បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍​ជាមួយ​អ្នកជំនាញ​ទាក់ទិន​នឹង​ការគ្រប់គ្រង​ធនធានទឹក​និង​ការអភិវឌ្ឍ​តាម​ដង​ទន្លេមេគង្គ​
20, Oct 2016 , 12:39 pm        
រូបភាព
ដោយ:
​ថ្មីៗ​នេះ​រដ្ឋាភិបាល​ប្រទេស​ថៃ​បានប្រកាស​ពី​គម្រោង​សាងសង់​ទំនប់​បង្វែរ​ទឹក ពី​ទន្លេមេគង្គ ដែលមាន​តំលៃ​ជាង ១៧​ពាន់​លាន​ដុល្លារ​។ គម្រោង​ដែល​បាន​គេ​ដឹងថា នឹង​សាងសង់​ក្នុង​ខេត្ត​លើ​យ​នា​ភាគ​ឦសាន​ប្រទេស​ថៃ នឹង​ទាញយក​ធនធានទឹក​មួ​យ​ចំនួន​ធំ ពី​ទន្លេមេគង្គ​។ អ្នកជំនាញ និង​អ្នកការពារ​បរិស្ថាន​យល់ថា គម្រោង​បង្វែរ​ទឹក​នេះ​នឹង​ជះ​ផល​អវិជ្ជមាន​ជាច្រើន​ដល់​ប្រទេស​នានា​និង​ប្រជាពលរដ្ឋ​រស់នៅ​ផ្នែក​ខាងក្រោម​ដង​ទន្លេមេគង្គ​ដូចជា​ប្រទេស​កម្ពុជា​និង​វៀតណាម​។ នេះ​ជា​បទសម្ភាសន៍​របស់ VOA ជាមួយ​លោក​បណ្ឌិត John Ward សេដ្ឋវិទូ​ផ្នែក​អេកូឡូស៊ី​នៃ​វិទ្យាស្ថាន​អនាគត​តំបន់​ទន្លេ​មគ​ង្គ អំពី​បញ្ហា​ជុំវិញ​ការសាងសង់​ទំនប់​បង្វែរ​ទឹក​នេះ នឹង ការគ្រប់គ្រង​ទឹក​ក្នុង​អាង​ទន្លេមេគង្គ​។​



VOA: បាទ​! ជំរាបសួ​រលោក John Ward

John: បាទ​!​ជំរាបសួ​រលោក​

VOA: យើង​អាច​ចាប់ផ្តើមបាន​ឥឡូវនេះ​។ បាទ​!​ជាបឋម​ខ្ញុំ​សូម​អរគុណ​លោក​ដែល​បាន ចំណាយពេល​វា​លា​ដ៏​មាន​តំលៃ​ក្នុង​ការធ្វើ​បទសម្ភាសន៍​នេះ​។ ផ្អែកលើ​បទពិសោធ​ន៏​របស់លោក តើ​អ្វីខ្លះ​ជា​បញ្ហា ចម្បង​សម្រាប់​ទន្លេមេគង្គ​ទាំងមូល​?

