ជាតិ
លោក មឿង សុន លោក ឡៅ ម៉ុងហៃ ចុះ​ស្រាវជ្រាវ​ភូមិ​ខ្មែរ​ជាប់​ព្រំដែន​វៀតណាម
05, Oct 2016 , 3:27 pm        
រូបភាព
ដោយ:
​កណ្តាល​៖ ជនជាតិខ្មែរ​រស់នៅ​ប្រទេស​បារាំង​ជាច្រើន​នាក់ ដែល​ដឹកនាំ​ដោយ លោក មឿង សុន រួមទាំង​លោក ឡៅ ម៉ុងហៃ បានធ្វើ​ដំណើរ​ទស្សនកិច្ច ទៅ​វត្ត​ខេមរៈ​រាជា​កា​រាម ហៅ​វត្ត​ប៉ាក់ណាម ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល​១​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​វៀតណាម​។ ក្រៅពី​ប្រគេន​បច្ច័យ និង​ចង្ហាន់ ដល់​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត ក្រុម​នេះ បាន​ស្រាវជ្រាវ​ពី​របៀប​គ្រប់គ្រង​វត្ត និង​មូល​ហេតុដែល​ធ្វើ​ឲ្យ​វត្ត​ដាច់ស្រយាល​មួយ​នេះ មិនសូវមាន​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​។ 

 


​ដំណើរ​ទស្សនកិច្ច​ពេញ​មួយថ្ងៃ​របស់​ពលរដ្ឋ​ខ្មែរ​រស់នៅ​បារាំង កាលពី​ថ្ងៃទី​០៤ ខែតុលា បាន​រកឃើញថា វត្ត​ខេមរៈ​រាជា​កា​រាម ហៅ​វត្ត​ប៉ាក់ណាម ស្ថិតនៅ​ក្នុងភូមិ​ប៉ាក់ណាម ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្តាល មិនសូវមាន​ចង្ហាន់ ខ្វះ​ព្រះសង្ឃ និង​ខ្វះ​ពុទ្ធបរិស័ទ ចូលរួម​គ្រប់​ពិធីបុណ្យ​សាសនា​ផ្សេងៗ​។  

​លោក មឿ​ន សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា តាមរយៈ​ការសាកសួរ​ពលរដ្ឋ វត្ត​ប៉ាក់ណាម គឺ​កំពុង​ខ្វះខាត​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​។ លោក​បញ្ជាក់ថា​៖«​ខ្ញុំ​បាន​សួរ​ពលរដ្ឋ​នៅទីនេះ ពួកគេ​ថា វត្ត​នេះ មាន​ព្រះសង្ឃ​៦​អង្គ ចំណែក គណៈកម្មការ​វត្ត គឺ​មិន​រស់នៅ​ជិត​វត្ត​នោះទេ​។ លើសពីនេះ ពុទ្ធបរិស័ទ​ខ្មែរ គឺមាន​តែ​៥​ទៅ​៦​គ្រួសារ​ប៉ុណ្ណោះ ដែល​រស់នៅ​ទីនេះ​»​។



​លោក​បន្តថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​វត្ត​ដាច់ស្រយាល​មួយ​នេះ ខ្វះ​ចង្ហាន់ និង​មាន​សភាព​ស្ងាត់ជ្រងំ​នោះ គឺ​បណ្តាលមកពី​នៅ​ភូមិ​ប៉ាក់ណាម មាន​ពលរដ្ឋ​វៀតណាម​រស់នៅ​ច្រើន ខណៈ​ព្រះសង្ឃ​ខ្មែរ មិនចេះ​ភាសា​វៀតណាម​។  

