អន្តរជាតិ
លោកស្រី ហ៊ី​ឡា​រី ធ្វើបាន​ល្អ​ជាង​ដូ​ណា​ល់​ត្រាំ ក្នុង​ការជជែក​ដេញដោល​លើក​ទី​១?
27, Sep 2016 , 9:39 pm        
រូបភាព
​ការជជែក​ដេញដោល​លើកដំបូង​រវាង​បេក្ខជន​ប្រធានាធិបតី​រយៈពេល​៩០​នាទី បានបញ្ចប់​ទៅដោយ​ភាគី​ទាំងពីរ​វាយប្រហារ​គ្នា​ដោយ​ពាក្យសម្តី​ខ្លាំងៗ​។ ប្រធានបទ​បី​ដែល​បេក្ខជន​ទាំងពីរ​លើកយក​មក​ជ​ជែក​ពិភាក្សាគ្នា​ក្នុងនោះ​មាន​«​ទិសដៅ​អាមេរិក​, ការ​ឈានទៅ​សម្រេចបាន​នូវ​វិបុលភាព និង​ធ្វើយ៉ាងណា​រក្សា​សុវត្ថិភាព​អាមេរិក​»​។ បេក្ខជន​ទាំងពីរ​បាន​ចំណាយ​ពេលវេលា​ច្រើន​វាយប្រហារ​គ្នា​ទៅវិញទៅមក ទាញយក​រឿង​ចាស់​មក​វែកញែក ច្រើនជាង​និយាយ​រឿង​សាច់​ការ​។ ប៉ុន្តែ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ហាក់​ធ្វើ​បានល្អ​ជាង លោក ដូ​ណា​ល់ ត្រាំ ។



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖




​ការជជែក​ដេញដោល​លើកដំបូង​រវាង​បេក្ខជន​ប្រធានាធិបតី​អាមេរិក​រយៈពេល​៩០​នាទី​បាន​បិទ​បញ្ចប់​ទៅដោយ​រលូន តែមាន​ការប៉ះទង្គិច​ពា​ក្យ​សម្តី​គ្នា​ខ្លះ​រវាង​បេក្ខជន​ទាំងពីរ​នាក់​។ រឿង​សំបុត្រកំណើត​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​, បញ្ហា​អ៊ី​ម៉ែ​ល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​រឿង​របាយការណ៍​ពន្ធ​ក្រុមហ៊ុន​លោក ដូ​ណា​ល់ ត្រាំ នៅតែ​ជា​រឿង​ក្តៅ និង​ចម្រូងចម្រាស​ដែរ​ក្នុង​វេទិកា​ជជែក​គ្នា​នេះ ថ្វីបើ​វា​ជា​រឿង​ចាស់​ក៏ដោយ​។ រឿង​ចាស់​ដូចជា​សង្គ្រាម​អ៊ីរ៉ាក់ និង​បញ្ហា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ​ក៏ ជា​រឿង​ដែល​បេក្ខជន​ទាំងពីរ​ចំណាយ​ពេលវេលា​វែកញែក​ច្រើន​ដែរ​។​

​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ លោក ដូ​ណា​ល់ ត្រាំ ពេលខ្លះ​មិន​ឆ្លើយ​ចំ​សំណួរ​ដែល​គេ​សួរ​ឡើយ ហើយ​បេក្ខជន​ទាំងពីរ​ឆ្លៀត​បង្អាក់ គ្នា​ទៅវិញទៅមក​ពេល​កំពុង​ឆ្លើយ​សំណួរ​ទៀត​។ ប៉ុន្តែ​លោកស្រី ហ៊ី​ឡា​រី ហាក់បីដូចជា​អាច​រក្សា​ការអត់ធ្មត់​បាន​ច្រើនជាង​និង​អាច​ឆ្លើយ​សំណួរ​ល្អ​ដែរ​។ ហើយ​អ្វីដែល​គេ​មើលឃើញ​នោះ​គឺ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន មានប្រៀប​ត្រង់​វាយប្រហារ​លោក ដូ​ណា​ល់ ត្រាំ មិន​ដក​ដៃ​សោះ​។ 

