ជាតិ
សព​លោក Papy ត្រូវ​បូជា​លើ​មេរុ តាមរបៀប​ខ្មែរ​
26, Sep 2016 , 2:35 pm        
រូបភាព
 
​ភ្នំពេញ​៖ នៅ​ម៉ោង​២ រសៀល​នេះ សព​លោក គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ (Christian GAUQUELIN des PALLIERES) ហៅ Papy(ប៉ាពី) ត្រូវបាន​ដង្ហែរ​មកដល់​វត្ត​បញ្ចកែវមុនីឫស្សីសាញ់ ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ នៅ​ទីនោះ​ត្រូវបាន​គេ​រៀបចំ​មេរុ ទុក​សម្រាប់​បូជាសព​លោក Papy តាមរបៀប​ខ្មែរ​។


​បើតាម​អ្នកសារព័ត៌មាន​ថ្មីៗ ដែល​បាន​តាម​ក្បួន​ដង្ហែ​សព​នោះ នៅតាម​ផ្លូវ​ដង្ហែ​សព​វិ​រ​បុរស​របស់កុមារ​ស្ទឹងមានជ័យ​រូបនេះ មាន​ក្រុមនិស្សិត យុវជន និង​អាណាព្យាបាល​សិស្ស​រាប់ពាន់នាក់​នៅ​ឈ​ក្រោម​កម្តៅថ្ងៃ ។ ចំណែក​កុមារ​ជាច្រើន​នាក់ បាន​ឈ​តម្រង់​ជា​ជួរ​នៅ​សងខាង​ផ្លូវ​ចូលទៅ​កាន់​វត្តបញ្ច​កែវមុនីឫស្សីសាញ់ ដើម្បី​ទទួល​សព​លោក Papy​។​
 
​គួរ​បញ្ជាក់ថា លោក គ្រី​ស្យ​ង់ និង​ភរិយា Marie-France បាន​បង្កើត​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) តាំងពី​ឆ្នាំ​១៩៩៥ មក ហើយ​បាន​ជួយ​ដល់​កុមារ​ដែល​រស់នៅ​ម្តុំ​ស្ទឹងមានជ័យ ជាយ​រាជធានី​ភ្នំពេញ ជាពិសេស​នៅ​គំនរ​សំរាម ជាច្រើន​ពាន់​នាក់ តាមរយៈ​ការផ្តល់​ឱកាស​សិក្សា ការ​ស្នាក់នៅ អាហារ និង​ការ​ទំនុកបម្រុង​ផ្សេងៗ​។ សប្បុរសជន​ទាំងពីរ​ត្រូវបាន​គេ​ហៅថា Papy Mami ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ឪពុកម្តាយ​ទី​ពីរ​របស់​កុមារ​កម្ពុជា​៕

















© រក្សាសិទ្ធិដោយ thmeythmey.com