ជាតិ
សេដ្ឋកិច្ច
ADB ផ្តល់​កម្ចី​៣០​លាន​ដុល្លារ ឲ្យ​កម្ពុជា​ពង្រឹង​ប្រសិទ្ធភាព​សេវាសាធារណៈ
20, Oct 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារអភិវឌ្ឍន៍អាស៊ី​ហៅ​កាត់​ថា ADB  បាន​ទម្លាក់​កម្ចី​ជា​ថវិកា​ចំនួន​៣០​លាន​ដុល្លារ ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការបង្កើន​ស័ក្តិសិទ្ធិ​ភាព និង​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវាសាធារណៈ និង​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​។



​ការចុះហត្ថលេខា​ទទួល និង​ផ្តល់​កម្ចី​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៦ ខែតុលា​កន្លងទៅ ក្រោម​វត្តមាន​របស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី ណូរី​កូ អូ​ហ្គា​វា​(Noriko Ogawa) អគ្គនាយករង​នៃ​នាយកដ្ឋាន​អាស៊ីអាគ្នេយ៍​របស់ ADB​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ADB ចេញផ្សាយ​នៅ​ថ្ង​ស​ទី​២០ ខែតុលា កម្ចី​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​អនុ​កម្មវិធី​ទី ១ នៃ​កម្មវិធី​ពង្រឹង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (SPFMP) ដែល​គាំទ្រ​ដល់​ការអនុវត្ត​ដំណាក់កាល​ទី ៣ នៃ​កម្មវិធី​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បែង​ចែកជា ៤ ដំណាក់កាល​។​

​លោក Samiuela Tukuafu នាយក ADB ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា កម្មវិធី​នេះ នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​នៃ​សេវាសាធារណៈ​នៅ​កម្ពុជា រាប់ទាំង​សេវា​សម្រាប់​ក្រុម​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ​ផង តាមរយៈ​ការពង្រឹង​ការគ្រប់គ្រង​ចំណាយ និង​ចំណូល​សាធារណៈ និង​ការផ្សារភ្ជាប់​ថវិកា​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ គោលនយោបាយ​អភិវឌ្ឍ​ន៍​របស់​រដ្ឋាភិបាល​។

​បើតាម លោក Samiuela Tukuafu ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ល្អប្រសើរ​ជាង​មុន នឹងធ្វើ​ឲ្យ​ថវិកា​របស់​រដ្ឋាភិបាល​កើនឡើង ក៏ដូចជា​ជួយ​ឲ្យ​មានការ​វិភាជន៍​ធនធាន​ថវិកា​កាន់​តែមាន​ប្រសិទ្ធភាព សំដៅ​លើកកម្ពស់​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន និង​កាត់បន្ថយ​ភាពក្រីក្រ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បាន​ឲ្យ​ដឹងថា កម្មវិធី SPFMP មាន​គោលបំណង​បង្កើន​ប្រសិទ្ធភាព ស័ក្តិសិទ្ធិ​ភាព និង​គណនេយ្យភាព​នៃ​ការគ្រប់គ្រង​ចំណាយ និង​ចំណូល​សាធារណៈ តាម​បែបផែន​ចំនួន​៣ ។ វា​នឹងមាន​ការពង្រឹង​ក្របខណ្ឌ​គោលនយោបាយ និង​គតិយុត្តិ សម្រាប់​ការគ្រប់គ្រង​ចំណាយ និង​ចំណូល ក្រោម​ការដឹកនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ  វត្ថុ​។ សមត្ថភាព​របស់​ក្រសួង​ពាក់ព័ន្ធ ក៏​នឹងត្រូវ​បង្កើន​ផងដែរ ដើម្បី​អនុវត្ត​សកម្មភាព​កែទម្រង់​ការរៀបចំ​ថវិកា និង​ការគ្រប់គ្រង​ចំណាយ​។ ចុងក្រោយ នឹងមាន​ការបង្កើន​ស​ម​ត្ថ​ភាព​របស់​អាជ្ញាធ​រ​សវនកម្ម​ជាតិ ក្នុងការ​បំពេញ​មុខងា​រ​សវនកម្ម​ខាងក្រៅ​។​

​កម្មវិធី​នេះ នឹង​ជួយ​ពង្រឹង​បន្ថែមទៀត​នូវ​ការគាំទ្រ​ដែល ADB បានផ្តល់​កន្លង​មកដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អាជ្ញាធរ​សវនកម្ម​ជាតិ និង ៣ ដែល​ធ្វើ​ការងារ​ខាង​ការអភិវឌ្ឍ​ជនបទ ក៏ដូចជា​ពង្រីក​ការគាំទ្រ​ដល់​ក្រសួង​អាទិភាព​ចំនួន ៣ ក្រសួង​ចំនួន ទៀត គឺ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជាដើម​៕


Tag:
 ADB
  ​សេវាសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com