John: ខ្ញុំ​គិតថា​សំណួរ​ដ៏​សំខាន់បំផុត របស់​ប្រព័ន្ធ​ទន្លេ​នោះ​គឺថា តើ​សង្គម​បាន​ត្រៀមខ្លួន​បាន​ប៉ុណ្ណា​ដែរ ក្នុងការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ទន្លេមេគង្គ​? ខ្ញុំ​ចង់​បានន័យថា​តើ​យើង​នឹង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ប៉ុន្មាន​? តើ​បរិ​មាណទឹក​ប៉ុន្មាន ដែល​ត្រូវការ​ដើម្បី​រក្សា​ប្រព័ន្ធ​ដំណើរការ​របស់​ទន្លេ​នេះ​? នេះ​ជា​អ្វីដែល​យើង​មិនបាន​ពិនិត្យ​ឲ្យ​ល្អិតល្អន់​! តែ​យើង​មាន​សង្គម​រស់នៅ​ខុសគ្នាៗ យើង​មាន​ប្រទេស​កម្ពុជា ប្រទេស​ចិន ប្រទេស​ឡាវ និង​ប្រទេស​ផ្សេងទៀត​។ ពួកគេ​គួរតែ​ពិភាក្សា​ថា​៖​តើ​អ្វីខ្លះ​ដែល​ត្រូវ​ដោះស្រាយ​ក្នុងប្រទេស​របស់​ពួកគេ ហើយ​ត្រូវការ ការកែប្រែ​អ្វីខ្លះ​ក្នុង​ប្រព័ន្ធ​ទន្លេ​។ ឥឡូវនេះ វា​គ្រាន់តែ​ជា​ដំណើរការ​អាដហុក ឬ​ដំណើរការ​បឋម​មួយ មុនពេល​ការអភិវឌ្ឍ​តែប៉ុណ្ណោះ​។ ប្រហែលជា​ប្រទេស​ទាំងនោះ មាន​ផែនការ​ឬ​កិច្ចព្រមព្រាង​មួយចំនួន រវាង​គ្នា​និង​គ្នា​រួចមកហើយ​។​

​អញ្ចឹង​ហើប​ញ្ហា​មួយចំនួន​ដែល ហូ​ពី​ប្រទេសមួយ​ទៅ​ប្រទេសជិតខាង​ផ្សេងទៀត បាន​កំពុងតែ​កើតមានឡើង ហើយ​អ្វីដែល​យើង​សង្កេតឃើញ​នៅពេលនេះ​គឺ ដោយសារតែ​ឥទ្ធិពល​អាកាសធាតុ El Nino ដ៏​ធ្ងន់ធ្ងរ​ពេល​ថ្មីៗ​នេះ បញ្ហា​ទាំងនោះ កើនឡើង​កាន់តែ​ធ្ងន់ធ្ងរ​និង​រីក​កាន់តែ​ធំ​ទៅៗ​។ យើង​អាច​ឃើញ​ឧ​ទា​ហរ​ណ៏​មួយ​ដូចជា​ទន្លេសាប និង​គ្រោះរាំងស្ងួត​ដែល​ប្រទេស​ថៃ បាន​ជួបប្រទះ​កាលពី​ឆ្នាំមុន​។ ឆ្នាំ​ដែល​ក្តៅ​បំផុត គឺ​ឆ្នាំ ២០១៥​និង​២០១៦ ហើយ​មាន​ភ្លៀង​ធ្លាក់​តិចតួច​។ ហើយ​អ្វីដែល​កើតមាន​នោះ​គឺ​វា​លើសពី​សមត្ថភាព​របស់​ប្រទេស​នីមួយៗ​ក្នុងការ​គ្រប់គ្រង​វា ជាពិសេស កសិករ​តូចតាច​និង​ប្រជាជន​នៅតាម​ជនបទ​។ វា​លើសពី​សមត្ថភាព​របស់​ពួកគេ​ក្នុងការ​គ្រប់គ្រង​ដំណើរការ​នេះ​។ ខ្ញុំ​គិតថា​នេះហើយ​ជា​បញ្ហា​។ យើង​មិនមាន​កិច្ចព្រមព្រៀង​ណា​ដែល​សម្របសម្រួល​ក្នុងប្រទេស​និង​រវាង​ប្រទេស​នៅឡើយ​នោះទេ​។​

VOA: អ៊ីចឹង​ដោយសារតែ​បញ្ហា​នេះ ប្រទេស​ទាំងឡាយ ដូចដែល Jeff​និង​លោក​បាន​និយាយ​។ បញ្ហា​នោះ​គឺថា​ទឹកទន្លេ​ហូរ​កាត់​ព្រំប្រទល់​ពី​ប្រទេសមួយ​ទៅ​ប្រទេស​ផ្សេងទៀត​។ ឥឡូវនេះ គ្រប់គ្នា​អាចធ្វើ​អ្វី​តាមចិត្ត​ចង់​។ ពួកគេ​សាងសង់​ទំនប់​បង្វែរ​ទឹក ពួកគេ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​។ តើ​វា​អាច​នឹង​ប៉ះពាល់​ដល់​គ្រប់គ្នា​ដែល​នៅតាម ដង​ទន្លេមេគង្គ​ឬទេ​? តើ​លោក​គិត​យ៉ាងណា​?

