ពីនេះ ពីនោះ
ពាក្យ​«​និមន្ត និង និមន្តន៍​»​មាន​លក្ខខណ្ឌ​ប្រើ​ខុសគ្នា ដូចម្ដេច​នៅក្នុង​ភាសា​ខ្មែរ​?
28, Sep 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​ថា «​និមន្ត និង និមន្តន៍​» គឺជា​ពាក្យ​ដែល​សាធារណជន លោក​នៅមាន​ភាពមិនច្បាស់លាស់​នៅក្នុង​ការសរសេរ​នៅឡើយ​។ មូលហេតុ គឺ​មិនសូវ​បាន​យល់ដឹង​ក្នុង​ការសរសេរ​ពាក្យពេចន៍ ឲ្យ​បាន​ត្រឹម​តាម​ក្បួនខ្នាត​វេយ្យាករណ៍ នៃ​កិរិយាសព្ទ គុណសព្ទ នាមសព្ទ  បាលី និង​សំស្ក្រឹត​នៅក្នុង​ភាសា​ខ្មែរ​។ ពាក្យ​ថា​«​និមន្ត និង និមន្តន៍​»​មាន​លក្ខខណ្ឌ​សរសេរ​ដូចខាងក្រោម​៖



​នៅក្នុង​សំណេរ​អត្ថបទ សាធារណជន​ត្រូវ​ចំណាំ​ក្នុង​ក្បួន​វេយ្យាករណ៍​ខ្មែរ​ថា បើ​ខ្លួន​ចង់​ប្រើពាក្យ​នេះ ជា​កិរិយាសព្ទ និង គុណសព្ទ​គឺ​ត្រូវ​សរសេរថា «​និមន្ត​» ដែល​មានន័យថា អញ្ជើញ សូម​ឲ្យ​ទៅ សូម​ឲ្យ​មក ជាដើម​។ ប៉ុន្តែ ប្រើ​ជា​នាមសព្ទ គឺ​ចាំបាច់​ត្រូវ​សរសេរ​«​និមន្តន៍​» ដែល​មានន័យថា ការ​គ្រប់គ្រាន់ ការ​ពេញលេញ សម្បូរ​ណ៍ ជាដើម​។​

​ករណី​ពិសេស​៖ ប្រសិនបើ​សាធារណជន ចង់​សរសេរ​ពាក្យ​នេះ ដោយ​ផ្សំ​ជាមួយ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​» គឺ​មិនត្រូវ​សរស​រថា «​ការ​និមន្តន៍​, ក្ដី​និមន្តន៍​, សេចក្ដី​និមន្តន៍ និង​ដំណើរ​និមន្តន៍​»​ឡើយ ព្រោះ​ការសរសេរ​បែបនេះ មិន​ត្រឹមត្រូវ​តាម​ក្បួន​វេយ្យាករណ៍​ខ្មែរ នោះទេ​។ មូលហេតុ​គឺ​ដោយសារ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​»​ជា​នាមសព្ទ មិនអាច​យកមក​ផ្សំ​ជាមួយ​ពាក្យ​ថា «​និមន្តន៍​»​បានទេ ព្រោះ​ជា​នាមសព្ទ​ដូចគ្នា​។​

​ដោយឡែក ចំពោះ​ពាក្យ​ថា​«​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​»​នេះ ត្រូវ​ផ្សំ​ជាមួយ​ពាក្យ​ថា «​និមន្ត​»​ទើប​ត្រឹមត្រូវ​។

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


Tag:
 ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com