អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ស៊ី ជិនពីង ជាប្រធានាធិបតីចិនទី៤ មកទស្សនកិច្ចនៅកម្ពុជា ប្រធានាធិបតីចិន (ឆ្វេងទៅស្ដាំ)៖ លីវ ចាវជី, ចាង ហ្សេមីន, ហ៊ូ ជីនតាវ, ស៊ី ជិនពីង)
×
ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានភ្ជាប់ទំនាក់ទំនងការទូត ចាប់តាំងពីឆ្នាំ១៩៥៨មកម្ល៉េះ។ រយៈពេល៥៨ឆ្នាំនៃចំណងការទូត កម្ពុជា និងចិន បានពូនជ្រំទំនាក់ទំនងយ៉ាងស្អិតល្មួត ដោយមានការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៅគ្រប់កម្រិត។ ចុងក្រោយនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង មកទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅខែតុលានេះ ហើយលោក ជាប្រមុខរដ្ខចិនទី៤ ដែលមកកាន់កម្ពុជា។
ចំណងការទូតជាប្រពៃណីរវាងកម្ពុជា និងចិន ដែលបង្កើតឡើងដោយអតីតមហាក្សត្រខ្មែរ និងថ្នាក់ដឹកនាំចិនមុនៗមាននាយករដ្ឋមន្ត្រី ជូន អេនឡាយ (Chou Enlai) ជាដើមនោះ ត្រូវគេមើលឃើញថា កាន់តែរឹងមាំទៅៗ។ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ក៏កាន់តែជិតស្និទ្ធ ដែលឈានដល់ការដំឡើងទំនាក់ទំនងការទូតដល់ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឆ្នាំ២០១០។ ថ្នាក់ដឹកនាំគ្រប់ស្ទើរជំនាន់របស់ចិន តែងទស្សនកិច្ចនៅកម្ពុជា ហើយថ្នាក់ដឹកនាំកម្ពុជា ក៏ទៅកាន់ចិនវិញដែរ។
ប្រធានាធិបតីចិន លីវ ចាវជី (Liu Shao Qi) បានមកកាន់ទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង នៅឆ្នាំ១៩៦៣។ ទស្សនកិច្ចលើកទីមួយរបស់លោក លី ចាវជី មកកាន់ក្រុងភ្នំពេញ ធ្វើឡើងតែប៉ុន្មានឆ្នាំក្រោយកម្ពុជា និងចិន ភ្ជាប់ទំនាក់ទំនងការទូតមក។ ក្នុងរយៈពេលជិតពីរទសវត្សរ៍នៃសម័យសង្គមរាស្ត្រនិយម កម្ពុជា និងចិន មានទំនាក់ទំនងកាន់តែល្អប្រសើរ រហូតដល់រដ្ឋប្រហារឆ្នាំ១៩៧០។
មកដល់ឆ្នាំ២០០០ ប្រធានាធិបតីចិនម្នាក់ទៀតក៏បានមកទស្សនកិច្ចនៅរាជធានីភ្នំពេញ បន្ទាប់ពីអាក់ខានអស់ពេលជាច្រើនឆ្នាំ។ លោក Zhang Ze Min បានមកកាន់កម្ពុជា ហើយលោកគឺជាមេដឹកនាំកំពូលរបស់ចិនដំបូងដែលមកទស្សនកិច្ចនៅកម្ពុជាក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយ។ ក្រោយមកក្នុងឆ្នាំ២០១២ ប្រធានាធិបតីចិន និងជាលេខាធិការបក្សកុម្មុយនីស្ត លោក ហ៊ូ ជីនតាវ (Hu Jin Tao) ក៏បានមកទស្សនកិច្ចនៅកម្ពុជាដែរ។
នៅថ្ងៃទី១៣ ខែតុលា ប្រធានាធិបតីចិនម្នាក់ទៀត នឹងទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងមិត្តភាពប្រទេសទាំងពីរ។ លោក ស៊ី ជិនពីង ដែលក្លាយជាប្រធានាធិបតីចិនក្នុងឆ្នាំ២០១៣ នឹងក្លាយជាប្រធានាធិបតីចិនទីបួន ដែលជាន់ដីកម្ពុជា។ នេះក៏មិនមែនជាលើកទីមួយទេ ដែលលោកមកកាន់រាជធានីភ្នំពេញនោះ។ កាលពីឆ្នាំ២០០៩ លោក ស៊ី ធ្លាប់ទស្សនកិច្ចកម្ពុជាម្ដងដែរ ដែលពេលនោះលោកនៅជាអនុប្រធានាធិបតីនៅឡើយ។
តាមពិតទៅ មិនត្រឹមតែប្រធានាធិបតីចិន ថ្នាក់ដឹកនាំចិនកំពូលៗស្ទើរគ្រប់ជំនាន់ សុទ្ធតែធ្លាប់បំពេញទស្សនកិច្ចនៅកម្ពុជា រួមទាំងនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត។ អតីតនាយករដ្ឋមន្ត្រី លោក Li Peng និងលោក វេន ជាប៉ាវ ជាដើមនោះ សុទ្ធតែធ្លាប់ទស្សនកិច្ចនៅរាជធានីភ្នំពេញទាំងអស់៕
© រក្សាសិទ្ធិដោយ thmeythmey.com