​ពលរដ្ឋ​នៅ​ភូមិ​ប៉ាក់ណាម​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ភូមិ​ប៉ាក់ ណា​ម ដែល​នៅ​មិន​ឆ្ងាយ​ពី​ព្រំដែន​កម្ពុជា​វៀតណាម​នេះ គឺមាន​ពលរដ្ឋ​ខ្មែរ​ប្រហែល​មិន​ដល់​១០​គ្រួសារ​នោះទេ​។ អ្នកស្រី​ថា ក្រោយ​របប​ប៉ុលពត ពលរដ្ឋ​ខ្មែរ បានរ​ត់ទៅ​រស់នៅ​ឆ្ងាយ​ពី​ភូមិ​នេះ ដោយសារ ភូមិ​នេះ មាន​វៀតណាម​រស់នៅ​ច្រើនជាង​ពលរដ្ឋ​ខ្មែរ​។ អ្នក​ស្រីបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​វៀតណាម​រស់នៅ​ច្រើន អ៊ីចឹង​ទើប​ខ្មែរ​មិន​ហ៊ាន​រស់នៅ​។ ពួកគេរ​ត់ទៅ​រស់នៅ​ឆ្ងាយ​ពី​ព្រំដែន​។ នៅ​ភូមិ​នេះ មាន​ពលរដ្ឋ​ខ្មែរ​ប្រហែល​៧ ឬ​៨​គ្រួសារ​ប៉ុណ្ណោះ ចំណែក គ្រួសារ​ដទៃទៀត គឺ​សុទ្ធសឹង​ជា​ជនជាតិ​វៀតណាម សូម្បីតែ​មេភូមិ​ប៉ាក់ណាម ក៏​ជា​ជនជាតិ​វៀតណាម​ដែរ​»​។
 
​ទាក់ទង​នឹង​បញ្ហា​នេះ លោក បណ្ឌិត ឡៅ ម៉ុងហៃ ដែល​បាន​ចូលរួម​ធ្វើដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​វត្ត​ប៉ាក់ណាម​នេះដែរ បាន​ថ្លែងថា ការ​បណ្តោយ​ឲ្យ​ជនជាតិ​វៀតណាម ចូលមក​រស់នៅ​ដី​ខ្មែរ​ដោយ​ខុសច្បាប់ នឹង​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ទៅ​ថ្ងៃក្រោយ​។



​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការបញ្ចូល​ជនជាតិ​វៀតណាម​មក​រស់នៅ​កម្ពុជា និង​លើក​ជនជាតិ​វៀតណាម​ឲ្យ​ធ្វើជា​មេភូមិ ឬ​អ្នកដឹកនាំ​នោះ គឺ​មិនល្អ​នោះទេ ព្រោះ ទោះ​គេ​ធ្វើការ​នៅ​ប្រទេស​យើង តែ​ចិត្តថ្លើម បាន​ជាប់ជំពាក់​ប្រទេស​ដើមកំណើត​របស់គេ​​»​។ អ្នកវិភាគ​ជើងចាស់​រូបនេះ បន្តទៀតថា រដ្ឋាភិបាល គួរផ្តល់​ដី​តាម​ព្រំដែន ជូន​កងទ័ព និង​ផ្តល់​កម្មសិទ្ធិឯកជន ព្រមទាំង​ប្រែក្លាយ​កងទ័ព ឲ្យ​ទៅជា​មេភូមិ មេឃុំ ឬ​មេស្រុក ដែល​នៅជាប់​តំបន់​ព្រំដែន​។

​លោក​បញ្ជាក់ថា​៖«​រឿង​ព្រំដែន​នេះ គឺ​គេ​យក​មនុស្ស​ទប់​មនុស្ស។ មានន័យថា អភិវឌ្ឍន៍​តាម​ព្រំដែន ឲ្យ​ពលរដ្ឋ​រស់នៅ​បាន​ស្រួល ដោយមាន​ការគាំទ្រ​ពី​អង្គការក្រៅរដ្ឋាភិបាល និង​រដ្ឋាភិបាល​។ លើសពីនេះ បើ​រំសាយកងទ័ព គួរ​រំសាយ​ជា​អង្គភាព ដោយ​ចែក​ដី​ជូន​ពួកគេ និង​ផ្តល់​កម្មសិទ្ធិ ព្រមទាំង​ផ្តល់​តំណែង​ជា​មេឃុំ ឬ​ចៅហ្វាយស្រុក ព្រោះ ធម្មតា ទាហាន គេ​ជាប់ជំពាក់​និង​ទឹកដី​ច្រើន​។ ដូច្នេះ កាលណា​គេ​មាន​ដី​ជា​កម្មសិទ្ធិឯកជន គឺ​គេ​នឹង​ការពារ​»​។

​លោក​បន្ថែមថា រដ្ឋាភិបាល គួរ​មាន​មូលនិធិ​មួយដែលអ​ភិវឌ្ឍន៍​តាម​ព្រំដែន ដើម្បី​ជួយ​ជ្រោមជ្រែង​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ឲ្យ​អាច​រស់នៅ​ដោយ​សុវត្ថិភាព និង​មាន​ជីវភាព​ប្រសើរ​៕         






Tag:
 ភូមិ​ប៉ាក់ណាម​
  ​ព្រំដែន​វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com