ជាតិ
​​​ន​យោ​បាយ​ជាតិ​
សភា កំពុងបើក​កិច្ចប្រជុំសភា​តំបន់​អាស៊ី APA ខណៈ​CNRP ​មិន​ចូលរួម
26, Sep 2016 , 10:15 am        
រូបភាព
 
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៦ កញ្ញា​នេះ អនុប្រធាន​សភា​លោក ងួន ញិ​ល កំពុងបើក​កិច្ចប្រជុំសភា​តំបន់​អាស៊ី APA ដោយមាន​ប្រតិភូ​មកពី​បណ្ដា​ប្រទេស​ចំនួន​២១​ចូលរួម ដើម្បី​ប្រជុំ​គណៈ​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​ស្តី​ពីបទ​ប្បញ្ញត្តិ​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​បុគ្គលិក និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី​១ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គៀត​ត្រា​។ កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃនេះ សភា​តំបន់​អាស៊ី​នឹង​ជជែក​គ្នា​លើ​បញ្ហា​មួយចំនួន​ដូចជា​កិច្ចការ​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​ជាដើម​។​


​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​លោក ឈាង វុន បាន​បញ្ជាក់ថា កិច្ចប្រជុំ​ពេលនេះ ជាការ​ប្រមូលផ្តុំ​ទស្សនៈ​យោបល់​របស់​តំណាងរាស្ត្រ នៅក្នុង​តំបន់​អាស៊ី ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​គ្នា ក្នុងការ​ដោះស្រាយ​បញ្ហា​រួម​នៅ​តំបន់​អាស៊ី​។ «​យើង​ដឹង​ហើយ​តំបន់​អាស៊ី នៅមាន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​និង​ក្រីក្រ​ជាច្រើន ដូច្នេះ​ការជួបជុំ​របស់​យើង​នៅពេលនេះ​នឹងចូលរួម​ចំណែក ដល់​រដ្ឋាភិបាល ជា​សមាជិកសភា​តំបន់​អាស៊ី​ទាំងអស់ ក្នុងការ​បង្កើន​ការដោះស្រាយ​បញ្ហា​ដល់​ពលរដ្ឋ​បន្តទៀត​»  ។ នេះ​ជាការ​បញ្ជាក់​របស់លោក ឈាង វុន ។​
 
​ទាក់ទិន​នឹង​កិច្ចប្រជុំ​តំបន់​អាស៊ី​នេះដែរ គេ​សង្កេតឃើញថា មិនមាន​វត្តមាន​សមា​ជិ​ក​សភា​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ឡើយ​។ សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​សភា ដែល​ត្រូវ​ចូលរួម​កិច្ចប្រជុំ​នេះ បាន​នៅឡើយ​ទេ​។​
 
​សូមជម្រាបថា សភា​តំបន់​អាស៊ី (APA) ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៦ ដោយ​ប្រែក្លាយ​ពី​សមាគម​សភា​អាស៊ី​ដើម្បី​សន្តិភាព​(AAPP) ដែល​ត្រូវបាន​បង្កើត​នៅ​ឆ្នាំ​១៩៩៩​។ សភា​តំបន់​អាស៊ី​មាន​សភា​ជា​សមាជិក​ចំនួន​៤២​ប្រទេស ដែល​បច្ចុប្បន្ន សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា ធ្វើជា​ប្រធាន ចាប់តាំងពី​ឆ្នាំ​២០១៥ ៕  

Tag:
 សភា​តំបន់​អាស៊ី​
  APA
© រក្សាសិទ្ធិដោយ thmeythmey.com