ជាតិ
សម្តេចម៉ែ​៖ Papy ជា​អ្នក​សប្បុរសធម៌​ដ៏​ល្អ​ប្រពៃ​មួយរូប​នៃ​ប្រជាជាតិ និង​ប្រជារាស្ត្រ​កម្ពុជា​
26, Sep 2016 , 12:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា នរោត្តម មុនិនាថ សីហនុ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​យាង​ទៅ​គោរព​វិញ្ញាណក្ខន្ធ លោក គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ (Christian GAUQUELIN des PALLIERES) ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) ។ លោក គ្រី​ស្យ​ង់ ដែល​គេ​និយម​ហៅថា Papy បានទទួល​មរណភាព​ដោយ​រោគាពាធ​ក្នុង​អាយុ​៨២​ឆ្នាំ កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ ។​

 
​ជាមួយគ្នានេះ​ផងដែរ សម្តេចម៉ែ បានចេញ​ព្រះរាជសារ​រំលែក​ទុក្ខ​ដល់​លោកស្រី ម៉ា​រី​ហ្វ្រ​ង់ ដេ​ប៉ា​លី​យ៉ែ​រ (Marie-France des Pallieres) ហៅ Mami ដែលជា​ភរិយា​របស់ Papy រួមទាំង​បុគ្គលិក អ្នកគ្រូ លោកគ្រូ សិស្សានុសិស្ស​ទាំង​អស់នៃ​អង្គការ PSE​។​
 
​សម្តេចព្រះ​វររាជ​មាតា បាន​មាន​ព្រះរាជបន្ទូល​ថា​៖ «​ការចូល​មរណភាព​នៃ​លោក គ្រី​ស្យ​ង់ ហ្គោ​គឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ ហៅ Papy គឺជា​ការបាត់បង់​អ្នក​សប្បុរសធម៌​ដ៏​ល្អ​ប្រពៃ​មួយរូប​នៃ​ប្រជាជាតិ និង​ប្រជារាស្ត្រ​កម្ពុជា​»​។​
 
​បន្ថែម​ពីលើ​នេះ ព្រះអង្គ​បាន​ទត​ឃើញ​ពី​ពលី​កម្ម​ដ៏​ធំធេង​របស់ Papy តាមរយៈ​ការបង្កើត​អង្គការ PSE ចាប់ពី​ឆ្នាំ​១៩៩៥​មក ដោយ​លះបង់​នូវ​កម្លាំងកាយ ប្រាជ្ញា និង​ពេលវេលា​ប្រមូល​កុមារ​ក្រីក្រ​នៅ​តំបន់​គំនរ​សំរាម​ស្ទឹងមានជ័យ​ជាច្រើន​ពាន់​នាក់ ឲ្យ​ទទួលបាន​នូវ​ការ​ស្នាក់នៅ អាហារ ការសិក្សាអប់រំ និង​ទំនុកបំរុង​ផ្សេងៗ​។ 
 
​លោក គ្រី​ស្យ​ង់ និង​ភរិយា Marie-France បាន​បង្កើត​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) តាំងពី​ឆ្នាំ​១៩៩៥ មក ហើយ​បាន​ជួយ​ដល់​កុមារ​ដែល​រស់នៅ​ម្តុំ​ស្ទឹងមានជ័យ ជាយ​រាជធានី​ភ្នំពេញ ជាពិសេស​នៅ​គំនរ​សំរាម ជាច្រើន​ពាន់​នាក់ តាមរយៈ​ការផ្តល់​ឱកាស​សិក្សា ការ​ស្នាក់នៅ អាហារ និង​ការ​ទំនុកបម្រុង​ផ្សេងៗ​។​
 
​សប្បុរសជន​ទាំងពីរ​ត្រូវបាន​គេ​ហៅថា Papi Mami ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ឪពុកម្តាយ​ទី​ពីរ​របស់​កុមារ​កម្ពុជា​៕
 ​







Tag:
 PSE
  Papy
  សម្តេចម៉ែ
© រក្សាសិទ្ធិដោយ thmeythmey.com