អន្តរជាតិ
អតីត​ប្រ​ធា​នាធិបតី​អ៊ីស្រាអែល Shimon Peres ស្លាប់ដោយដាច់សរសៃឈាមខួរក្បាល
28, Sep 2016 , 10:03 am        
រូបភាព
ដោយ: ថ្មីៗ
​អតីត​ប្រធានាធិបតី​អ៊ីស្រាអែល Shimon Peres បាន​ស្លាប់​នៅ​វ័យ ៩៣ ឆ្នាំ ពីរ​សប្តាហ៍​ក្រោយពេល​លោក​ចូល​សម្រាក​មន្ទីរពេទ្យ​ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាល​។  លោក Shimon Peres ជា​អ្នកនយោបាយ​អ៊ីស្រាអែល​ដ៏​ល្បី​ម្នាក់​ហើយ​លោក​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​និង​ជា​សហ​ស្ថាបនិក​នៃ​កិច្ចព្រមព្រៀង​សន្តិភាព Oslo ថែមទៀត​។ 

​លោក  Shimon Peres អតីត​ប្រធានាធិបតី និង​អតីត​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន ស្លាប់​នៅក្នុង​វ័យ ៩៣​ឆ្នាំ​ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាល​។ នេះ​បើតាម​ការបញ្ជាក់​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​អ៊ីស្រាអែល​។​
 
​លោក Peres បាន ដាច់​សរសៃឈាម​ខួរក្បាល​នៅ​ថ្ងៃ ១៣ កញ្ញា ហើយ​លោក​បានទទួល​ការព្យាបាល​ពី​គ្រូពេទ្យ​នៅ​ទីក្រុង Tel Aviv​។ ក្រោយមក​ស្ថានភាព​សុខភាព​ល្អ​បាន​ធូរស្រាល​បន្តិច​ប៉ុន្តែ ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ដដែល​។ មកដល់​ថ្ងៃ​អង្គារ​ទី ២៧ កញ្ញា​ម្សិលមិញ សុខភាព​លោក​ចាប់ផ្តើម​ដុនដាប​ខ្លាំង ហើយ​ក៏បាន​ស្លាប់​នៅ​ថ្ងៃ ទី​២៨ នេះ​ទៅ​។ 
 
​តាមពិតទៅ លោក Shimon Peres ជា​អ្នកនយោបាយ​អ៊ីស្រាអែល​ជើងចាស់​ដែល​ល្បីឈ្មោះ​និង​ទទួលបាន​ការគោរព​ខ្លាំង​ពី​ប្រជាជន​អ៊ីស្រាអែល​និង​មេដឹកនាំ​បរទេស​ផ្សេងទៀត​។ ក្រៅពី​ធ្វើជា​ប្រធានាធិបតី​ទី​៩របស់អ៊ីស្រាអែល លោក Shimon Peres ក៏​ធ្លាប់​បម្រើ​ការងារ​ជា​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ពីរដង​ដែរ​។ ដោយសារ​ប្រជាប្រិយភាព​ខ្ពស់ លោក​បាន​បន្ត​កាន់តំណែង​ជា​ប្រធានាធិបតី រយៈពេល ៧​ឆ្នាំ ពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០១៤
 
​អ្វីដែល​សំខាន់​នោះ​លោក ធ្លាប់​ទទួលបាន​ពានរង្វាន់​ណូបែល​សន្តិភាព​ថែមទៀត ដោយសារ​លោក​ជា​សហ​ស្ថាបនិក​នៃ​កិច្ចព្រមព្រៀង​សន្តិភាព Oslo ជាមួយ​នាយករដ្ឋមន្ត្រី  Yitzhak Rabin  និង​ប្រធាន​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​លោក Yasser Arafat៕
 

© រក្សាសិទ្ធិដោយ thmeythmey.com