អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អង់គ្លេស សន្យា​ជួយ​តួ​ក​គី​ឲ្យ​បាន​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​
28, Sep 2016 , 11:26 am        
រូបភាព
 
 
​ប្រមុខ​ការទូត​អង់គ្លេស លោក បូរី​ស ច​ន​សុន (Boris Johnson) បាន​សន្យា​ជួយ​តួ​ក​គី ដើម្បី​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប បើទោះជា​អង់គ្លេស​សម្រេចចិត្ត​ចាក​ចេញពី​សហភាព​អឺរ៉ុប តាមរយៈ​ប្រជាមតិ​ថ្ងៃទី​២៤ ខែមិថុនា​ហើយ​ក្ដី​។ ការប្រកាស​គាំទ្រ​តួ​ក​គី​របស់​ប្រមុខ​ការទូត​អង់គ្លេស​រូបនេះ ហាក់​ផ្ទុយ​ពីអ្វី​ដែល​លោក​ធា្ល​ប់​និយាយ​កាលពី​យុទ្ធនាការ​បោះឆ្នោត​ប្រជាមតិ ដោយ​លោក​បាន​រិះគន់​តួ​ក​គី​ខ្លាំងៗ ជុំវិញ​បញ្ហា​ជនភៀសខ្លួន​។​

 
«​យើង​ចាក​ចេញពី​សហភាព​អឺរ៉ុប តែ​យើង​មិនមែន​ចាកចេញ​ពី​អឺរ៉ុប​ឡើយ ហើយ​យើង​នឹង​ជួយ​តួ​ក​គី​ឲ្យ​បាន​ចូល​សហភាព​អឺរ៉ុប ។​» នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​អង់គ្លេស បូរី​ស ច​ន​សុន ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​តួ​ក​គី ក្នុងនាម​ជា​ប្រមុខ​ការទូត​អង់គ្លេស ដោយ​អះអាងថា ចក្រភព​អង់គ្លេស នឹង​ជួយ​តួ​ក​គី​តាម​គ្រប់​វិធី​ទាំងអស់​។ 
 
​ក្នុង​សន្និសីទកាសែត​ជាមួយ លោក Omer Celik រដ្ឋមន្ត្រី​កិច្ចការ​អឺរ៉ុប​របស់​តួ​ក​គី ប្រមុខ​ការទូត​អង់គ្លេស​រូបនេះ ក៏បាន​សន្យា​ដែរ​ថា ចក្រភព​អង់គ្លេស​នឹង​ប្រកៀក​ស្មា​ជាមួយ​ក្រុង​អង់កា​រ៉ា និង​បាន​សង្កត់ធ្ងន់ថា តួ​ក​គី​មាន​តួនាទី​សំខាន់​ណាស់​លើ​ឆាក​អន្តរជាតិ​។ ហើយ​លោក​ក៏បាន​លើកឡើង​ពី​សារៈសំខាន់​ដែល​ប្រទេស​ទាំងពីរ​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដដែល បើទោះជា​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​ក្ដី​។   
 
​យោងតាម​សារព័ត៌មាន RT លោក បូរី​ស ច​ន​សុន បញ្ជាក់ថា អង់គ្លេស​សំណាង​ណាស់ ដែល​ក្លាយជា​អ្នក​នាំចូល​ទំនិញ​តួ​ក​គី​ធំជាងគេ​។ ជាក់ស្ដែង​នោះ លោក​បានបង្ហាញ​ពី​មោទនភាព​របស់លោក​ចំពោះ​ម៉ាស៊ីន​បោកគក់​របស់​តួ​ក​គី ដែល​ស្អាត និង​មាន​មុខងារ​ល្អៗ​ច្រើន​។  
 
​ជាមួយគ្នា​នោះ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស បូរី​ស ច​ន​សុន ក៏បាន​សរសើរ​ប្រធានាធិបតី​តួ​ក​គី លោក Recep Tayyip Erdogan ចំពោះ​ការទទួល​ជនភៀសខ្លួន​រាប់លាន​ឲ្យ​ស្នាក់នៅ​ទឹកដី​តួ​ក​គី​។ បញ្ហា​ជនភៀសខ្លួន​នេះហើយ ដែល​លោក ច​ន​សុន ជា​អ្នកគាំទ្រ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​ចក្រភព​អង់គ្លេស ប្រើ​ក្នុង​យុទ្ធនាការ​ស្វែងរក​សំឡេងគាំទ្រ​ពី​ប្រជាជន​អង់គ្លេស ដោយ​លោក​បានលើកឡើង​ពី​ផលវិបាក​កើតចេញ​លំហូរ​ជនភៀសខ្លួន​នេះ​។​
 
​តាមពិតទៅ លោក បូរី​ស ច​ន​សុន ដែលជា​អតីត​អភិបាលក្រុង​ឡុង​ដ៍ ជា​អ្នកជា​រិះគន់​ខ្លាំង​លើ​ប្រធានាធិបតី​តួ​ក​គី និង​តែងតែ​ប្រឆាំងនឹង​សមាជិកភាព​តួ​ក​គី​ក្នុង​អង្គការ​តំបន់​នេះ​។ លោក​ធ្លាប់​និយាយថា ពេល​តួ​ក​គី​ក្លាយជា​សមាជិក​អឺរ៉ុប ជន​ភៀស​ខ្លូន​រាប់លាន​នាក់ នឹង​ហូរ​ចូល​ទឹកដី​អង់គ្លេស ហើយ​បញ្ហា​នេះ ក្លាយជា​ហេតុផល​ដែល​អង់គ្លេស​សម្រេចចិត្ត​ចាក​ចេញពី​សហភាព​អឺរ៉ុប​៕ 
 
 

Tag:
 ​អឺរ៉ុប​
 ​ អង់គ្លេស​
 ​ តួ​ក​គី
© រក្សាសិទ្ធិដោយ thmeythmey.com