១.​បន្ថយពន្ធ​ជួយ​ប្រជាជន ឬ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាថ្មី​?
​ពាក់ព័ន្ធ​បញ្ហា​ពន្ធ​និង​ការបង្កើត​ការងារ​ដល់​ប្រជាជន​អាមេរិក ពេល​អ្នកសម្របសម្រួល​ចោទសួរ បេក្ខជន​បក្ស​សាធារណ​ដ្ឋ​លោក ដូ​ណា​ល់ ត្រាំ បាន​ចំណាយ​ពេលវេលា​ច្រើន​ផ្តោតលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ​ព្រោះ​លោក​ជឿជាក់ថា កិច្ចព្រមព្រៀង​នេះហើយ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជាច្រើន​ចេញទៅ​បើក​ដំណើរការ​នៅ​ប្រទេសក្រៅ​។ លោក ពន្យល់ថា អាមេរិក​ខាត​រហូត​ពេល​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដទៃ ហើយ​លោក​លើក​ឧទាហរណ៍​កិច្ចព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង (NAFTA) ហើយ​មួយទៀត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ស្តង់ដា​មាស​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក (TPP)​។ ពាក់ព័ន្ធ​កិច្ចព្រមព្រៀង TPP លោក ដូ​ណា​ល់ ត្រាំ បន្ទោស​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ព្រោះ​លោកស្រី​មាន​ចំណែក​ក្នុងការ​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​នេះ​កាល​ធ្វើជា​រដ្ឋមន្ត្រីការបរទេស​។  

​សម្រាប់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដើម្បី​ដោះស្រាយ​បញ្ហា​ការងារ លោកស្រី នឹង​បន្ថយ​ការបង់ពន្ធ​សម្រាប់​ក្រុមគ្រួសារ​វណ្ណៈ​កណ្តាល​នៅ​អាមេរិក ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ពួកគេ​។  ក្រៅពីនេះ​លោកស្រី ទទួលស្គាល់ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​រឿង​សំខាន់ ប៉ុន្តែ​អាមេរិក​ត្រូវការ​កិច្ចព្រមព្រៀង​ដែលមាន​ភាព​ឆ្លាត​វៃ​និង​មាន​សមធម៌​។​

២.​ប្រជាជន​អាមេរិក​គ្រប់គ្នា​បង់ពន្ធ ចុះ​លោក ដូ​ណា​ល់​ត្រាំ​?
​យ៉ាងណា​ក៏ដោយចុះ ពេល​ជជែក​ដេញដោល​រឿង​ពន្ធ​និង​ការចំណាយ​របស់​ប្រជាជន​អាមេរិក​គ្រប់​ស្រទាប់វណ្ណៈ​ក្នុងការ​បង់ពន្ធ​ជូន​រដ្ឋ អ្នកសម្របសម្រួល​បាន​ចោទសួរ​លោក ដូ​ណា​ល់ ត្រាំ រឿង​មិន​ព្រម​បញ្ចេញ​របាយការណ៍​បង់​ពន្ធ​របស់​ក្រុមហ៊ុន​លោក​។

​លោក ដូ​ណា​ល់ ត្រាំ ឆ្លើយតប​ភ្លាមៗ​ថា លោក​មិន​ខ្លាច​បញ្ចេញ​របាយការណ៍​ឡើយ ហើយ​លោក​បង់ពន្ធ​ជា​ទៀងទាត់​តាំងពីដើម​មក​។ ប៉ុន្តែ ដូ​ណា​ល់ ត្រាំ ចាប់ផ្តើម​វាយប្រហារ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដោយ​ព្រលយ​ពាក្យ​៖«​ខ្ញុំ​នឹង​បញ្ចេញ​របាយការណ៍​ពន្ធ​នៅពេល​ដែ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បញ្ចេញ​អ៊ី​ម៉ែ​ល​ចំនួន ៣៣០០០ ដែល​លោកស្រី​បាន​លុបចោល​នោះ​»​។​

​វា​ក្លាយជា​ឱកាស​ពិសេស​សម្រាប់ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក្នុងការ​វាយប្រហារ​លោក​ដូ​ណា​ល់​ត្រាំ​។ លោកស្រី​សង្កត់ធ្ងន់ថា ជា​ទម្លាប់ អ្នក​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ត្រូវ​បញ្ចេញ​របាយការណ៍​ពន្ធ​។ ក្នុងករណី​ដូច​លោក ដូ​ណា​ល់ ត្រាំ ដែល​មិន​ហ៊ាន​បញ្ចេញ​របាយការណ៍​នេះ​ប្រហែលជា​លោក​មិនមាន​ទ្រព្យ​ច្រើន​ដូច​លោក​ធ្លាប់​អះអាង​។ ហើយ​មួយទៀត​ប្រហែលជា​លោក​មិនមាន​ចិត្តសប្បុរស​ដូចដែល​លោក​ប្រកាស​កន្លងមក​ទេ​។  ហើយ​មួយទៀត​លោក ដូ​ណា​ល់ ត្រាំ ប្រហែលជា​មិន​ចង់​ឲ្យ​គ្រប់គ្នា​ដឹងថា លោក​មិនបាន​បង់ពន្ធ​សូម្បី​តែមួយ​សេន​ដល់​អាជ្ញាធរ​សហព័ន្ធ​។​

