កីឡាជាតិ
ជាតិ
ប៉េតង់​កម្ពុជា​ទទួលបាន​មេដាយ​សំរឹទ្ធ​១​បន្ថែមទៀត​ពី​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​
28, Sep 2016 , 12:11 pm        
រូបភាព
ប៉េតង់(រូបភាពពី៖ ហ្វេសប៊ុក NOCC
ប៉េតង់(រូបភាពពី៖ ហ្វេសប៊ុក NOCC
ដោយ:
​កីឡាករ​ប៉េតង់​កម្ពុជា ញ៉ែម បូរ៉ា ទទួលបាន​មេដាយ​សំរឹទ្ធ​១​បន្ថែមទៀត​ពី​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​លើក​ទី​៥(Asian Beach Games 2016) នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម បន្ទាប់ពី​ចាញ់​កីឡាករ​ថៃ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ព្រឹក​មិញ​។ ចំណែក​កីឡាការិនី ដួង ឌី​ណា បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​។



​កីឡាករ ញ៉ែម បូរ៉ា បាន​យកឈ្នះ​កីឡាករ​ម៉ុង​ហ្គោ​លី ១៣-២ នា​ការប្រកួត​បើកឆាក និង​ចាញ់​កីឡាករ​វៀតណាម ១៣-៨ នា​ការប្រកួត​បន្ទាប់ ហើយ​បាន​បន្ត​ឈ្នះ​ពីរ​ប្រកួត​ជា​បន្ទាប់​បន្ទាប់​លើ​កីឡាករ​សិង្ហ​បុរី​(១៣-៨) និង​ឡាវ​(១៣-៤)​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​កាលពី​ម្សិលមិញ​។

​ការ​ឈ្នះ​៣​ប្រកួត​ចាញ់​១​ប្រកួត​នេះ​បានធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​រូបនេះ​ទទួលបាន​សិទ្ធិ​ឡើងមក​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ប៉ុន្តែ​កីឡាករ ញ៉ែម បូរ៉ា របស់​កម្ពុជា​បាន​ចាញ់​កីឡាករ​ថៃ ក្នុង​លទ្ធផល ១៣-៦ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ព្រឹក​មិញ​នេះ​។ ការ​ចាញ់​របស់ បូរ៉ា ធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​មេដាយ​សំរឹទ្ធ​១​លើ​វិញ្ញាសា​១​នាក់​ទល់​១​នាក់​បន្ថែមទៀត​។​

​ការបន្ថែម​មេដាយ​សំរឹទ្ធ​១​របស់​កីឡាករ ញ៉ែម បូរ៉ា នេះ​នាំ​ឲ្យ​កម្ពុជា​ទទួលបាន​មេដាយ​ទាំងអស់​ចំនួន​៥​លើ​វិ​ញ្ញា​ប៉េតង់​ពី​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​លើក​ទី​៥​នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម​នាបច្ចុប្បន្ន​នេះ​។ មេដាយ​ទាំង​៥​របស់​កម្ពុជា​ក្នុងនោះ​មាន មាស​១, ប្រាក់​១ និង​សំរឹទ្ធ​៣​។ 

​មេដាយមាស​របស់​កម្ពុ​ជា​ដណ្តើមបាន​ដោយ​កីឡាករ សុខ ចាន់​មាន លើ​វិញ្ញាសា​វាយយក​ពិន្ទុ​បុរស​(Men’s Shooting) ឬ​ឯ​មេដាយប្រាក់​ដណ្តើមបាន​ដោយ​កីឡាការិនី កែ ឡេង លើ​វិញ្ញាសា​វាយយក​ពិន្ទុ​នារី​(Women’s Shooting)​។ ចំណែក​មេដាយ​សំរឹទ្ធ​៣​កម្ពុជា​ដណ្តើមបាន​លើ​វិញ្ញាសា​ប្រកួត​២​នាក់​ទល់​២​នាក់​បុរស​-​នារី​(២) និង​វិញ្ញាសា​ប្រកួត​១​នាក់​ទល់​១​នាក់​(១)​។​

​ទន្ទឹមនឹង​ជ័យជម្នះ​នេះ កីឡាការិនី ដួង ឌី​ណា ដែល​ប្រកួត​លើ​វិញ្ញាសា​១​នាក់​ទល់​១​នាក់​មិនអាច​ដណ្តើម​មេដាយ​ជូន​កម្ពុជា​ឡើយ បន្ទាប់ពី​៤​ប្រកួត​ឈ្នះ​២​ប្រកួត និង​ចាញ់​២​ប្រកួត​។ លទ្ធផល​នេះ​បានធ្វើ​ឲ្យ​កីឡាការិនី​រូបនេះ​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​លើក​ទី​៥​នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​៕   


Tag:
 ​ប៉េតង់​
  ញ៉ែម បូរ៉ា​
  Asian Beach Games 2016
© រក្សាសិទ្ធិដោយ thmeythmey.com