ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានស្តីទី​បក្សប្រឆាំង អំពាវនាវ​ឲ្យ​មន្ត្រី​បក្ស បញ្ចៀស​ការប្រើ​ពាក្យសម្ដី​អសុរោះ ដែល​ប៉ះពាល់​នយោបាយ
26, Sep 2016 , 11:40 am        
រូបភាព
ភ្នំពេញ៖ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា បាន​អំពាវនាវ​ឲ្យ​មន្ត្រី​បក្ស​ខ្លួន​ទាំងអស់ បញ្ចៀស​ការប្រើប្រាស់​ពាក្យសម្តី​អសុរោះ វាយប្រហារ​គ្នា ដែល​បង្ក​ឲ្យ​មាន​បរិយាកាស​នយោបាយ​កាន់តែ​អាប់​អួល និង​អូស​បន្លាយពេល​យូរអង្វែង​ទៀត។



ឯកឧត្តម កឹម សុខា ដែល​ហាក់​បង្ហាញ​ជំហ​ចង់​ចរចា​ដោះស្រាយ​នយោបាយ ជាមួយ​គណបក្សកាន់អំណាច​នោះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​កាលពី​ថ្ងៃទី២៥ កញ្ញា យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​សូម​អំពាវ នាវ​ជាថ្មី​ម្តងទៀត ជាពិសេស​ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ សូម​ចៀសវាង​ការប្រើ​អំពើហិង្សា ឬ​ពាក្យ​អសុរោះ ឬ​ពាក្យ​វាយប្រហារ​គ្នា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិយាកាស​នៃ​ពិធីបុណ្យ​ប្រពៃណីជាតិ​នេះ និង​ប៉ះពាល់​ដល់​បរិយាកាស​ន​យោ​បាយ​យូរអង្វែង ទៅមុខ​ទៀតផង។ខ្ញុំ​សូម​បួងសួង​ឲ្យ​ក្រុមគ្រួសារ​ខ្មែរ​គ្រប់រូប​បាន​ជួបជុំគ្នា​ដោយ​សប្បាយរីករាយ និង​ក៏​សូម​ឲ្យ​គ្រួសារ​នយោបាយ ខ្មែរ​បាន​ជួបជុំគ្នា​ដោះស្រាយ បញ្ហា​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ជាមួយគ្នា​ផងដែរ»។

ការ​អំពាវ​របស់​ឯកឧត្តម កឹម សុខា នេះ​ធ្វើ​ក្រោយពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​មិន​ឆ្លងឆ្លើយ​នយោបាយ​អ្វី​ឡើយ​នៅក្នុង​បរិបទ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដោយ​សម្ដេច បញ្ជាក់ថា «ខ្ញុំ​ចង់​ឲ្យ​សភាពការណ៍​ស្ងប់ស្ងាត់» ។ ថ្លែង​ចំពោះមុខ​និស្សិត​ជាង១ពាន់​នាក់​នៅ​សណ្ឋាគារ​សុខា កាលពី​ថ្ងៃទី២២ កញ្ញា ប្រមុខ​រដ្ឋាភិបាល បាន​លើកឡើងថា ស្ថានការណ៍​ស្ងប់ស្ងាត់​ក្នុងឱកាស​ភ្ជុំបិណ្ឌ​នេះ គឺជា​រឿង​ល្អ ដែល​គួរតែ​នាំគ្នា​ទៅ​វត្ត ធ្វើបុណ្យ​ទាំងអស់គ្នា ក្រោយពី​សម្ដេច ហ៊ុន សែន បញ្ចេញ​សម្តី​លាយឡំ​ពី«បទ​ឈប់​បាញ់» គ្នា​នៅក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​នេះ។ ប៉ុន្តែ«បទ​ឈប់​បាញ់» នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនបាន​បញ្ជាក់​ន័យ​ឲ្យ​ច្បាស់​នោះទេ ដោយ​សម្ដេច បន្ថែមថា លោក​រង់ចាំ​មើលថា តើ​អ្នកណា​ជា​អ្នក​ចាប់ផ្ដើម​មុន។

សម្រាប់​អ្នកវិភាគ​នយោបាយ​វិញ​យល់ថា អ្នកនយោបាយ​គណបក្ស​ជាប់ឆ្នោត​មាន​អាសន​ក្នុង​រដ្ឋសភា​ទាំងពីរ គួរតែ​ចូល​តុ​ចរចា​ដោយ​សម្បទាន​គ្នា​ទៅវិញទៅមក តាមរយៈ​វប្បធម៌​សន្ទនា ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ ហើយ​ងាក​មករក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ និង​គិតពី​ផលប្រយោជន៍​ជាតិ​ជាធំ​វិញ៕


Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com