​តែ​រឿង​ដែល​គួរ​ឲ្យ​អស់សំណើច​នោះ​គឺ លោក ដូ​ណា​ល់ ត្រាំ និយាយ​កាត់ សម្តី​លោកស្រី​ថា  ការមិន​បង់ពន្ធ​ឲ្យ​រដ្ឋ​នេះ​មានន័យថា​លោក ឆ្លាត​។ តែ​តាមពិត វា​មិនជា​រឿង​ឆ្លាត​ឡើយ​នៅពេល​យើង​មិន​បង់ពន្ធ​ជូន​រដ្ឋ​នោះ ។​

៣.​ដូ​ណា​ល់ ត្រាំ លើក​បញ្ហា តែ​មិនសូវ លើក​ដំណោះស្រាយ​!!!
​អ្នកសម្របសម្រួល​បាន​ឆ្លងទៅ​ប្រធានបទ​ស្មុគស្មាញ​មួយទៀត​គឺ បញ្ហា​ហិង្សា​ប្រឆាំង​ប្រជាជន​ស្បែក​ខ្មៅ​ពី​សំណាក់​ប៉ូលិស ជា​ឧទាហរណ៍​ដូច​នៅ Tulsa និង Charlotte​។ សំណួរ​គឺថា តើ​ត្រូវ​ធ្វើយ៉ាងណា​ដើម្បី​ដោះស្រាយ​បញ្ហា​បែកបាក់​គ្នា​រវាង​សហគមន៍​ប្រជាជន​អាមេរិក​ដើមកំណើត​អាហ្វ្រិក និង​ប្រជាជន​ស្បែ​កស​?

​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​បកស្រាយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គេ​ត្រូវ​លើកកម្ពស់​ការកសាង​ទំនុកចិត្ត​រវាង​ប៉ូលិស​និង​សហគមន៍​ប្រជាជន​ស្បែក​ខ្មៅ​។ ចំណុច​បន្ទាប់​គឺ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌​ទាក់ទង​បញ្ហា​ឧក្រិដ្ឋកម្ម​។ ហើយ​ចុងក្រោយ​ត្រូវ​ដកហូត​សិទ្ធ​ប្រើប្រាស់​កាំភ្លើង​របស់​អ្នក​ដែល​មិនគួរ​មាន​។

​តែ​លោក ដូ​ណា​ល់ ត្រាំ ឯណោះ​វិញ មិនបាន​បកស្រាយ​ច្រើន​ឡើយ​។ លោក​អះអាងថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​អាមេរិក​ត្រូវ​ស្តារ​«​សណ្តាប់ធ្នាប់​និង​ច្បាប់ទម្លាប់​»​ឡើងវិញ​។ ចម្លើយ​យ៉ាងខ្លី​នេះ​ប្រហែលជា​ល្អ​ស្តាប់ ប៉ុន្តែ​ពិបាក​យល់ថា​តើ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ស្តារ​សណ្តាប់ធ្នាប់​និង​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ​។ និយាយ​ទៅ នេះ​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​តុ​ន​មានប្រៀប​លើ​លោក​ថែមទៀត​។​

៤. សង្គ្រាម​អ៊ីរ៉ាក់​រឿង​ចាស់ តែ​នៅ​ក្តៅ​
​ដោយឡែក សង្គ្រាម​អាមេរិក​នៅ​អ៊ីរ៉ាក់ ក្លាយជា​រឿង​ក្តៅ ពេលដែល​លោក ដូ​ណា​ល់​ត្រាំ ចោទប្រកាន់​រដ្ឋបាល​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ថា ជា​អ្នកធ្វើ​ឲ្យ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​កើតឡើង ដោយ​ដកទ័ព​អាមេរិក​ចេញពី​អ៊ីរ៉ាក់​។ ហើយ​ដោយសារ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានជា​ស្ថាន​ភាពចលាចល​កើតមាន​ពេញ​តំបន់​មជ្ឈិមបូព៌ា​ដូច​បច្ចុប្បន្ន​។​

​ប៉ុន្តែ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន វាយប្រហារ​បក​វិញ​ថា លោក ដូ​ណា​ល់ ត្រាំ ធ្លាប់ជា​អ្នក​ដែល​គាំទ្រ​សង្គ្រាម​អាមេរិក​នៅ​អ៊ីរ៉ាក់ ហើយ​ក្រោយមក​លោក​ក៏​ស្នើ​ឲ្យ​មានការ​ផ្តួលរំលំ​របប​ដឹកនាំ​លី​ប៊ី​របស់លោក ហ្កា​ដា​ហ្វី ទៀត​។ ម្យ៉ាង​លោក George W. Bush ជា​អ្នក​ដែល​បង្កើត​កិច្ចព្រមព្រៀង​ដើម្បី​កំណត់ថា​ពេលណា​គួរ​ដក​កងទ័ព​អាមេរិក​ចេញពី​អ៊ីរ៉ាក់ មិនមែន​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នោះឡើយ​។​

