អន្តរជាតិ
​ទី​ម័​រ​ខាងកើត​៖ បើ​គ្មាន​សន្តិភាព​និង​ស្ថិរភាព ក៏​គ្មាន​ការអភិវឌ្ឍ​, ហើយ​បើ​គ្មាន​ការអភិវឌ្ឍ ក៏​គ្មាន​សន្តិភាព និង​ស្ថិរភាព​ដែរ​
27, Sep 2016 , 8:39 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីទីម័រខាងកើត Rui Maria de Araújo
លោកនាយករដ្ឋមន្ត្រីទីម័រខាងកើត Rui Maria de Araújo
ដោយ:
​ពី​មហាសន្និបាត​អង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត នៅ​ថ្ងៃទី​២៤ ខែកញ្ញា​កន្លងទៅ បាន​គូសបញ្ជាក់​ពី​តថភាព​ពីរ​ដែល​បំពេញ​គ្នា​ទៅវិញទៅមក ដោយ​អះអាងថា បើ​គ្មាន​សន្តិភាព និង​ស្ថិរភាព ក៏​គ្មាន​ការអភិវឌ្ឍ ហើយ​បើ​គ្មាន​ការអភិវឌ្ឍ ក៏​គ្មាន​សន្តិភាព និង​ស្ថិរភាព​ដែរ​។



«​ក្នុងនាម​ជា​ប្រទេស​ដែល​ធ្លាប់​ឆ្លងកាត់​ពិសោធន៍​នៃ​ជម្លោះ​ច្រើន​ឆ្នាំ ទី​ម័​រ​ខាងកើត បានដឹង​គ្រប់បែបយ៉ាង​ពី​ផលប៉ះពាល់​នៃ​សង្គ្រាម ហើយ យើង ដឹង​អ្វី​គ្រប់យ៉ាង​ដើម្បី​ចៀសវាង​ពី​សង្គ្រាម តាមរយៈ​ការទូត​ទប់ស្កាត់ និង​តាមរយៈ​នៃ​ពង្រឹង​ស្ថាប័ន​»​។ នេះ​ជា​សេចក្តីថ្លែងការណ៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត Rui Maria de Araújo ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​នា​សម័យប្រជុំ​លើក​ទី​៧១​។

​លោកនាយក​រដ្ឋមន្ត្រី​រូបនោះ ក៏បាន​បន្ថែម​ដែរ​ថា ទី​ម័​រ​ខាងកើត អាច​ធ្វើជា​គំរូ និង​ប្រភព​នៃ​ក្តីសង្ឃឹម ក្នុងនាម​ជា​ប្រទេស​ដែល​ទើបតែ​ងើប​ពី​ស្ថានភាព​ជម្លោះ និង​ក្លាយជា​ប្រទេស​ដែលមាន​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​ផងដែរ​នោះ​។

​លោក ក៏បាន​ថ្លែង​ទៅកាន់​មហាសន្និបាត​ដែរ យើង​គ្រប់គ្នា​សុទ្ធសឹងតែ​បានដឹង​ពី​សារៈសំខាន់​នៃ​សន្តិភាព​សម្រាប់​ការអភិវឌ្ឍ និង​ការអភិវឌ្ឍ​សម្រាប់​សន្តិភាព ដែលជា​គោលដៅ​ទី​១៦​ក្នុងចំណោម​នៃ​គោលដៅ​ទាំង​១៧​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព ដែល​បានអនុម័ត​ដោ​យម​ហាស​ន្និ​សន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ឆ្នាំមុន​។

​លោកនាយ​រដ្ឋមន្ត្រី​នៃ​ប្រទេស​ក្មេងខ្ចី​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍​រូបនោះ បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា «​គ្មាន​អ្វីដែល​ត្រូវ​ឆ្ងល់​នោះទេ​: បើ​គ្មាន​សន្តិភាព និង​ស្ថិរភាព យើង មិនអាច​សូម្បីតែ​គិតពី​ការអភិវឌ្ឍ ហើយ បើ​គ្មាន​ការអភិវឌ្ឍ ក៏​គ្មាន​សន្តិភាព និង​ស្ថិរភាព​អ្វី​ដែរ​»​។

​ទន្ទឹមនឹង​ការលើកឡើង​ពី​សារសំខាន់​នៃ​ការអភិវឌ្ឍ និង​សន្តិភាព​ដែល​មិនអាច​ខ្វះ​គ្នា​បាន​នោះ លោកនាយក​រដ្ឋមន្ត្រី ក៏​ផ្តល់​ជា​ដំណោះស្រាយ ដោយ​លើកឡើងថា ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការគំរាមកំហែង និង​រក្សា​សក្តានុពល​សេដ្ឋកិច្ច ការការពារ​ព្រំដែន និង​ធានា​ពី​សន្តិសុខ​ដែនសមុទ្រ ក៏​ជា​កិច្ចការ​អាទិភាព​ផងដែរ​។

​សូម​ជម្រាប​ផងដែរ​ថា ទី​ម័​រ​ខាងកើត ធ្លាប់​ស្ថិតក្រោម​អាណានិគម​របស់​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ហើយ​បានប្រកាស​ឯករាជ្យ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​ឆ្នាំ​១៩៧៥​។ យ៉ាងណាមិញ​ការប្រកាស​ឯករាជ្យ​មិនបាន​ស្រួលបួល​ប៉ុន្មាន​ផង​ប្រទេស​នេះ​ក៏​ត្រូវបាន​ឈ្លានពាន​ដោយ​ប្រទេសជិតខាង ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ចុងឆ្នាំ​១៩៧៥ រហូតដល់​ឆ្នាំ​១៩៩៩​។

​ក្នុងពេលដែល​ឥណ្ឌូនេស៊ី​ដាក់បញ្ចូល​ទី​ម័​រ​ខាងកើត​ក្នុង​ឧ​ប​សម្ព​ន័​របស់ខ្លួន និង​គ្រប់គ្រង​នោះ មាន​ប្រជាជន​ទី​ម័​រ​ខាងកើត​ជាច្រើន​នាក់​ត្រូវបាន​រង​នូវ​ការធ្វើ​ទារុណកម្ម បង្ខាំង និង​សម្លាប់​យ៉ាង​ឃោរឃៅ​។ តែ​ចុងក្រោយ ទី​ម័​រ​ខាងកើត បាន​ឯករាជ្យ​ជាថ្មី​ម្តងទៀត​ក្រោយពី​មាន​ការធ្វើប្រជាមតិ​នៅ​ឆ្នាំ​១៩៩៩​ដែល​បានរៀបចំ​ដោយ​អង្គការសហប្រជាជាតិ ហើយ​បាន​ក្លាយជា​រដ្ឋ​ដែលមាន​អធិបតេយ្យ​ពេញលេញ និង​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ ២០០២៕


Tag:
 អង្គការសហប្រជាជាតិ​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com