អន្តរជាតិ
រដ្ឋាភិបាល​កូ​ឡុំ​ប៊ី និង​ឧទ្ទាម FARC ចុះហត្ថលេខា​បញ្ចប់សង្គ្រាម​ស៊ីវិល​កន្លះ​សតវត្សរ៍​
28, Sep 2016 , 3:03 pm        
រូបភាព
ប្រធានាធិបតីកូឡុំប៊ី (ឆ្វេង) ចាប់ដៃជាមួយមេដឹកនាំឧទ្ទាម FARC (ស្ដាំ)
ប្រធានាធិបតីកូឡុំប៊ី (ឆ្វេង) ចាប់ដៃជាមួយមេដឹកនាំឧទ្ទាម FARC (ស្ដាំ)
​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី និង​ក្រុម​ឧទ្ទាម​ឆ្វេងនិយម FARC បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ ដើម្បី​បញ្ចប់សង្គ្រាម​ស៊ីវិល​កន្លះ​សតវត្សរ៍ ដែល​បានសម្លាប់​មនុស្ស​ជាច្រើន​ម៉ឺន​នាក់ និង​បង្ខំ​មនុស្ស​រាប់លាន​នាក់​ទៀត ជម្លៀស​ចេញពី​លំនៅដ្ឋាន​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ភាគី​ទាំងពីរ បាន​ប្រើប្រាស់​ប៊ិច​ធ្វើ​ពី​គ្រាប់កាំភ្លើង ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​ចំណាយពេល​យ៉ាងយូរ ទម្រាំ​សម្រេចបាន​នេះ​។​



​ស្ថិតក្នុង​សម្លៀក​ពណ៌​ស​តំណាង​ឲ្យ​សន្តិភាព ប្រធានាធិបតី​កូ​ឡុំ​ប៊ី លោក Juan Manuel Santos និង​មេដឹកនាំ​ក្រុម​ឧទ្ទាម FARC លោក Rodrigo Londoño បាន​ចុះហត្ថលេខា​បញ្ចប់សង្គ្រាម​ស៊ីវិល​វែង​ជាងគេ​នៅ​អាមេរិក​ឡាទីន​។ កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​នេះ ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​២៦ ខែកញ្ញា នៅ​ទីក្រុង​មាត់សមុទ្រ Cartagena មុននឹង​ដាក់​ឲ្យ​ប្រជាជន​កូ​ឡុំ​ប៊ី​សម្រេចចិត្ត​ចុងក្រោយ​ក្នុង​ប្រជាមតិ​ខាងមុខនេះ​។​

​មេដឹកនាំ​ជាច្រើន​បាន​ចូលរួម​ជា​សាក្សី ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ បញ្ចប់សង្គ្រាម​នេះ​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក គុយបា អែល​សាល់​វ៉ា​ឌ័​រ និង​អ៊ុយ​រូ​ហ្កា​យ ព្រមទាំង​រដ្ឋមន្ត្រីការបរទេស​អាមេរិក ច​ន ឃែ​រី សុទ្ធ​តែមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​នៅ​ទីក្រុង Cartagena​។

​ប្រធានាធិបតី​កូ​ឡុំ​ប៊ី លោក Santos បានបង្ហាញ​ក្ដី​រីករាយ​ចំពោះ​កិច្ចព្រមព្រៀង​នេះ ដោយ​និយាយថា ប្រជាជន​កូ​ឡុំ​ប៊ី កំពុង​អបអរ ហើយ​ពិភពលោក​ក៏​កំពុង​អបអរ ព្រោះ​សង្គ្រាម​បានបញ្ចប់​ហើយ​។ លោក​បន្តថា យើង​នឹង​សម្រេច​គោលដៅ​របស់​យើង ជម្នះ​រាល់​ឧបសគ្គ និង​ប្រែក្លាយ​ប្រទេស​នេះ ទៅជា​ប្រទេស​នៃ​សន្តិភាព​។ ហើយ​ព្រឹត្តិការណ៍​នេះ ជា​សារ​របស់​ប្រជាជន​កូ​ឡុំ​ប៊ី​ទៅកាន់​ពិភពលោក គឺ​កូ​ឡ​ប៊ី «​គ្មាន​សង្គ្រាម​ទៀតឡើយ​»​។​

​ក្នុងការ​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ជា​លើកដំបូង មេដឹកនាំ​ក្រុម​ឧទ្ទាម FARC លោក Londoño បាន​សុំ​អភ័យទោស​ពី​ប្រជាជន​ទាំងអស់ ដែល​រងគ្រោះ​ដោយសារ​ជម្លោះ​នេះ​។ លោក​បញ្ជាក់ថា FARC នឹង​ទុក​ជម្លោះ​ប្រដាប់អាវុធ​មួយអន្លើ និង​ងាក​ទៅរក​សន្តិភាព​វិញ ហើយ​ក្រុម​ឧទ្ទាម FARC ក៏​នឹង​កាំភ្លើង​ចោល​ដែរ​។

​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​នេះ លេច​ជា​រូបរាង​បន្ទាប់ពី​ការចរចា​អស់​ពេល​បួន​ឆ្នាំ​រវាង​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី និង​ក្រុម​ឧទ្ទាម នៅ​ទីក្រុង​ឡា​ហាវ៉ាន​។ បើតាម​សារព័ត៌មាន BBC កិច្ចព្រមព្រៀង​នេះ នឹងត្រូវ​ដាក់​ឲ្យ​ពលរដ្ឋ​កូ​ឡុំ​ប៊ី​សម្រេច​ក្នុង​ប្រជាមតិ​ថ្ងៃទី​២ ខែតុលា​ខាងមុខ​។ ការស្ទង់មតិ​នាពេល​កន្លងមក​បង្ហាញ​ថា ប្រជាជន​កូ​ឡុំ​ប៊ី នឹង​បោះឆ្នោត​គាំទ្រ​កិច្ចព្រមព្រៀង​នេះ ឲ្យ​ក្លាយជា​ច្បាប់​សម្រាប់​អនុវត្ត​។​

​ក្រោម​កិច្ចព្រមព្រៀង​នេះ ក្រុម​ឧទ្ទាម FARC នឹង​ក្លាយទៅជា​បក្សនយោបាយ​ថ្មី​មួយ​ចូលរួម​ជាមួយ​បក្ស​ដទៃ​។ អាវុធ​ទាំងអស់​របស់​ក្រុម​ឧទ្ទាម នឹងត្រូវ​ដកហូត ហើយ​សមាជិក​ឧទ្ទាម ដែល​ប្រព្រឹត្ត​ខុសច្បាប់​ធ្ងន់ធ្ងរៗ នឹងត្រូវ​កាត់ទោស​តាមច្បាប់ ខណៈដែល​អ្នក​ដែល​មានទោស​ស្រាល នឹង​ត្រូវបាន​លើកលែងទោស នៅក្រោម​កិច្ចព្រមព្រៀង​នេះ​៕   


Tag:
 ​កូ​ឡុំ​ប៊ី​
  FARC
  សង្គ្រាមស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com