ជាតិ
ធាតុ​របស់​ប៉ា​ពី ត្រូវបាន​បាច​នៅលើ​អតីត​គំនរ​សំរាម​ស្ទឹង​មានជ័យ​
28, Sep 2016 , 2:17 pm        
រូបភាព
ដោយ: ថ្មីៗ
​ពិធី​ត្រូវ​បានរៀបចំ​តាម​គម្រោង និង​តាម​បណ្តាំ​របស់​លោកតា ប៉ា​ពី​។ លោកយាយ ម៉ា​មី ពលរដ្ឋ​អ្នកជិតខាង សិស្សានុសិស្ស បុគ្គលិក​អង្គការ និង​ព្រះសង្ឃ​ផង សរុប​ទាំងអស់​ប្រមាណ​២០០​នាក់ បាន​ជួបជុំគ្នា​នៅ​ម៉ោង​៨​កន្លះ​ព្រឹក​ថ្ងៃទី​២៨​ខែកញ្ញា​នេះ នៅលើ​ទីតាំង​អតីត​កន្លែង​ចាក់សំរាម​ស្ទឹងមានជ័យ ដើម្បី​បាច​ធាតុ​ខ្លះ​របស់​លោកតា ប៉ា​ពី នៅទីនេះ​។​



​ពិធី​ទាំងមូល​ត្រូវបាន​រៀបចំ​តាមបែប​សាសនា​ខ្មែរ នៅក្រោម​តង់​កៅស៊ូ​តូច​ល្មម​មួយ​ដើម្បី​ទប់​នឹងកម្តៅថ្ងៃ និង​នៅលើ​ផ្ទៃដី​នៃ​អតីត​ទីតាំង​ចាក់សំរាម ដែល​ពេលនេះ គ្រប់​ដណ្តប់​ដោយ​ស្មៅ និង​រុក្ខជាតិ​នានា​ពណ៌​បៃតង​។ ផ្ទាំង​រូបថត​ដ៏​ធំ​របស់​លោកតា​ប៉ា​ពី​ត្រូវបាន​យកទៅដាក់​បញ្ឈរ​នៅក្បែរ​តុ​តូច​មួយ​ដែល​គេ​ប្រើ​ដើម្បី​ដាក់​រណ្តាប់​រៀបចំ​ពិធី​។​

​សាច់ញាតិ មិត្តភក្តិ និង​ព្រះសង្ឃ​ដើរ​ប្រទក្សិណ​ជុំវិញ​រូបថត​នេះ ដោយ​ដៃ​កាន់​ផ្កា មុននឹង​បាច​ចំណែក​នៃ​ធាតុ​ទៅលើ​ដី​។​

​លោក ឃុន ចាន់ថា សមាជិក​គណៈកម្មាធិកា​រ​រៀបចំ​បុណ្យសព​លោក គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ​ នៃ​អង្គការ​ភាព​ញញឹម​នៃ​កុមារ បានបញ្ជាក់​ប្រាប់ថា ការយក​ចំណែក​នៃ​អដ្ឋិធាតុ​ខ្លះ​របស់​លោកតា ប៉ា​ពី បាច​លើ​អតីត​ទីតាំង​ចាក់សំរាម​នេះ វា​គឺជា​បណ្តាំ​របស់​លោកតា​។ ទីនេះ​ហើយ​ដែល​កាលពី​២០​ឆ្នាំមុន លោកតា​ជនជាតិ​បារាំង និង​ភរិយា បានមក​ឃើញ​កុមារ​ក្រីក្រ​រើស​សំរាម ហើយក៏​ចាប់ផ្តើម​សកម្មភាព​មនុស្សធម៌​ជួយ​កុមារ​ខ្មែរ​អ្នក​រើស​សំរាម​តែ​ម្តងនោះ​។​

​លោក ឃុន ចាន់ថា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖ «​ពេល​គាត់​នៅរស់ គាត់​ធ្លាប់​ប្រាប់​ខ្ញុំ​ថា នៅពេល​គាត់​ស្លាប់ទៅ ត្រូវយក​អដ្ឋិធាតុ​របស់គាត់​ទៅ​ដាក់​លើ​គំនរ​សំរាម​ស្ទឹងមានជ័យ​។ មូលហេតុ គឺ​ដោយសារ​គំនរ​សំរាម​នេះហើយ ដែល​ជំរុញ​ទឹកចិត្ត​លោក​ឲ្យ​បង្កើត​អង្គការ​ភាព​ញញឹម​នៃ​កុមារ​»​។​

​លោក គ្រី​ស្យ​ង់ និង​ភរិយា Marie-France បាន​បង្កើត​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) តាំងពី​ឆ្នាំ​១៩៩៥ មក ហើយ​បាន​ជួយ​ដល់​កុមារ​ដែល​រស់នៅ​ម្តុំ​ស្ទឹងមានជ័យ ជាយ​រាជធានី​ភ្នំពេញ ជាពិសេស​នៅលើ​គំនរ​សំរាម ជាច្រើន​ពាន់​នាក់ តាមរយៈ​ការផ្តល់​ឱកាស​សិក្សា ការ​ស្នាក់នៅ អាហារ និង​ការ​ទំនុកបម្រុង​ផ្សេងៗ​។ សប្បុរសជន​ទាំងពីរ​នាក់​នេះ ត្រូវបាន​គេ​ហៅថា​តា និង​យាយ (Papy Mami) និង​ត្រូវបាន​គេ​ចាត់ទុកថា ជា​ឪពុកម្តាយ​ទី​ពីរ​របស់​កុមារ​កម្ពុជា​ទាំងនោះ​។​

​គួរបញ្ជាក់​ផងដែរ​ថា ធាតុ​របស់​លោកតា ប៉ា​ពី ត្រូវបាន​បែក​ចែកជា​៣​។ មួយចំណែក​ត្រូវបាន​បានដាក់​តម្កល់​នៅក្នុង​ព្រះវិហារ​កាតូលិក​មួយកន្លែង​នៅ​ភ្នំពេញ មួយចំណែក​ត្រូវបាន​យកទៅ​បាច​នៅ​អតីត​ទីតាំង​គំនរ​សំរាម និង​ចំណែក​ចុងក្រោយ​ត្រូវ​យកទៅ​ប្រទេស​បារាំង​ជា​ដែល​ប្រទេស​កំណើត​របស់លោក​៕










Tag:
 ប៉ា​ពី​
  ស្ទឹងមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com