John: វា​នឹង​ផ្លាស់ប្តូរ​។ វា​ផ្អែកលើ​ថា​តើ​ប្រជាជន​ស្ថិតនៅ​ទីណា ហើយ​តើ​ពួកគេ​កំពុង​ធ្វើ​អ្វី​លើ​ទន្លេមេគង្គ​។ ជា​យូរយា​ណាស់​មកហើយ ទន្លេមេគង្គ​គឺជា​ប្រព័ន្ធ​ទន្លេ​មួយ​ដែល​មិន​ធ្លាប់​កែប្រែ​។ វា​មិន​ធ្លាប់មាន​ប្រព័ន្ធធារាសាស្ត្រ​។ មិនមាន​ទំនប់​វា​រី​អគ្គិសនី​។ តែ​ការអភិវឌ្ឍ​ន៏​ថ្មី​នេះ គឺ​ពិតជា​លឿន​ណាស់​។ ស្ថាប័ន​រៀបចំ​កិច្ចព្រមព្រៀង​ដើម្បី​ថែរក្សា​ទន្លេមេគង្គ និង​ប្រើប្រាស់​ទន្លេ​នេះ អាច​ប៉ាន់ស្មាន​ពី​ប្រព័ន្ធ​ទន្លេ​មួយ​ដែល មិន​ធ្លាប់​កែប្រែ​ក្នុង​ប្រវត្តិសាស្ត្រ​។ នៅក្នុងពេល​មួយប៉ប្រិចភ្នែក ពួកគេ​ត្រូវ​គ្រប់គ្រង​ប្រព័ន្ធ​ទន្លេ​ដែល​ទើបតែនឹង​អភិវឌ្ឍន៍​នេះ​។ ឥឡូវ​ស្ថាប័ន​នានា​មិនអាច​គ្រប់គ្រង​វា​បានល្អ​នោះទេ​។ ដូច្នេះ​រហូតមកទល់​ពេលនេះ យើង​មានតែ​កិច្ចព្រមព្រៀង​ស្ម័គ្រចិត្ត​សំខាន់​មួយគត់ ដែល​ប្រទេស​ក្នុង​អាង​ទ​ន្ល​មេគង្គ​អនុវត្តន៍ ដើម្បី​គ្រប់គ្រង​ទន្លេ​របស់ខ្លួន​។ កិច្ចព្រមព្រៀង​នោះ គឺ​កិច្ចព្រមព្រៀង​បង្កើត​គណកម្មការ​ទន្លេ​មេគង្គ​ក្នុង​ឆ្នាំ​១៩៩៥ ហើយ​បច្ចុប្បន្ននេះ មិនទាន់មាន​បញ្ហា​នោះទេ​។ ក៏ប៉ុន្តែ​ឥឡូវ យើង​បានចាប់ផ្តើម​កិច្ចព្រមព្រៀងទ្វេភាគី ដែល​លើសពី​កិច្ចព្រមព្រៀង​គណកម្មកា​រ​ទន្លេមេគង្គ​នោះ​ទៀត​។ យើង​មិនទាន់មាន​ការគ្រប់គ្រង​ឲ្យ​ច្បាស់​នៅឡើយ​។ ស្ថាប័ន​ដែល​យើង​មាន ដូចជា​ប្រព័ន្ធ​ច្បាប់ និង​ក្របខណ្ឌ​ច្បាប់​ទាំង​ក្នុងប្រទេស​និង​រវាង​ប្រទេស មិនទាន់​គ្រប់គ្រាន់​នៅឡើយ ដើម្បី​គ្រប់គ្រង​ការអភិវឌ្ឍ ដែល​កែប្រែ​ធនធាន​ដ៏​ឆាប់រហ័ស​នេះ​។ នេះ​គឺជា​បញ្ហា​ដែល​យើង​ត្រូវតែ​ដោះស្រាយ​នៅពេលនេះ​។ គណកម្មការ​ទន្លេមេគង្គ​បាន​បំពេញ​តួនាទី​ជា​របស់ខ្លួន​ជា​ស្ថាប័ន​ប្រឹក្សា​បានល្អ​។ ប៉ុន្តែ​វា​មិនមាន​អំណាច​ប្រតិបត្តិ ឬ​លទ្ធភាព​ក្នុងការ​ពង្រឹង​ឬ​គ្រប់គ្រង​អ្វីដែល​កើតមាន​លើ​ទន្លេ​នេះ​បានទេ​។ វា​មិនមាន​សិទ្ធ​វេតូ​នោះទេ​។ ដូច្នេះ​អ្នក​គ្រប់គ្នា​នឹងត្រូវ​ប៉ះពាល់ គ្រាន់តែ​ខុសពេល​វេលា និង​ខុស​ទីតាំង​ដែល​ពួកគេ​នឹងត្រូវ​ប៉ះពាល់​។ នេះ​ជា​ទន្លេ​ដ៏​ធំ វា​មាន​ប្រវែង ជាង​៤០០០ គី​ឡួ​ម៉ែត ដែលមាន​មនុស្ស ៣​រយ​លាន​នាក់​រស់នៅ​។​

