ជាតិ
សេដ្ឋកិច្ច
ថវិកាជាតិ២០១៧៖ រដ្ឋាភិបាលបង្កើនការចំណាយដល់ជាង៥ពាន់លានដុល្លារ គណៈរដ្ឋមន្ត្រីកំពុងប្រជុំអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧, រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុន សែន
× រដ្ឋាភិបាលបានសម្រេចបង្កើនការចំណាយថវិកាជាតិសម្រាប់ឆ្នាំ២០១៧ ដល់ទៅ ៥.០៤៦ លានដុល្លារ កើនឡើងចំនួន១៥,៦ ភាគរយ ធៀបនឹងថវិកាឆ្នាំ២០១៦ ។ ថវិកាជាតិឆ្នាំ២០១៧ ផ្តោតលើការចំណាយបុគ្គលិក វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ វិស័យសេដ្ឋកិច្ច និងវិស័យសង្គមកិច្ច។
រដ្ឋាភិបាលកម្ពុជា បានពិភាក្សា និងអនុម័តរួចហើយ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី២១ ខែតុលា នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សេចក្តីព្រាងច្បាប់នេះ មាន៦ជំពួក និង១៥មាត្រា។
បើយោងតាមសេចក្តីព្រាងច្បាប់ដែលទើបអនុម័តនេះ ថវិកាជាតិឆ្នាំ២០១៧ ត្រូវបានគ្រោងក្នុងទឹកប្រាក់ ២០១.៨៤៤.៥៧ លានរៀល ស្មើប្រមាណ ៥.០៤៦ លានដុល្លារ ស្មើ ២២,៦៧ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ផ.ស) ។ គម្រោងចំណាយនេះ មានកំណើន ១៥,៦ ភាគរយ ធៀបនឹងថវិកាឆ្នាំ២០១៦ ។
ចំណាយចរន្តថវិកាជាតិឆ្នាំ២០១៧ មានទិសដៅកំណត់ចំណាយចរន្តឲ្យស្ថិតនៅកម្រិតចំនួន១៣.០៥០.៦៨៦ លានរៀល (៣២៦៣,៦៧លានដុល្លារ) ត្រូវជា១៤,៦៦ភាគរយ នៃផ.ផ.ស កើនចំនួន១៧ភាគរយ ធៀបនឹងឆ្នាំ២០១៦ ដែលក្នុងនោះមាន៖
ទី១. ចំណាយលើបន្ទុកបុគ្គលិករួមមាន៖ បៀវត្សរ៍មានជាអាទិ៍មូលដ្ឋានប្រាក់បំណាច់មុខងារ ប្រាក់ឧបត្ថម្ភ និវត្តជន លាភការ និងរង្វាន់ផ្សេងៗ សម្រាប់បុគ្គលោក ក្របខណ្ឌអចិន្ត្រៃយ៍ មន្ត្រីជាប់កិច្ចសន្យា ត្រូបានគ្រោងចំនួន ៦.៨០៤.០៥៩លានរៀល(១៧០១លានដុល្លារ) កើនចំនួន២០,៧ភាគរយ ធៀបនឹងថវិការឆ្នាំ២០១៦ ។
ទី២. វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានគ្រោងចំនួន៣.៣៣៨.៤០០ លានរៀល(៨៣៤,៦លានដុល្លារ) ស្មើនឹង ២៥,៦ ភាគរយ នៃចំណាយចរន្តថវិកាជាតិ ស្មើនឹង ៣,៧៥ ភាគរយនៃ ផ.ផ.ស កើន ២០,៤ ភាគរយ ធៀបនឹងថវិកាឆ្នាំ២០១៦ ។
ទី៣. វិស័យសេដ្ឋកិច្ច ត្រូវបានគ្រោងចំនួន ១.៣០៦.៣៦៧លានរៀល (៣២៦.៥៩លានដុល្លារ) មានសមាមាត្រស្មើនឹង ១០ ភាគរយនៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា ១,៤៧ ភាគរយ នៃផ.ផ.ស មានកំណើន ១៣,១ ភាគរយ ធៀបនឹងថវិកាឆ្នាំ២០១៦ ។
ទី៤. វិស័យសង្គមកិច្ច ត្រូវបានគ្រោងចំនួន ៤.៨៣៦.៤៩៨លានរៀល (១២០៩,១២លានដុល្លារ) មានសមាមាត្រស្មើនឹង៣៧,១ ភាគរយ នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា ៥,៤៣ ភាគរយ នៃផ.ផ.ស មានកំណើន ១២,៧ ភាគរយ ធៀបនឹងថវិកាឆ្នាំ២០១៦ ៕
© រក្សាសិទ្ធិដោយ thmeythmey.com