ជាតិ
​​​ន​យោ​បាយ​ជាតិ​
​រដ្ឋសភា មិន​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​បក្សប្រឆាំង តាម​សំណើ​របស់​ក្រសួងយុត្តិធម៌​ទេ​
28, Sep 2016 , 12:44 pm        
រូបភាព
 
​ភ្នំពេញ​៖ ប្រធាន​គណៈកម្មការ​ជំនាញ​ទាំង​៥​រូប ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ ក្រោយ​កិច្ចប្រជុំ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បានសម្រេច​ច្រានចោល​សំណើ​របស់​ក្រសួងយុត្តិធម៌ ដែល​សុំ​ឲ្យ​ដក​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង​ពីររូប​។

 
​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​លើក​ហេតុផល​ថា ការមិន​ដក​អភ័យឯកសិទ្ធិ​នេះ គឺ​ដោយសារតែ​តំណាងរាស្ត្រ​បក្សប្រឆាំង​ទាំង​ពីររូប គឺ លោក តុ វ៉ាន់​ចាន់ និង​លោក ពិន រតនា មិនបាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ឡើយ​។ នេះ​បើតាម​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា ដែល​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​។ 
​លោក ឡេង ប៉េងឡុង បានបញ្ជាក់​បែបនេះ​ថា​៖ ដោយសារតែ​តំណាងរាស្ត្រ​ទាំងពីរ​នាក់​នោះ មិនបាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង អ៊ីចឹង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ មិនបាន​សម្រេច​ទេ ហើយនឹង​ឆ្លើយ​ជូន​ក្រសួងយុត្តិធម៌​វិញ​»​។ 
 
​សូមបញ្ជាក់ថា លោក តុ វ៉ាន់​ចាន់ និង​លោក ពិន រតនា ត្រូវបាន​តុលាការ​ចោទ​ពីបទ «​សញ្ចារកម្ម​» ទាក់ទង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ បន្ទាប់មក ក្រសួងយុត្តិធម៌ បានស្នើ​ឲ្យ​រដ្ឋសភា ព្យួរ​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​ទាំងពីរ​នាក់​នេះ ដើម្បី​ឲ្យ​តុលាការ ចាត់ការ​លើ​ពួកគាត់​៕
 

Tag:
 ​រដ្ឋសភា​
  តុលាការ​
  អភ័យឯកសិទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com