VOA: តើ​លោក​ដឹងថា​តើ​មនុស្ស​ប៉ុន្មាន​នាក់​នឹងត្រូវ​ប៉ះពាល់​ទាក់ទិន​នឹង​ការប្រែប្រួល​ទឹកទន្លេ​មេគង្គ​ដែរឬទេ​?

John: ខ្ញុំ​មិនដឹង​ទេ​។ បើសិន​ជាមាន​អ្នកណា​ដឹង​ពី​ចំនួន​នេះ ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ណាស់​។ យើង​អាច​មើល​ទៅលើ​ទីតាំង​ជាក់លាក់​មួយ ប៉ុន្តែ​ទោះបីជា​ដូច្នោះ ខ្ញុំ​នៅតែ​មិន​ជឿថា​មាន​អ្នក​អាច​ដឹង​បានឡើយ​។​

VOA: តើ​យើង​អាច​និយាយថា​ប្រហែលជា​មនុស្ស​រាប់លាន​នាក់​ទេ​?

John: ខ្ញុំ​នឹងមិន​ប៉ាន់ស្មាន​ដូច្នោះ​ទេ​។​

VOA: លោក​បានលើកឡើង​អំពី គណកម្មការ​ទន្លេមេគង្គ ឬ​MRC ដូចជា កិច្ចព្រមព្រៀងទ្វេភាគីរ​វាង​ប្រទេស និង​ប្រទេស ប៉ុន្តែ​វា​ហាក់ដូចជា​មិនមាន​ប្រសិទ្ធភាព​ឡើយ​។ ឧទាហរណ៍​៖ ទំនប់​វា​រី​អគ្គិសនី Xayaburi ក៏ដូចជា គម្រោង​បង្វែរ​ទឹក​នៅ​តំបន់​ព្រំដែន​ដោយ​រដ្ឋាភិបាល​ថៃ ដែល​ពួកគេ​ធ្វើ​គម្រោង​នេះ​ឡើង​ដោយ​ខ្លួនឯង​។ តើ​លោក​គិតថា MRC ដំណើរការ​ទៅមុខ​ទេ​ទៅលើ​បញ្ហា​នេះ​?