៥.  ដូ​ណា​ល់ ត្រាំ នៅតែ​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក​មិន​ទុកចិត្ត​
​លោក ដូ​ណា​ល់ ត្រាំ ក៏​បន្ទោស​របប​ដឹកនាំ​លោក អូ​បា​ម៉ា និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន រឿង​បង្កើត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែរ​។  ទាក់ទិន​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ លោក​អះអាងថា លោក​បាន​ជួប​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu ហើយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ប្រាប់​លោក ថា​លោក បារម្ភ​ខ្លាំង​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​។ 

​ក្រៅពីនេះ លោក​ក៏​បកស្រាយ​ជាថ្មី​ដែរ​ថា ប្រទេស​សម្ព័ន្ធមិត្ត​មួយចំនួន​ដូចជា​ជប៉ុន​និង​កូរ៉េខាងត្បូង គួរ​ចំណាយលុយ​ច្រើន​បង់ថ្លៃ​ការពារ និង​ត្រៀមខ្លួន​ដើម្បី​ការពារ​សន្តិសុខ​ខ្លួន ឯង​វិញ​ជាជាង​ពឹង​លើ​អាមេរិក​។ លោក​ធ្លាប់​ប្រកាសថា បើ​លោក​ជាប់ឆ្នោត​លោក​នឹង​អនុញ្ញាត​ឲ្យ​កូរ៉េខាងត្បូង​និង​ជប៉ុន​មាន​អាវុធ​នុយក្លេអ៊ែរ​ប្រើប្រាស់​ថែមទៀត​។

​ចំណែក​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ក៏ត្រូវ​បង់លុយ​តាម​ការកំណត់​នៅក្នុង​សន្ធិសញ្ញា​ដូចគ្នា​។ លោក ដូ​ណា​ល់ ត្រាំ ថា​អាមេរិក​ល្ងង់ ព្រោះ​អាមេរិក​ចំណាយ​ថវិកា​ច្រើនសន្ធឹក​សម្រាប់​បក្សសម្ព័ន្ធ​យោធា​ណា​តូ ខណៈដែល​ប្រទេស​សមាជិក ២៧ ផ្សេងទៀត​ជិះសេះ​លែងដៃ​និង​ចំណាយលុយ​តិចជាង​ការកំណត់​ក្នុង​សន្ធិសញ្ញា​។

​ជាធម្មតា​ក្នុង​វេទិកា​នេះ មនុស្ស​ជាច្រើន​តាមដាន​និង​ចាំមើល​គោលនយោបាយ យុទ្ធសាស្ត្រ និង​សម្តី​ដែល​បេក្ខជន​ប្រើប្រាស់​។ វា​ជា​ពេលដែល​បេក្ខជន​ត្រូវ​ប្រុងប្រយ័ត្ន​ពាក្យសម្តី​បំផុត​ដើម្បី​ធ្វើយ៉ាងណា​បង្ហាញ​ទៅ​អ្នក​មើលថា ខ្លួន​សក្តិ​សមជា​ប្រធានាធិបតី​។ តែ​លោក ដូ​ណា​ល់ ត្រាំ មិនបាន​គិតគូរ​ច្រើន​ឡើយ​។ ផ្ទុយទៅវិញ​លោក​បែរជា​បន្ត​លើក​បញ្ហា​ដែល​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក​បាត់បង់​ទំនុកចិត្ត​ថែមទៀត​។​

​ចំណែក​លោក ស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​ឆ្លៀត​បញ្ជាក់ប្រាប់​ដល់​អ្នកតា​ម​ដាន​ជាពិសេស​ប្រជាជន​នៃ​ប្រទេស​ម្ព័​ន្ធ​មិត្ត​ជប៉ុន​និង​កូរ៉េខាងត្បូង ថាបើ​លោកស្រី​ជាប់ឆ្នោត សន្ធិសញ្ញា​ការពារ​រួមគ្នា​ដែលមាន​នឹងត្រូវ​អនុវត្ត​បន្ត​ទោះបីជា​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ លោកស្រី ធានា ការពារ​សម្ព័ន្ធមិត្ត​ទាំងនោះ​ទៀត នៅពេល​លោកស្រី ក្លាយជា​ប្រធានាធិបតី​អាមេរិក​៕


© រក្សាសិទ្ធិដោយ thmeythmey.com