English-Français
ជាតិ
លោក Raoul-Marc Jennar៖«​កម្ពុជា​ត្រូវការ​លុយ តែ​កម្ពុជា​នៅតែ​អព្យាក្រឹត​»
13, Oct 2016 , 11:25 am        
រូបភាព
​លោក រ៉ា​អ៊ូ​ល ម៉ាក ជេ​ណារ (Raoul-Marc Jennar) ទីប្រឹក្សា​ផ្នែក​ការទូត​របស់​រដ្ឋមន្ត្រី​ការបរទេស​លោក ប្រាក់ សុខុន បាន​មើលឃើញ​ពី​ព្រឹត្តិការណ៍​យ៉ាងសំខាន់ នៅពេលដែល​ប្រធានាធិបតី​នៃ​ប្រទេស​មហាអំណាច​ចិន និង​ជា​សមាជិក​មួយ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​កំពុង​ទស្សនកិច្ច​កម្ពុជា​។ សម្រាប់​លោក រ៉ា​អ៊ូ​ល ដែលមាន​សញ្ជាតិ​ខ្មែរ​ដែរនោះ កម្ពុជា​នឹង​ផ្តល់​សារៈសំខាន់​ខ្លាំង​ដូចគ្នា បើសិនជា​មេដឹកនាំ​នៃ​ចក្រភព​អង់គ្លេស ឬ​លោក ពូ​ទីន នៃ​ប្រទេស​រុស្ស៊ី មក​ទស្សនកិច្ច​នៅ​កម្ពុជា ដូច​លោក​ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា ធ្លាប់​មកដល់​កម្ពុជា នៅពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​អ៊ីចឹង​ដែរ​។ លោក​ទីប្រឹក្សា​ដដែល​ថ្លែង​ការពារ​កម្ពុជា​ថា កម្ពុជា​ត្រូវការ​លុយ និង​កសាង​ធនធានមនុស្ស ប៉ុន្តែ​កម្ពុជា​នៅតែ​គោរព​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​របស់ខ្លួន​ដែល​ចែង​ឲ្យ​កម្ពុជា​ស្ថិតនៅ​ឯករាជ្យ និង​អព្យាក្រឹត​។​



​សូម​ស្តាប់​បទសម្ភាសន៍​ជា​ភាសា​បារាំង រវាង​លោក គី សុខ​លីម អគ្គនាយក​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ Raoul-Marc Jennar ទីប្រឹក្សា​ផ្នែក​ការទូត​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ខ្មែរ​៖




«​គ្មាន​ប្រទេស​ណាមួយ​អាច​តម្រូវ​ឲ្យ​យើង​ជ្រើសរើស​បក្ស​ខាង​ណាមួយ ឬ​តម្រូវ​ឲ្យ​យើង​ជ្រើសរើស​នយោបាយ​ណាមួយ​ដែល​ខុសពី​ប្រយោជន៍​របស់​យើង​នោះទេ​។ កម្ពុជា​មិន​ស្ថិតនៅក្រោម​អាណាព្យាបាល​របស់​ប្រទេស​ចិន វៀតណាម ឬ​ប្រទេស​ណាយ​មួយ​នោះឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Raoul-Marc Jennar នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ ជុំវិញ​ទស្សនកិច្ច​របស់លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង នៅ​កម្ពុជា​។

​សម្រាប់​អ្នកជំនាញ​ដដែល ប្រទេស​ចិន​គឺជា​មិត្តភក្តិ​របស់​កម្ពុជា​ដែល​បាន​ផ្តល់ជំនួយ ដោយ​មិន​ដាក់​លក្ខខណ្ឌ​ដល់​កម្ពុជា ឬ​បង្គាប់បញ្ជា​សម្តេចនាយក​រដ្ឋមន្ត្រី​ពី​របៀប​ដឹកនាំ​ប្រទេស​នោះឡើយ​។​




Tag:
 គី សុខ​លីម​
  Raoul-Marc Jennar
  Xi Jin Ping
© រក្សាសិទ្ធិដោយ thmeythmey.com