John: នៅពេលនេះ សេចក្តីសម្រេច​ឯកតោភាគី ក៏ដូចជា កិច្ចព្រមព្រៀងទ្វេភាគី​មួយចំនួន ហាក់ដូចជា កំពុងតែ​ត្រូវបាន​រៀបចំឡើង​ហើយ​។ មុននេះ​កិច្ចព្រមព្រៀង MRC នឹងមាន​ការផ្តល់ ដំណឹង​ជាមុន ហើយ​តម្រូវ​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ផ្សេងៗ​។ ឥឡូវនេះ រដ្ឋាភិបាល​ឡា​វទ​ទួ​ច​ថា ពួកគេ​ត្រូវធ្វើ​ការពិនិត្យ​ពិ​ច្ច័​យ​ផ្សេង​ឡើងវិញ​សិន​។ ហើយក៏​ដូចគ្នា​ដែរ​ជាមួយនឹង​គម្រោង​បង្វែរ​ទឹក​របស់​រដ្ឋាភិបាល​ថៃ​។ ជាមួយនឹង​ទឡ្ហីករណ៍​របស់​ពួកគេ​នាពេល​បច្ចុប្បន្ន​គឺថា មិនចាំបាច់​មានការ​ជូន​ដំណឹង​ផ្លូវការ​ណាមួយ​ទេ​។ ដូចនេះ​ខ្ញុំ​គិតថា មាន​ការយល់​ខុសគ្នា​អំពី​អត្ថន័យ​របស់​កិច្ចព្រមព្រៀង MRC ឬ​គណកម្មការ​ទន្លេមេគង្គ​។ ហើយ​កិច្ចព្រមព្រៀង​ដែល​មិនមាន​អត្ថន័យ​បញ្ជាក់​ច្បាស់ បង្ក​ឲ្យ​មាន​ការយល់​ខុសគ្នា ដោយសារតែ​មិន​ការដាក់ទណ្ឌកម្ម​ជាក់លាក់​ណាមួយ ឬ​ការអនុម័ត​ច្បាប់​ណាមួយ ឬ​សិទ្ធិ​នៅក្នុង​ការបោះឆ្នោត​វេតូ​។ មិនមាន​អង្គភាព​ណាមួយ​ដើម្បី​គ្រប់គ្រង​កិច្ចព្រមព្រៀង MRC ទាំងមូល​ទេ​។​

VOA:​ផ្អែកលើ​ការយល់ដឹង​របស់លោក​អ្នក តើ​អ្វី​ទៅ​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​នេះ​? ហេតុអ្វី​បានជា MRC មិនមាន​ដំណើរការ​ទៅមុខ​ដោយ​រលូន​? តើ​អ្វី​ទៅជា​បញ្ហា​ចោទ​នៅ​ពី​ក្រោយនេះ​?

John: បណ្តា​ប្រ​ទស​នានា​នៅ​ខាងក្រោម​ទន្លេមេគង្គ ពួកគេ​ចង់​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ពួកគេ​។ ពូកគេ​ចង់​ប្រែ​ផ្លាស់​ពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិច​បំផុត​ទៅកាន់​ប្រទេស​អភិវឌ្ឍន៍​ពេញលេញ​មួយ​។​ហើយ ទឹកទន្លេ​មេគង្គ​ត្រូវបាន​យល់ឃើញថា ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​ការសម្រេច​គោលបំណង​នេះ មិន​ថា​ជា​លក្ខណៈ​ឧស្សាហកម្ម ឬ​កសិកម្ម​ក្តី​។ ប៉ុន្តែ​ពិតណាស់ បរិស្ថាន​នៅតែ​ជា​ភាគី​ទាមទារ​សមស្រប​មួយ ក្នុងការ​ប្រើប្រាស់​ទន្លេ​នេះ​ផងដែរ​។ ដូចនេះ ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ពឹង​ផ្អែកលើ​ទន្លេ​នេះ ក៏មាន​សិទ្ធិ​ទាមទារ​មួយ​ផងដែរ​ក្នុងការ​ប្រើប្រាស់​ទឹកទន្លេ​មេគង្គ​។  ប៉ុន្តែ​ជា​អកុសល បរិស្ថាន​មិនទាន់មាន​សំឡេង​ផ្ទាល់ខ្លួន​នាពេលនេះ ឬ​អាច​ថា មាន​សំឡេច​តិចតួច​ណាស់ ជាមួយនឹង​ការវិវត្ត​ផ្សេងៗ​មកទល់ពេលនេះ​។ យើង​ឃើញ​មាន​ប្រយោជន៍​បញ្ច្រាស​គ្នា និង​តម្រូវការ​ផ្ទុយគ្នា​នៃ​បណ្តា​ប្រទេស​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ទន្លេមេគង្គ​។ ប៉ុន្តែ​បរិស្ថាន​ជា​ផ្នែក​មួយ ហើយ​មិនមាន​សំឡេង​ខ្លាំង​ជុំវិញ​ការប្រើប្រាស់​ទន្លេមេគង្គ​។ នៅពេលដែល​យើង​និយាយ​ពី​សិទ្ធិ​នៃ​ទន្លេមេគង្គ បរិស្ថាន​ក៏មាន​សិទ្ធិ​ទៅលើ​ទឹកទន្លេ​នេះ​ផងដែរ​។ ប៉ុន្តែ បរិស្ថាន​មិន​ទទួលបាន​ចំណែក​ច្រើន​នោះទេ​។​

