ជាតិ
ស្ថានទូត​ជប៉ុន បញ្ជូន​យុវជន​កម្ពុជា ២២​នាក់ ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​
25, Sep 2016 , 8:39 pm        
រូបភាព
ភ្នំពេញ​៖ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​បញ្ជូន​យុវជន​កម្ពុជា​ចំនួន ២២​នាក់ ដែលមាន​ចំណាប់អារម្មណ៍​ទៅលើ​វិស័យសេដ្ឋកិច្ច ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​។ យុវជន​ទាំងអស់ នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន​ចាប់ពី​ថ្ងៃទី​២៥ ខែកញ្ញា ដល់​ថ្ងៃទី ០៤ ខែតុលា ឆ្នាំ​២០១៦ ។  នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា  (AKP)​។



យុវជន​កម្ពុជា​ចំនួន​២២​រូប ដែលមាន​ចំណាប់អារម្មណ៍​ផ្ដោតទៅលើ​វិស័យសេដ្ឋកិច្ច នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន ជាមួយ​យុវជន មកពី​បណ្តា​ប្រទេស​អាស៊ាន ទី​ម័​រ​ខាងកើត និង​ប្រទេស​ឥណ្ឌា​។ ដំណើរ​ទស្សនកិច្ច​នេះ មានការ​ផ្លាស់ប្តូ​រការ​យល់ដឹង​ជាមួយ​សិស្ស និស្សិត​និង​យុវជន រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​អាស៊ី​ខាងកើត ដែលជា​វិធី​ផ្លាស់ប្តូរ​យុវជន JENESYS 2016 ។​

​កម្មវិធី JENESYS 2016 មាន​គោលបំណង​បង្កើន​ការយល់ដឹង និង​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក​ក្នុងចំណោម ប្រជាជន​ជប៉ុន និង​បណ្តា​ប្រទេស​ដែល​ចូលរួម និង​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ និង ចំណងមិត្តភាព​នាពេល​អនាគត​។ យុវជន​កម្ពុជា នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​តូ​ក្យូ និង​ខេត្ត​ហ្វូ​គូ​ស៊ី​ម៉ា ដើម្បី​ចូលរួម​កម្មវិធី​ផ្លាស់ប្តូរ​ក្រោម​ប្រធានបទ «​តម្លៃ​ម្ហូបអាហារ​កែច្នៃ​»​។ យុវជន​ទាំងអស់ នឹងមាន​ឱកាស​ធ្វើ​ទស្សនកិច្ច​នៅ​សារមន្ទីរ​តូ​ក្យូ​-​អេ​ដូ និង​មជ្ឈមណ្ឌល បច្ចេកទេស​កសិកម្ម ការទទួលបាន​បទពិសោធ​ន៍​ការ​ស្នាក់នៅ​ជាមួយ​ជនជាតិ​ជប៉ុន និង​ការសិក្សា​អំពី​វប្បធម៌​ជប៉ុន​ផងដែរ​។​

​ជាមួយគ្នានេះ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា មាន​ក្ដី​រំពឹងថា អ្នកចូលរួម​នឹង​យល់ដឹង​អំពី​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស ផ្សេងៗ​ទៀត​។ នៅពេលដែល​ត្រឡប់​ពី​ដំណើរ​ទស្សនកិច្ច យុវជន​ទាំងអស់ នឹង​ចែករំលែក​បទពិសោធន៍​របស់ខ្លួន​ដល់​ប្រជាពលរដ្ឋ កម្ពុជា​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​៕


© រក្សាសិទ្ធិដោយ thmeythmey.com