ជាតិ
យាយ​ខ្លា​លះបង់​រោមដៃ​រោមជើង​ដើម្បី​ថត​បទ​ក្រម​ប្រតិបត្តិ​អង្គរ​
26, Sep 2016 , 11:19 am        
រូបភាព
​សៀមរាប​៖ បទ​ថ្មី​និយាយ​ពី​ក្រម​ប្រតិបត្តិ​អង្គរ ក្នុងន័យ​អប់រំ​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​រមណីយដ្ឋាន​អង្គរ គ្រោង​នឹង​ចេញ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ បទ​ចម្រៀង​អប់រំ​នេះ និពន្ធ​ដោយ​អ្នកចម្រៀង​ដែល​ចូលចិត្ត​តែងខ្លួន​ជា​មនុស្ស​ស្រី គឺ​យាយ​ខ្លា ហើយ​បទ​នេះ​តម្រូវ​ឲ្យ​យាយ​ខ្លា​ជម្រុះ​រោមដៃ​រោមជើង​ខ្លួនឯង​ផងដែរ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ស័​ក្ត​សម និង​ស៊ីសង្វាក់​គ្នា​ចំពោះ​បទ​មួយ​នេះ​។​



​ក្រោយពី​យល់​អត្ថន័យ​នៃ​ក្រម​ប្រតិបត្តិ​អង្គរ ដែល​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ក្នុង​រមណីយ​ដា្ឋ​ន​អង្គរ​កាលពី​ឆ្នាំទៅ ធ្វើ​ឲ្យ​យាយ​ខ្លា​មានគំនិត​ចង់​ផលិត​ជា​បទ​ចម្រៀង​មួយ ក្នុងន័យ​ជំរុញ​ឲ្យ​ទេសចរ យល់​កាន់តែច្បាស់​ពី​ក្រម​ប្រតិបត្តិ​មួយ​នេះ​។ យាយ​ខ្លា​បញ្ជាក់ថា បទ​នេះ​នឹងធ្វើ​ឲ្យ​ភ្ញៀវទេសចរ លែង​ធ្វើ​អ្វីៗ​ដែល​ប៉ះពាល់​ដល់​ប្រាសាទ​ដោយ​មិនដឹង​ខ្លួន​តទៅទៀត​។​

​ក្នុង​មួយឆ្នាំៗ មាន​ទេសចរ​ជាតិ និង​អន្តរជាតិ​រាប់លាន​នាក់ ដែល​បានធ្វើ​ដំណើរ​មក​កម្សាន្ត​ខេត្តសៀមរាប​។ ពិតប្រាកដ​ណាស់​ថា វត្តមាន​ទេសចរ​មាន​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ​។ ចំពោះ​គុណវិបត្តិ ទេសចរ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ប្រាសាទ​តាមរយៈ​រូបភាព​មួយចំនួន រួមមាន ប៉ះ​ថ្ម​ប្រាសាទ ជក់បារី ការ​ចោល​សំរាម ការ​ស្លៀក​ខ្លី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​និង​ប្រពៃណី​របស់​ជាតិខ្មែរ​។​ល​។​



​បទ​ចម្រៀង​ថ្មី​និយាយ​ពី​ឥរិយាបថ​ទេសចរ នៅពេល​មក​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​អង្គរ គឺ​រៀបរាប់​រាល់​ខ្លឹមសារ ដែលមាន​ក្រម​ប្រតិបត្តិ​អង្គរ​។ បទ​នេះ គឺជា​កិច្ចសហការ​គ្នា​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រុម​ចម្រៀង​ផលិតកម្ម MY  Music​។ បទ​នេះ​ច្រៀង​ដោយ​យាយ​ខ្លា និង​រំដួល​លិច​ទឹក និង​រួម​សំដែង​ដោយ​តារា​សំដែង​ជាច្រើន​ទៀត ហើយ​ក៏មានដែរ​តារា​បង្ហាញ​ម៉ូដ​នៅ​កម្ពុជា​។​

​តាម​ការរៀបចំ​របស់​យាយ​ខ្លា បទ​ក្រម​ប្រតិបត្តិ​អង្គរ មាន​រយៈពេល​ជាង​៣​នាទី ហើយ​ក្នុងនោះ​មាន​សម្តែង​ចំណុច​សំខាន់ៗ​មួយចំនួន មានការ​អប់រំ​កុំ​ឲ្យ​ស្លៀកពាក់​ខ្លី ហាម​ជក់បារី ការ​ឲ្យ​លុយ​ក្មេង ការ​ចោល​សំរាម ការប៉ះពាល់​ព្រះសង្ឃ ពិសេស​នោះ​គឺ​ហាម​ប៉ះ​ថ្ម​ប្រាសាទ​តែម្តង ដែល​អាច​ឲ្យ​ថ្ម​ប្រាសាទ​រង​ការ​សឹក​រេច​រិល​បាន​។​ល​។​

​បទ​ក្រម​ប្រតិបត្តិ​អង្គរ គឺ​តួ​សម្តែង​តម្រូវ​ឲ្យ​ស្លៀក​ក្បិន​។ ចំណុច​នេះ​ធ្វើ​ឲ្យ​យាយ​ខ្លា ដែលមាន​រូបរាង​ជា​ប្រុស និង​មាន​រោមដៃ​រោមជើង​នោះ ត្រូវ​ជម្រុះ​រោម​លើ​រាងកាយ​របស់ខ្លួន ដើម្បី​ឲ្យ​ស័​ក្ត​សម​នឹង​សម្លៀកបំពាក់​ប្រពៃណី​។ ទោះជា​ត្រូវ​ជម្រុះ​រោមដៃ​រោមជើង​យ៉ាងណាក្តី តែ​សម្រាប់​យាយ​ខ្លា ពេញចិត្ត​នឹងធ្វើ​ដើម្បី​ជោគជ័យ​សម្រាប់​បទ​ថ្មី​របស់ខ្លួន​។​

​គួរ​បញ្ជាក់ថា បទ​ក្រម​ប្រតិបត្តិ​អង្គរ គ្រោង​នឹង​ចេញ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​គ្រោង​នឹង​ផ្សព្វផ្សាយ​តាម​បណ្តាញសារព័ត៌មាន​ជាច្រើន ក្នុង​បំណង​បញ្ជ្រាប​ការយល់ដឹង​ដល់​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​អង្គរ​៕


Tag:
 ក្រម​ប្រតិបត្តិ​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com