VOA: តើ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ឬ​បណ្តា​ប្រទេស​នៅ​អនុតំបន់​មេគង្គ​គួរពិនិត្យមើល​មេរៀន​ពី​ប្រទេស​ផ្សេងទៀត​ដែរ ឬទេ​?

John: ពិតណាស់​។ ប្រទេស​ដទៃ​ផ្សេងទៀត​បាន​ឆ្លងកាត់​បញ្ហា​នេះ​។ ពួកគេ​បាន​ឆ្លងកាត់​ប្រព័ន្ធ​ទន្លេ​ដែល​មិនមាន​ការកែប្រែ​មួយ​ទៅកាន់​ប្រព័ន្ធ​ទន្លេ​ដែលមាន​ការអភិវឌ្ឍ​ខ្លាំងក្លា​មួយ​។ ហើយ​មាន​មេរៀន​ច្រើនណាស់​ដែល​អាច​រៀន​ពីនេះ​។ អាច​និយាយ​ម្យ៉ាង​ទៀតថា ជា​មេរៀន​ដើម្បី​បញ្ជៀ​ស​កុំ​ឲ្យ​មាន​បញ្ហា​កើតឡើង​តាំងពី​ដើមទី​។ ប៉ុន្តែ វា​មានការ​លំបាក​ណាស់​នៅពេលដែល​អ្នកមាន​ប្រព័ន្ធ​ដែលមាន​ការអភិវឌ្ឍ​ខ្លាំងក្លា​មួយ​។ តើ​អ្នក​អាច​បំបាត់​ទំនប់​វា​រី​អគ្គិសនី​យ៉ាងដូចម្តេច​? តើ​ទំនប់​វា​រី​អគ្គិសនី​នោះ​កំពុង​ជះឥទ្ធិពល​អ្វី​? វា​ពិតជា​លំបាក​ណាស់​។ ដូចនេះ គួរតែ​បញ្ជៀ​ស​បញ្ហា​ផ្សេងៗ​ពី​ដើមទី​។ ពិតណាស់ នៅ​សហរដ្ឋអាមេរិក អឺរ៉ុប អាស៊ី និង​អូស្ត្រាលី មាន​ឧទាហរណ៍​ជាច្រើន ពាក់ព័ន្ធ​នឹង​បញ្ហា​ឆ្លង​ព្រំដែន ដូចជា​បញ្ហា​ទន្លេមេគង្គ​និង​មេរៀន​ជាច្រើន ដែល​ត្រូវ​រៀន ក៏ដូចជា រ​បៀ​បញ្ចៀស​បញ្ហា​ផ្សេងៗ ដែល​អាច​កើតមានឡើង​នៅពេល​អនាគត​។​

VOA: មានការ​អះអាង​ជា ច្រើន​ដែលថា គម្រោង​ធំៗ​មួយចំនួន ដូចជា គម្រោង​បង្វែរ​ទឹកទន្លេ​នៅ​ប្រទេស​ថៃ នៅ​ទន្លេ​លី​យ ក៏ដូចជា ទំនប់​វា​រី​អគ្គិសនី Xayaburi នឹង​ផ្តល់​ផលប្រយោជន៍​ឲ្យ​ដែល​បុគ្គល​អ្នកមាន ឬ​ក្នុង​ក្រុមហ៊ុន​អាជីវកម្ម​ប៉ុណ្ណោះ​។ តើ​លោក​គិត​ដូចម្តេច​ដែរ​ចំពោះ​បញ្ហា​នេះ​?

