កីឡាជាតិ
ជាតិ
កម្ពុជា​ឡើងទៅ​ជួប​មី​យ៉ាន់​ម៉ា វៀតណាម និង​ម៉ាឡេស៊ី ខណៈ​ឡាវ​ធ្លាក់​នៅ​វគ្គ​ជម្រុះ​ជា​លើកដំបូង​
21, Oct 2016 , 8:32 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ឈានទៅ​កាន់​ជុំ​ចុងក្រោយ​នៃ​ពានរង្វាន់ AFF Suzuki Cup ដោយ​ទទួលបាន​ពិន្ទុ​លើសគេ​ដោយឈ្នះទាំង៣ប្រកួត​នា​ការប្រកួត​ជម្រុះ​នៅលើ​ទឹកដី​របស់ខ្លួន​។ សម្រាប់​ជំនួប​ចុងក្រោយ​នា​ល្ងាច​នេះ កម្ពុជា​បានឈ្នះ​ទី​ម័​រ​ខាងកើត ៣-២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ឡាវ យកឈ្នះ​ព្រុយ​ណេ ៤-៣ នៅ​កីឡដ្ឋាន RSN​។​




​ការប្រកួត​ដំណើរការបាន​ត្រឹម​២​នាទី ខ្សែបម្រើ ទិ​ត្យ ឌី​ណា បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​ឲ្យ​កម្ពុជា ហើយ​ឈានដល់​នាទី ទី​១៧ ខ្សែបម្រើ ឈិន ឈឿន បាន​បញ្ជូន​បាល់​ឲ្យ​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា រក​គ្រាប់​នាំមុខ ២-០ លើ​ក្រុម​ភ្ញៀវ​ទី​ម័​រ​ខាងកើត​។

​នៅ​នាទី ទី​២០ ខ្សែការពារ សឿ​យ វិសាល បានធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ Rufino Walter Gama ដួល​នៅ​តំបន់​គ្រោះថ្នាក់ ហើយ​ប្រធាន​ក្រុម Anggisu Correla De Almeida Barbosa បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​វាយបក​តាម​ពីក្រោយ ២-១ សម្រាប់​ទី​ម័​រ​ខាងកើត​។ នៅ​នាទី​៣៦ Gama បាន​បញ្ជូន​ឲ្យ Nelson Sarmento Viegas ដើម្បី​សម្រេច​លទ្ធផល​ស្មើ ២-២ ។​

​ក្នុងការ​ប្រកួត​៤៥​នាទី​ដំបូង ចាន់ វឌ្ឍនាកា មានឱកាស​ជាច្រើន​ក្នុងការ​សម្រេច​ផល​សម្រាប់​កម្ពុជា ក្នុងនោះ មាន​ទាំង​ការ​ស៊ុត​ប៉ះរ​បាទី និង​ការ​ទាត់​ចូល​ទី​ក្នុង​ជំហរ​ក្រៅ​ល្បែង​ផងដែរ​។ រង់ចាំ​ដល់​នាទី​៧៨ ទើប​វឌ្ឍនាកា សម្រេច​ផល​បាន​យ៉ាង​ជោគជ័យ ដែល​នាំ​ឲ្យ​កម្ពុជា​នាំមុខ ៣-២ វិញ​។​

​នៅ​កីឡដ្ឋាន RSN Adi Said បាន​នាំ​ឲ្យ​ព្រុយ​ណេ​នាំមុខ​ឡាវ ១-០ ហើយ Souk Aphone Vongchiengkham បាន​វាយបក​តាម​ស្មើ ១-១ ។ នៅ​ដើមតង់​ទី​ពីរ Phatthana Syvilay បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ដើម្បី​ឲ្យ​ឡាវ នាំមុខ​ព្រុយ​ណេ ២-១ វិញ ហើយ Syvilay ដដែល បានតែ​តបាល់​បញ្ចូល​ទី​១​គ្រាប់​ទៀត ដើម្បី​បង្កើន​ការនាំ​មុខ ៣-១ ។​

​ឈានដល់​នាទី​៦៧ Faiq Jefri Bolkiah ដែលជា​ក្មួយប្រុស​បង្កើត​របស់​ព្រះ​ចៅ​ស៊ុ​ល​តង់​ព្រុយ​ណេ​ផង​ដែរនោះ បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​សម្រាប់​ព្រុយ​ណេ តាម​ពីក្រោយ​ឡាវ ៣-២ ។ Syvilay បន្ថែម​គ្រាប់​ទី​៣​របស់ខ្លួន​នៅ​នាទី​៧៦ ដែល​នាំ​ឲ្យ​ឡាវ​នាំមុខ​ព្រុយ​ណេ ៤-២ ។​ នៅចុងតង់ ព្រុយណេ វាយបក១គ្រាប់វិញ នាំឲ្យការប្រកួត​បញ្ចប់ក្នុងលទ្ធផល ៤-៣។


​សម្រាប់​ឡាវ បើទោះបីជា​ពួកគេ​ឈ្នះ​ព្រុយ​ណេ ៤-៣ ក៏ដោយ ប៉ុន្តែ​ពួកគេ​បាន​ខក​ឱកាស​ក្នុង​ការឈាន​ទៅកាន់​វគ្គ​បន្ត ដោយសារតែ​ពិន្ទុ​របស់​ពួកគេ​ចាញ់​កម្ពុជា ពោលគឺពួក​គេមាន​តែ​៦ពិន្ទុ​​។ នេះ​ជាការខក​ខាន​ឱកាសលើក​ដំបូង​បំផុត​របស់ឡាវ​​ក្នុង​ឈានទៅ​កាន់​វគ្គ​បន្តបើគិត​ចាប់តាំងពី​ឆ្នាំ​១៩៩៦មក​ ខណៈ​កម្ពុជា​មានឱកាស​ឡើងទៅ​ជួប​ក្រុម​ខ្លាំងៗ​សារជាថ្មី បន្ទាប់ពី​ខកខាន​តាំងពី​ឆ្នាំ​២០០៨ មក​។​

​កម្ពុជា​ដែល​រកបាន​៩ពិន្ទុ ត្រូវ​ឡើងទៅ​ប៉ះ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​វៀតណាម នៅក្នុង​ពូ​ល B នៃ​វគ្គ​ចាប់​ពូ​ល​។​

​ជម្រើស​របស់​កម្ពុជា​៖ អ៊ុំ សេរី​រ័ត្ន (​ប្រធាន​ក្រុម​) , សឿ​យ វិ​សាយ​, សំអឿន ពិដោរ​, ណុប តុលា​, សុខ សុវណ្ណ​, ឈិន ឈឿន​, ទិ​ត្យ ឌី​ណា (​សុះ ស៊ូ​ហា​ណា ៧១), ច្រឹង ពលរដ្ឋ​, ប្រាក់ មុន្នី​ឧត្ដម (​ប៊ិន ធា​រី ៨៦), កែវ សុខ​ផេង , ចាន់ វឌ្ឍនាកា (​ឃួន ឡា​បូ​រ៉ាវី ៨០)​។​


Tag:
 បាល់ទាត់
  ជម្រើសជាតិកម្ពុជា
  AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com