អន្តរជាតិ
ក្រុមហ៊ុន Salesforce ចរចាទិញយកបណ្តាញសង្គម Twitter
× ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធឺណិត Salesforce របស់អាមេរិក ព្យាយាមប្រជែងជាមួយក្រុមហ៊ុន Google ដើម្បីទិញយកបណ្តាញសង្គម Twitter ។ នេះបើតាមការផ្សាយរបស់កាសែតបច្ចេកវិទ្យា TechCrunch កាលពីពេលថ្មីៗកន្លងមក។ កាសែតបានអះអាងថា វាមិនមែនជាពាក្យចចាមអារ៉ាមនោះឡើយ ពីព្រោះបច្ចុប្បន្ន Twitter បើកការពិភាក្សាជាមួយក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍លើខ្លួន។
ទោះបីជាថ្ងៃនៃការចរចា មិនមានការផ្សព្វផ្សាយផ្លូវការក៏ដោយ ប៉ុន្តែគេជឿថា បណ្តាញសង្គម Twitter អាចនឹងលក់ចេញយ៉ាងណាស់មុនដំណាច់ឆ្នាំ២០១៦ ។ ទោះបីជាយ៉ាងណាក៏ដោយ Twitter ក៏មិនទាន់សម្រេចចិត្ត១០០ភាគរយនោះដែរ ពីព្រោះមិនក្រុមហ៊ុនមួយចំនួន ចាប់អារម្មណ៍បំពាក់បច្ចេកវិទ្យាផ្សេងៗលើបណ្តាញសង្គមមួយនេះ ក្នុងនោះមានដូចជា ទម្រង់នៃការផ្សាយពាណិជ្ជកម្ម ឬសេវាកម្មចែកចាយវីដេអូ ជាដើម។
កាសែតនានារបស់អាមេរិក វាយតម្លៃថា ប្រសិនបើមានការទិញដូរ Twitter មែននោះ សេវាកម្ម សកម្មភាព និងកម្មវិធីមួយចំនួននឹងត្រូវផ្អាក ដូច្នេះបុគ្គលិកជាច្រើននឹងត្រូវបញ្ឈប់ពីការងារ។ បន្ថែមពីលើនេះទៀត បណ្តាញសង្គម Vine ដែលមានជំនាញផ្នែកចែករំលែកវីដេអូខ្លីៗ ហើយជាដៃគូរបស់ Twitter នឹងប្រឹងរស់ដោយខ្លួនឯង។
យោងតាមការផ្សាយរបស់គេហទំព័រ Recode Net លោក Evan Williams សហស្ថាបនិកក្រុមហ៊ុន Twitter បានអះអាងថា ភាគីរបស់លោកបើកការចរចាគ្រប់លក្ខខណ្ឌ។ ក្រុមហ៊ុន Salesforce ហាក់បង្ហាញនូវចំណាប់អារម្មណ៍ខ្លាំងជាងគេ ដោយនាំមុខ Google និងក្រុមហ៊ុនមួយចំនួនទៀត។
គេមិនដឹងថា Salesforces ហ៊ានឲ្យតម្លៃប៉ុណ្ណានោះឡើយលើការទិញ Twitter។ កន្លងមក Microsoft បានទិញយក Linkedln ក្នុងតម្លៃជាង២៦ពាន់លានដុល្លារអាមេរិក ដូច្នេះ Twitter អាចមានតម្លៃយ៉ាងហោចណាស់៣០ពាន់លានដុល្លារអាមេរិក៕
Tag:
បណ្តាញសង្គម
Twitter
Salesforce
© រក្សាសិទ្ធិដោយ thmeythmey.com