុខ​ម្នាក់ឯង និង​គិតតែ​ប្រយោជន៍​ខ្លួនឯង ជា​អ្វីដែល​ចាក់រឹស​ក្នុង​ផ្នត់គំនិត​បណ្តា​អភិជន​ន​យោ​បាយ​នៃ​ប្រទេស​លោកខាងលិច​។ ហើយ​វា​បានក្លាយ​ជា​ឧស​គ្គ​និង​គ្រោះថ្នាក់​សម្រាប់​ការបង្កើត​សហប្រតិបត្តិការ​ដែលមាន​សមភាព និង​យុត្ត​ធម៌​លើ​ឆាក​អន្តរជាតិ​»​។

ប្រមុខ​ការពារជាតិ​រូបនេះ​បាន​លើកយក​ជម្លោះ​បង្ហូរឈាម​គ្នា​មិន​ឈប់ឈរ​នៅ​មជ្ឈិមបូព៌ា និង​នៅ​អាហ្វ្រិក​ខាងជើង​តែម្តង ដើម្បី​ធ្វើជា​ឧទ​ហរ​ណ៍​បញ្ជាក់ថា​ការតាំង​ខ្លួន​ខ្ពង់ខ្ពស់ និង​ភាព​ក្រអឺត​ក្រ​ទោម​របស់លោក​ខាងលិច​ធ្វើ​ឲ្យ​ពិភពលោក​ធ្លាក់​ជ្រៅ​ក្នុង​បញ្ហា​សន្តិសុខ​និង​អស្ថិរភាព​។​

លោក​ពន្យល់​បន្តថា​៖« លទ្ធផល​នៃ​ឥរិយាបថ​ច្រឡោ​មខាង​របស់លោក​ខាងលិច​បាន​ជំរុញ​ឲ្យ​មានការ​បង្កើត​ដំណោះស្រាយ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​ជម្លោះ​ដ៏​ស្មុគស្មាញ​របស់​ពិ​ភ​លោក​បច្ចុប្បន្ន​។ ហើយ​យើង​អាច​ឃើញស្រាប់​ហើយ​មាន​ជម្លោះ​បង្ហូរឈាម​គ្នា​មិនចេះចប់​នៅ​មជ្ឈិមបូព៌ា​និង​អាហ្វ្រិក​ខាងជើង​។ លទ្ធផល​ចុងក្រោយ​ស្ថិរភាព​ពិភពលោក​ត្រូវបាន​បំផ្លាញ​ខ្ទេច​គ្មាន​សល់​»​។​

ក្រៅពីនេះ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​ខាងលើ​បាន​ឆ្លៀត​លើកយក​ពី​បញ្ហា​ជម្លោះ​ស៊ី​រី​មក​ជជែក ហើយ​លោក​ក៏​អះអាង​ផងដែរ​ថា រុស្ស៊ី​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុងការ​សង្គ្រោះ​ស៊ី​រី​ឲ្យ​ផុតពី​ជ្រោះ​មរណៈ​និង​ក្លាយជា​សំបុក​របស់​ក្រុម​ភេរវជន ក្រោយ​រដ្ឋាភិបាល​ស៊ី​រី​ស្នើសុំ​ជំនួយ​។ កុំ​តែ​បាន​រុស្ស៊ី​ជួយ​ជ្រោមជ្រែង ស៊ី​រី​អាច​ក្លាយជា​ជម្រក​របស់​ក្រុម​ភេរវជន ហើយ​ក្រៅពី​ជំនួយ​យោធា រុស្ស៊ី​បានរួម​ចំណែក​ក្នុងការ​ផ្តួចផ្តើម​បង្កើត​ក្រុម​អន្តរជាតិ​គាំទ្រ​ស៊ី​រី ដែលមាន​ទំនួល​ខុសត្រូវ​ស្វែងរក​ដំណោះស្រាយ​ដើម្បី​បញ្ចប់សង្គ្រាម​អូសបន្លាយ​អស់​ពេល​៥​ឆ្នាំ​មកហើយ​នោះ​។​

ហើយ​លោក​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា សកម្មភាព​ឯកតោភាគី​របស់លោក​ខាងលិច​ដែល​ជួយ​ជ្រោ​ម​ជ្រោ​ម​ក្រុម​ឧទ្ទាម​ដើម្បី​ផ្តួលរំលំ​របប​ដឹកនាំ​ក្រុង​ដា​ម៉ាស​នោះ​ជា​គ្រោះមហន្តរាយ​សម្រាប់​ប្រទេស​ស៊ី​រី​។​

ចំណែក​ពាក់ព័ន្ធ​បញ្ហា​ជម្លោះ​អ៊ុយ​ក្រែ​ន មន្ត្រីជាន់ខ្ពស់​រូបនេះ​បាន​អះអាងថា អ៊ុយ​ក្រែ​ន​ក៏​ក្លាយជា​ជនរងគ្រោះ​ដោយសារ​លោកខាងលិច​ដែរ​។ លោក Lavrov ពន្យល់ថា អ្វីដែល​អ៊ុយ​ក្រែ​ន​ជួបប្រទះ​បច្ចុប្បន្ន​ជា​លទ្ធផល​នៃ​ការធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​និង​ទម្លាក់​មេដឹកនាំ​ស្របច្បាប់​របស់ខ្លួន​។ ហើយ​ម្យ៉ាង​របប​ដឹកនាំ​ថ្មី​ដែលមាន​លោកខាងលិច​ជា​បង្អែក​នោះ​ក៏​មិន​ព្រមព្រៀង​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង Minsk ដែល​សម្រេចបាន​កាលពី​ខែកុម្ភៈ​ឆ្នាំ ២០១៥ ដើម្បី​បញ្ចប់​វិបត្តិ​ដែរ​។ ទាំងនេះ​សុទ្ធតែជា​បញ្ហា ហើយ​វិបត្តិ​នេះ​ប្រហែលជា​គោលដៅ​ដែល​លោកខាងលិច​ចង់បាន​ដូចគ្នា​៕


Tag:
 Sergei Lavrov
  UNGA
© រក្សាសិទ្ធិដោយ thmeythmey.com