សង្គមអន្តរជាតិ​
អន្តរជាតិ
បច្ចុប្បន្ន ជប៉ុន​មាន​មនុស្ស​អាយុ​លើស​១០០​ឆ្នាំ ជាង​៦៥០០០​នាក់
06, Nov 2016 , 5:20 pm        
រូបភាព
ដោយ: ធីតា
នៅ​ឆ្នាំ​២០១៦ ជនជាតិ​ជប៉ុន​ប្រមាណ​៣២០០០​នាក់ បាន​ប្រារព្ធ​ខួបកំណើត​អាយុ​១០០​ឆ្នាំ​របស់ខ្លួន​។ យោង​ស្ថិតិ​របស់​ក្រសួងសុខាភិបាល ការងារ និង​សុខុមាលភាព​ជប៉ុន ចំនួន​ថ្មី​នេះ បាន​នាំ​ឲ្យ​តួលេខ​មនុស្ស​ចាស់​អាយុ​លើស​១០០​ឆ្នាំ កើន​ដល់​ជាង​៦៥០០០​នាក់ នាពេល​បច្ចុប្បន្ន​។​



​ជប៉ុន​បាន​កាន់កាប់​កំណត់ត្រា​ពិភពលោក​៤៦​ឆ្នាំ​ជាប់ៗ​គ្នា ក្នុងនាម​ជា​ប្រទេស​ដែលមាន​មនុស្ស​ចាស់​ឈានដល់​វ័យ​១០០​ឆ្នាំ​ច្រើនជាងគេ​។ បច្ចុប្បន្ន ជប៉ុន​បាន​បំបែក​កំណត់ត្រា​ខ្លួនឯង ជាមួយនឹង​កំណើន​រហូតដល់​ទៅជា​ង​៦៥០០០​នាក់ បន្ទាប់ពី​មនុស្ស​ប្រមាណ​៣២០០០​នាក់ បាន​ប្រារព្ធ​ខួបកំណើត​ឈានដល់​វ័យ​១០០​ឆ្នាំ​នៅ​ឆ្នាំ​២០១៦​នេះ​។​

​ស្ថិតិ​របស់​ក្រសួងសុខាភិបាល ការងារ និង​សុខុមាលភាព​ជប៉ុន បានបង្ហាញ​ពី​ចំណុច​វិជ្ជមាន​លើ​ប្រព័ន្ធ​សុខាភិបាល និង​ទំលាប់​រស់នៅ​ប្រកបដោយ​ផាសុកភាព​របស់​ជនជាតិ​ជប៉ុន ប៉ុន្តែ​ជាមួយគ្នា សេដ្ឋកិច្ច​របស់​ប្រទេសមួយ​នេះ ក៏ត្រូវ​ជួបនឹង​បញ្ហា​ប្រឈម​ផងដែរ​។​

​បច្ចុប្បន្ន ក្នុងចំណោម​ជនជាតិ​ជប៉ុន​១២៧​លាន​នាក់ មាន​២៥​ភាគរយ មាន​អាយុ​លើស​៦៥​ឆ្នាំ ហើយ​តួលេខ​អាច​កើន​លើស​៤០​ភាគរយ​នា​ឆ្នាំ​២០៦០​ខាងមុខ​។ បញ្ហា​ប្រឈម​របស់​ជប៉ុន​គឺ​ចំនួន​មនុស្ស​កាន់តែច្រើន ប៉ុន្តែ​អាត្រា​កំណើត​យឺត ដោយមាន​ជា​មធ្យម​តែ​៣០០ ០០០ នាក់​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ​។​

​កាលពី​ឆ្នាំ​២០១៥ ទារក​ជប៉ុន​១​លាន​នាក់​បានចាប់កំណើត តែ​មនុស្ស​ចាស់​រហូតដល់​ទៅ​១,៣​លាន​នាក់​បានទទួល​មរណភាព ខណៈ​ប្រទេសមួយ​នេះ មិនមាន​គោលនយោបាយ​បើកទូលាយ​ដល់​ជនអន្តោប្រវេសន៍​នោះឡើយ​។​

​ជាមួយនឹង​តួលេខ​មនុស្ស​ចាស់​វ័យ​ចាប់ពី​១០០​ឆ្នាំ កើនឡើង​កាន់តែច្រើន រដ្ឋាភិបាល​ជប៉ុន បានសម្រេច​កាត់បន្ថយ​ថវិកា​ក្នុងការ​រៀបចំ​ទិវា​ប្រពៃណី «Respect for the Aged Day» ។ បុណ្យជាតិ​ដែល​រៀបចំ​ជាប្រចាំ​នៅ​ថ្ងៃទី​១៩ ខែកញ្ញា គឺ​ដើម្បី​បង្ហាញ​ការគោរព​ចំពោះ​មនុស្ស​ចាស់​ដែល​ឈានដល់​វ័យ​១០០​ឆ្នាំ​។​

​ចាប់តាំងពី​ឆ្នាំ​១៩៦៣ មក រដ្ឋាភិបាល​ជប៉ុន​តែងតែ​ចំណាយ​ថវិកា​ទិញ «​ពែង​ស្រា​សាកេ​ដែល​ធ្វើ​ពី​ប្រាក់សុទ្ធ​» (Silver Sake Dish ឬ sakazuki) ជា​កាដូ​ជូន​ដល់​មនុស្ស​ចាស់​ឈានដល់​វ័យ​១០០​ឆ្នាំ ដែល​កាលណោះ មាន​ត្រឹមតែ​១៥៣​នាក់​។

​កាលពី​ឆ្នាំ​២០១៤ មនុស្ស​ចាស់​ឈានដល់​វ័យ​១០០​ឆ្នាំ ឡើង​ចំនួន​២៩ ៣៥៧​នាក់ [​ចំនួន​សរុប ៥៩ ០០០​នាក់​] ដោយ​រដ្ឋ​ត្រូវ​ចំណាយ​ប្រា​ក់ជាង​២​លាន​ដុល្លារ​អាមេរិក​ដើម្បី​ទិញ Sakazuki ជា​កាដូ​។ ដោយសារតែ​ចំនួន​កាន់តែច្រើន កាលពី​ឆ្នាំ​២០១៥ ជប៉ុន​បាន​លុបចោល​ការចំណាយ​ថវិកា​ទិញ Sakazuki ហើយ​ជំនួស​ដោយ​លិខិត​ជូនពរ និង​អបអរសាទរ​វិញ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ អះអាងថា ចំនួន​មនុស្ស​ចាស់​កាន់តែច្រើន មិនមែនជា​រឿង​គួរ​បារម្ភ​អ្វី​ឡើយ តែ​ជាការ​លើកទឹកចិត្ត​ដើម្បី​ជំរុញ​ផលិតកម្ម​តាមរយៈ​គំនិត​ច្នៃប្រឌិត ដូចជា​ការបង្កើត​មនុស្ស​យន្ត និង​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្មាន​ខ្សែ​ជាដើម​។​



Tag:
 ជប៉ុន​
  ប្រជាសាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com