ជាតិ
តារាជាតិ
Andy Khun ដែលជា​កូន​ខ្មែរ​ផ្តល់​ភាព​ភ្ញាក់ផ្អើល និង​រំភើប​លើ​ឆាក The Voice នៅ​កាណាដា​
15, Oct 2016 , 1:45 pm         8041
រូបភាព
ដោយ: រួបរួម
Andy Khun អាយុ​១១​ឆ្នាំ ដែលមាន​សាច់ឈាម​ជា​ខ្មែរ បានផ្តល់​ក្តីរំភើប​យ៉ាងខ្លាំង នៅពេលដែល​គេ​បកស្រាយ​បទ​ចម្រៀង «Hallelujah» របស់លោក Leonard Cohen នា​ការប្រឡង​ចម្រៀង​លំដាប់​ពិភពលោក «La Voix Junior» ឬ «The Voice Kids» នៅ​ប្រទេស​កាណាដា នាវ​គ្គ Blind Audition​។​


​គ្រាន់តែ​ច្រៀង​បាន​៧​វិនាទី​ប៉ុណ្ណោះ តារាចម្រៀង Marc Dupré និង Marie-Mai បាន​ចុច​ប៊ូ​តុង បង្វិល​កៅអី​បែរ​ទៅរក Andy Khun ហើយ​គ្រូបង្វឹក​ម្នាក់ទៀត គឺ​លោក Alex Nevsky បាន​ចុច​ប៊ូ​តុង​បន្ត​ក្រោយ​ស្តាប់​ការបកស្រាយ​បាន​៣០​វិនាទី​។​

Andy Khun បានសម្រេច​ជ្រើសរើស​លោក Marc Dupré ដែលជា​អ្នកជា​ចម្រៀង​ដ៏​ល្បី​របស់​កាណាដា ជា​គ្រូបង្វឹក​។ លោក Marc Dupré ក៏​ជា​ដៃគូ​ច្រៀង​ម្នាក់​របស់​តារាចម្រៀង Céline Dion ផងដែរ ហើយ​បទ​ដែលមាន​ភាពល្បីល្បាញ​បំផុត គឺ​បទ​ជា​ភាសា​បារាំង ដែលមាន​ចំណងជើង​ថា «Tout près du Bonheur»​។​

​បន្ទាប់ពី​ការប្រឡង Andy Khun បានផ្តល់​បទ​សម្ភាស​មួយ​ដល់​ក្រុមការងារ​កម្មវិធី «La Voix Junior» ឬ «The Voice Kids» ដែល​រៀបចំ​ដោយ​ទូរទស្សន៍ TVA ថា រូបគេ​ចេះ​ច្រៀង​តាំងពី​អាយុ​៤​ឆ្នាំ​មកម្ល៉េះ ហើយ​តន្ត្រី​គឺជា​ជីវិត​របស់គេ​។​

Andy បាន​រៀបរាប់ថា​៖ «​ឪពុកម្តាយ​របស់ខ្ញុំ​បាន​បង្រៀន​ឲ្យ​ខ្ញុំ​ច្រៀង​ជា​ភាសា​ខ្មែរ​។ បន្ទាប់មក ខ្ញុំ​ចាប់ផ្តើម​ច្រៀង​ជា​ភាសា​អង់គ្លេស និង​ភាសា​បារាំង​។ ពេលនេះ ខ្ញុំ​អាច​ច្រៀង​បាន​ទាំងបី​ភាសា​»​។ Andy បាន​ផ្ញើ​បទ​ចម្រៀង «Hallelujah» ដល់​ឪពុកម្តាយ​របស់ខ្ញុំ ដែល​បាន​កម្លាំងចិត្ត​ដល់​រូបគេ​១០០​ភាគរយ​ដើម្បី​ទទួលបាន​ជោគជ័យ​។​

​ទាក់ទង​នឹង​ការសម្រេចចិត្ត​ចូលក្នុង​ក្រុម​របស់លោក Marc Dupré នោះ Andy បាន​បកស្រាយ​ថា គេ​ចូលចិត្ត​តន្ត្រី​តារាចម្រៀង​រូបនេះ ហើយ​ការផ្តល់​យោបល់​របស់ Marc ទាក់ទាញ​ចំណាប់អារម្មណ៍​គេ​យ៉ាងខ្លាំង​។ Andy បាន​តាំងចិត្ត​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​តាំងចិត្ត​បន្តដំណើរ​ទៅមុខទៀត​ក្នុង​កម្មវិធី La Voix Junior»​។​


​ក្នុង​បទ​សម្ភាស​ជាមួយ TVA ផងដែរ Andy បាន​បកស្រាយ​បទ​ចម្រៀង​ភាសា​ខ្មែរ ដែលមាន​ចំណងជើង​ថា «​ស្រណោះ​ភ្លៀង​» របស់លោក អ៊ឹង ណា​រី ផងដែរ​៕

Tag:
 The Voice
  Andy Khun
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