John: ខ្ញុំ​បាន​ក៏​ធ្លាប់​លឺ​ពី​ការអះអាង​ដូចនេះ​ដែរ គេ​តែង​លើក​បញ្ហា​នេះ​មក​និយាយ​ច្រើន​។ តែ​មកដល់ពេលនេះ យើង​មិនទាន់​បានដឹង​គ្រប់គ្រាន់​ពី​គម្រោង​បង្វែរ​ទឹក​នោះ ដំណាក់កាល​នៃ​ការសាងសង់់​គម្រោង​ដើម្បី​ធ្វើការ​បញ្ជាក់​ឲ្យ​ជាក់លាក់​នៅឡើយ​។ យើង​អាច​និយាយ​ម្យ៉ាង​ទៀតថា មិនទាន់មាន​ព័ត៌មាន​គ្រប់គ្រាន់​នៅក្នុង​ការធ្វើ​សេចក្តីសន្និដ្ឋាន​ដោយ​មិន​លម្អៀង​ណាមួយ​នោះទេ​។ ពី​ទស្សនៈ​វិទ្យាសាស្ត្រ យើង​មិនទាន់មាន​ព័ត៌មាន​គ្រប់គ្រាន់​ដើម្បី​និយាយថា អ្នកណា​នឹង​ទទួលបាន​ផលប្រយោជន៍ ហើយ​អ្នកណា​មិន​ទទួល​។ វា​នឹង​អាចជួយ​ច្រើន ប្រសិនបើ​យើង​មានការ​វាយតម្លៃ​បែប​វិទ្យាសាស្ត្រ​ណាមួយ​។ ការទទួលបាន​ព័ត៌មាន​នោះ នឹង​អាចជួយ​បាន​ច្រើន​។

VOA: សំណួរ​ចុងក្រោយ គឺថា លោក​បានលើកឡើង​ពី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ពីអ្វី​ដែល​រដ្ឋ​ភិ​បាល ឬ​បណ្តា​ប្រទេស​នៅ​អនុតំបន់​មេគង្គ​គួរ​អនុវត្ត​។ តើ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​នោះ​មាន​អ្វីខ្លះ​?

John: វា​មិនមែនជា​អ្វីដែល​ពួកគេ​គួរ​ធ្វើ​ទេ​។ វា​ជា​បទពិសោធន៍​មួយ ដែល​យើង​បាន​ឃើញថា មានជោគ​ជ័យ​នៅ​ប្រទេស​ដទៃទៀត​។ ខ្ញុំ​ចង់​និយាយថា ប្រសិនបើ​អ្នកនឹង​ចម្លង​ប្រទេស​ណាមួយ ឬ​ប្រើ​ព័ត៌មាន​ពី​ប្រទេស​ដទៃ វា​ជាការ​ប្រសើរ​នៅក្នុង​ការពិនិត្យ​មើលថា អ្វី​តើ​ដែលមាន​ដំណើរការ​ទៅ​ល្អ ហើយ​គួរ​អនុវត្តតាម​នៅក្នុង​តំបន់​នោះ និង​ជៀសវាង​អ្វីដែល​មិន​ដំណើរការ​។ ដូចនេះ​យើង​មិនត្រូវ​និយាយថា គួរ​ឬ​មិនគួរ​នោះទេ​។ ខ្ញុំ​ចង់​និយាយថា​មើលទៅ​ភស្តុតាង​ដែលមាន​ជុំវិញ ហើយ​ប្រើ​ភស្តុតាង​នោះ នៅក្នុង​បែបផែន​ដ៏​ល្អប្រសើរ​បំផុត​។​

VOA: បាទ​! សូម​អរគុណ លោក John Ward! លោក John Ward គឺជា​សេដ្ឋវិទូ​ផ្នែក​អេកូ​ឡួ​ស៊ី​នៃ​វិទ្យាស្ថាន​អនាគត​តំបន់​ទន្លេ​មគ​ង្គ​។ សូម​អរគុណ លោក​!
John: បាទ​! អរគុណ​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com